ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣​ថ្ងៃ ​នគរបាល​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​ជនសង្ស័យ​៣២​នាក់ ​យក​មក​បង្ហាញមុខ​នៅ​ព្រឹក​នេះ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រព្រឹត្តបទល្មើស លួច ឆក់ បង្ក​ហិង្សា​ គំរាមកំហែង​ ​បន្លំ​ឯកសារ​ ​រំលោភ​លើ​ទំនុកចិត្ត​ ​ជួញដូរ​មនុស្ស…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រព្រឹត្តបទល្មើស លួច ឆក់ បង្ក​ហិង្សា​ គំរាមកំហែង​ ​បន្លំ​ឯកសារ​ ​រំលោភ​លើ​ទំនុកចិត្ត​ ​ជួញដូរ​មនុស្ស ​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ​ចំនួន​៣២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​នៅ​តាម​បណ្ដា​ខណ្ឌ​នានា​ ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ ហើយ​យក​ទៅ​បង្ហាញ​មុខជា​សាធារណៈ ​រួម​គ្នា ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០២៥នេះ​ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជ​របស់​លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែនការ​ងារ​ព្រហ្មទណ្ឌ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​សហការ​ជាមួយ​នគរបាល​នៅ​តាម​បណ្ដាល​ខណ្ឌនានា ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ជា​បន្តបន្ទាប់ ​។

តាម​របាយការណ៍ ​នៃ​ការ​បង្ហាញមុខ​ជនសង្ស័យ​ នៅ​ថ្ងៃ​ទី​២៨ ​ខែមេសា​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ក្នុង រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា​ ឆ្នាំ​២០២៥ ​ជា​លទ្ធផល​បង្ក្រាប​បាន​សរុប​១៣​ករណី ​ដោយឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២៧​នាក់ ​ក្នុង​នោះ​ស្រី​៣​នាក់ ​និង​ជនជាតិ​បរទេស ​ចំនួន​២​នាក់ ​(​ជនជាតិ​ចិន​១​នាក់ ​ជនជាតិ​ស៊ុ​យ​អ៊ែ​ត​១​នាក់​)​។ ​នៅ​ក្នុង​នោះ ​មាន​ករណី លួច ឆក់ បង្ក​ហិង្សា​ គំរាមកំហែង​ បន្លំ​ឯកសារ​ ​រំលោភ​លើ​ទំនុកចិត្ត​ ​ជួញដូរ​មនុស្ស​ និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ ។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ ចំនួន​ទាំង​២៧នាក់ ​នៅ​ក្នុង​នោះ​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​៣​ករណី ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១០​នាក់​។​ ក្នុង​នោះ​ ​ករណី​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​២​ករណី ឃាតខ្លួន​បាន​ចំនួន​៦​នាក់ ​និង​ករណី​លក់ដូរ​មនុស្ស ​ចាប់​ឃុំឃាំង ​និង​បង្ខាំង​ខុសច្បាប់​១​ករណី​ អត់​ខ្លួន​បាន​ចំនួន ៤​នាក់​។ ​នគរបាល​ខណ្ឌឫស្សីកែវ ​បង្ក្រាប​បាន​១​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ស្រី ៣​នាក់​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ និង​រំលោភ​លើ​ទំនុកចិត្ត ​ដោយ​យក​ប្រាក់​ធ្វើ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្លែងក្លាយ​។ ​នគរបាល​ខណ្ឌទួលគោក ​បង្ក្រាប​បាន​៣​ករណី​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៤​នាក់​ ករណី​លួច​ និង​ករណី​ឆក់​។ ​នគរបាល​ខណ្ឌ​៧​មក​រា ​បង្ក្រាប​បាន​២​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ គំរាមកំហែង​ និង​សម្លាប់​ ដោយ​កកូន​កាំបិត​ចង់​ស្រួច​ដេញ​ចាក់​មក​លើ​ជន​រង​គ្រោះ​។​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បង្ក្រាប​បាន​២​ករណី ​ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់​ លួច​ម៉ូតូ ​និង​លួច​កុំព្យូទ័រ ​និង​នគរបាល​ខណ្ឌចំការមន ​បង្ក្រាប​បាន​២​ករណី ​ឃាត់ខ្លួន​បាន​២​នាក់​ គី​ជនជាតិ​បរទេស​ (​ជនជាតិ​ចិន​លួច​យក​ម៉ូតូ​កង់​៣ ​និង​ជនជាតិ​ស៊ុ​យ​អ៊ែ​ត​លួច​ម៉ូតូ​) ​។

ដោយឡែក​ជនសង្ស័យ​ចំនួន ៥​នាក់​ទៀត ​សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់​ថា ជា​ករណី​អ្វី​ពិតប្រាកដ​នោះ​ឡើយ ​ដោយ​ដាក់​បញ្ចូល​បង្ហាញមុខ​រួម​គ្នា​នៅ​នៅ​ព្រឹក​នេះ​ដែរ​សរុប​ទាំងអស់​៣២​នាក់​ ។

ជនសង្ស័យ​ទាំង​៣២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​និង​នគរបាល​នៅ​តាម​បណ្ដា​ខណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ