ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំគិតថាលោកហ្សេឡិនស្គីហាក់ដូចជាទទួលស្គាល់ថាតំបន់គ្រីម៉េបានបាត់បង់ទៅខាងរុស្ស៊ីហើយ ហើយគាត់ក៏ត្រៀមខ្លួនទទួលយកការពិតនេះផងដែរ។ នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាព។ ដូច្នេះទោះបីលោកហ្សេឡិនស្គីប្រកាសបដិសេធសំណើនេះពីដំបូងដៃ ប៉ុន្តែគាត់ក៏ទើបតែប្រកាសទទួលស្គាល់ផងដែរថាអ៊ុយក្រែនគ្មានសមត្ថភាពដើម្បីវាយដណ្ដើមយកតំបន់គ្រីម៉េត្រឡប់មកវិញដោយកម្លាំងយោធាទេ។
នៅពេលអ្នកសារព័ត៌មានសាកសួរថាតើលោកហ្សេឡិនស្គីត្រៀមខ្លួនប្រគល់តំបន់គ្រីម៉េទៅឱ្យរុស្ស៊ីដែរឬទេ? លោកត្រាំឆ្លើយតបថា «លោកគិតថាលោកហ្សេឡិនស្គីនឹងយល់ព្រមត្រង់ចំណុចនេះ»។ លោកត្រាំក៏ជំរុញឱ្យលោកពូទីនឈប់ផ្ទុះអាវុធ និងងាកមករកតុចរចាដើម្បីបញ្ចប់សង្គ្រាម។ ក្រោយពេលលោកត្រាំនិយាយដូច្នេះ រុស្ស៊ីវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំង។
ប៉ុន្តែលោកនៅតែមានជំនឿថាសង្គ្រាមនឹងស្ងប់ស្ងាត់ទៅវិញនៅក្នុងរយៈពេល២សប្ដាហ៍ទៀត។ លោកថ្លែងដូច្នេះបន្ទាប់ពីវិលត្រឡប់ពីគោរពវិញ្ញាណក្ខន្ធសម្ដេចសង្ឃនៅបុរីវ៉ាទីកង់ និងបន្ទាប់ពីគាត់ទើបតែជួបសំណេះសំណាលជាមួយប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ លោកចាត់ទុកថាកិច្ចជំនួបនោះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ។ មានន័យថាមិនប្រកែកគ្នាដូចនៅសេតវិមានទេ។ លោកថ្លែងថាលោកហ្សេឡិនស្គីឥឡូវនេះមានភាពស្រគត់ស្រគំជាងមុន។
អ៊ុយក្រែនធ្លាប់បានប្រកែកជាច្រើនដងហើយថាខ្លួនមិនព្រមប្រគល់ទឹកដីទៅឱ្យរុស្ស៊ីទេ។ អ៊ុយក្រែនសង្កត់ធ្ងន់ថាបញ្ហានេះគួរណាស់រង់ចាំរហូតដល់មានបទឈប់បាញ់ជាមុនសិនចាំយកមកជជែកគ្នាជាបន្តទៀត។ ក្រោយពេលលោកត្រាំនិយាយលើកចុងក្រោយនេះ ទាំងលោកហ្សេឡិនស្គី និងលោកពូទីនមិនទាន់បញ្ចេញប្រតិកម្ម ឬធ្វើអត្ថាធិប្បាយតបនៅឡើយទេ។
ប៉ុន្តែអឺរ៉ុបចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបណ្ដើរៗហើយ។ កាលពីយប់មិញ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថ្លែងថាអ៊ុយក្រែនមិនគួរយល់ព្រមតាមសំណើកាត់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងបទឈប់បាញ់ទេ។ រដ្ឋមន្ត្រីរូបនេះយល់ថាអ៊ុយក្រែនដឹងថាទាល់តែកាត់ទឹកដីខ្លះទើបអាចឈានដល់បទឈប់បាញ់។ ប៉ុន្តែពួកគេមិនគួរធ្វើអ្វីដែលហួសពីព្រំដែនកំណត់ពេកទេ។
លោកត្រាំថ្លែងកាលពីសប្ដាហ៍មុនថាភាគីទាំង២បានឯកភាពតាមចំណុចមួយភាគធំនៃសំណើបទឈប់បាញ់នោះហើយ។ ប្រភពខ្លះថានៅក្នុងសំណើនោះក៏មាននិយាយពីការកាត់ទឹកដីអ៊ុយក្រែនមួយភាគធំទៅឱ្យរុស្ស៊ីរួមទាំងតំបន់គ្រីម៉េផងដែរ។ អាមេរិកយល់ព្រមទទួលស្គាល់ថាតំបន់គ្រីម៉េជាទឹកដីរុស្ស៊ីដោយស្របច្បាប់ និងទទួលស្គាល់ទឹកដីអ៊ុយក្រែនដទៃទៀតដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់នៅតំបន់លូហាន និងភាគខាងកើត ដែលសរុបស្មើនឹង២០%នៃប្រទេសអ៊ុយក្រែនទាំងមូល។
ទន្ទឹមនឹងនោះ អ៊ុយក្រែន និងអឺរ៉ុបក៏បានប្រឆាំងជំទាស់នឹងចំណុចនេះ។ ភាគីទាំង២យល់ថាគួរណាស់មានបទឈប់បាញ់ជាមុនសិនចាំនិយាយគ្នាអំពីបញ្ហានេះ។ នៅក្នុងសំណើនោះ អាមេរិកក៏មិនទទួលយកអ៊ុយក្រែនជាសមាជិកអង្គការណាតូដែរ។ អាមេរិកយល់ថាបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអង់គ្លេស និងអឺរ៉ុបអាចបញ្ជូនកងទ័ពថែរក្សាសន្តិភាពទៅអ៊ុយក្រែនគឺគ្រប់គ្រាន់ហើយ។ ដូច្នេះអាមេរិកមិនចាំបាច់ពាក់ព័ន្ធនឹងការការពារសន្តិសុខជាតិអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ប្រភពពីប៊ីប៊ីស៊ី (BBC) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ