ប្រសិនបើសហរដ្ឋអាមេរិកបន្តប្រកាសនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ នោះស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចនឹងប្រសើរឡើងវិញ ហើយតម្លៃមាសក៏នឹងស្រុតចុះមកវិញផងដែរ ។ អ្នកវិភាគបានឲ្យដឹងថា សព្វថ្ងៃនេះតម្លៃមាសកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទនឹង គោលនយោបាយពាណិជ្ជកម្ម និងបញ្ហាពន្ធបដិការដែលកំណត់ដោយសហរដ្ឋអាមេរិក ពីព្រោះបញ្ហានេះវាទាក់ទងនឹងសេដ្ឋកិច្ចពិភពលោកផងដែរ ។…
ប្រសិនបើសហរដ្ឋអាមេរិកបន្តប្រកាសនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ នោះស្ថានភាពសេដ្ឋកិច្ចពិភពលោកអាចនឹងប្រសើរឡើងវិញ ហើយតម្លៃមាសក៏នឹងស្រុតចុះមកវិញផងដែរ ។
អ្នកវិភាគបានឲ្យដឹងថា សព្វថ្ងៃនេះតម្លៃមាសកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទនឹង គោលនយោបាយពាណិជ្ជកម្ម និងបញ្ហាពន្ធបដិការដែលកំណត់ដោយសហរដ្ឋអាមេរិក ពីព្រោះបញ្ហានេះវាទាក់ទងនឹងសេដ្ឋកិច្ចពិភពលោកផងដែរ ។ ជាក់ស្តែង គ្រាន់តែសហរដ្ឋអាមេរិកប្រកាសបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចក្រភពអង់គ្លេសភ្លាមនោះតម្លៃមាសស្រុតចុះជាង១ភាគរយភ្លាមៗ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសបានបន្តការខាតបង់ និងបានធ្លាក់ចុះជាង១ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដោយបង្កើនក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសដទៃទៀត ជាពិសេសចិន ដែលនៅពេលនេះអាមេរិកដាក់ពន្ធ១៤៥ភាគរយ ហើយចិនដាក់ពន្ធលើអាមេរិកវិញដល់ទៅ១២៥ភាគរយ ។
តម្លៃមាស នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់៣.៩៦៩ដុល្លារនៅក្នុងមួយតម្លឹង ហើយគេបានព្យាករណ៍ថា នឹងបន្តចុះថែមទៀតបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមានពន្លឺជាបន្តបន្ទាប់ ។
នៅពេលនេះ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀ ស្តាមម័រ ( Keir Starmer) បានប្រកាស «កិច្ចព្រមព្រៀង» លើពាណិជ្ជកម្មដោយរក្សាពន្ធបដិការ១០ភាគរយលើទំនិញដែលនាំចូលពីចក្រភពអង់គ្លេសនៅដដែល ខណៈពេលដែលចក្រភពអង់គ្លេសបានយល់ព្រមបញ្ចុះពន្ធរបស់ខ្លួនពី៥,១ ភាគរយ មកត្រឹម១,៨ភាគរយ និងផ្តល់លទ្ធភាពកាន់តែច្រើនដល់ទំនិញរបស់សហរដ្ឋអាមេរិក ។

មកដល់ពេលនេះ អង់គ្លេស គឺជាប្រទេសដំបូងគេហើយដែលសហរដ្ឋអាមេរិកបានប្រកាសដាក់ពន្ធបដិការជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈមក ។
លោក បប ហាប័កន (Bob Haberkorn ) អ្នកយុទ្ធសាស្ត្រទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនវិភាគ RJO Futures បាននិយាយថា ប្រសិនបើយើងសហរដ្ឋអាមេរិក និងចិន អាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយដែលនោះប្រហែលជាតម្លៃមាសអាចនឹងបន្តស្រកចុះរហូតដល់កម្រិតត្រឹមតែ៣.៨៤០ដុល្លារទេ នៅក្នុងមួយតម្លឹង ឬច្រើនជាងនេះ ។
សូមរង់ចាំតាមដានបន្ត ពីព្រោះថា នៅចុងសប្តាហ៍នេះ ក្រោយពេលដែលសហរដ្ឋអាមេរិក បោះដៃជាបន្តបន្ទាប់ទៅឲ្យចិន លោក ស្កុត ប៊ីសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងលោក ជេមីសុន ហ្គ្រី (Jamieson Greer) គ្រោងនឹងជួបជាមួយមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន នៅថ្ងៃសៅរ៍ នៅប្រទេសស្វីស ។

ក្រៅពីតម្លៃមាសតម្លៃប្រាក់នៅពេលនេះ បានស្រុតចុះបន្តិចមកនៅត្រឹមជិត៣៩ដុល្លារនៅក្នុងមួយតម្លឹង តែប្លាទីនវិញបានឡើងថ្លៃបន្តិច គឺដល់១.១៧៨ ដុល្លារនៅក្នុងមួយតម្លឹង ។
កាលពីថ្ងៃទី០៨ ខែឧសភាកន្លងទៅ នៅកម្ពុជាតម្លៃមាស គឺសម្រាប់មាសដុំ គេលក់ចេញ នៅក្នុងរង្វង់៤.០៧០ ដុល្លារនៅក្នុងមួយតម្លឹង រីឯមាសគីឡូប្រមាណជា៤.០៤០ដុល្លារ នៅក្នុងមួយតម្លឹង មាសទឹក៧៥ គឺ៣.០៥០ ដុល្លារនៅក្នុងមួយតម្លឹង ។ អ្នកលក់មាសនៅក្នុងស្រុកបានលើកឡើងថា តម្លៃមាសនៅកម្ពុជាមិនសូវប្រែប្រួលខុសពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិប៉ុន្មានឡើយ ៕
ចែករំលែកព័តមាននេះ