រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង នៅបុរី ឡាយ គង់ ក្បែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះផ្សែងហ៊ុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍ ។
អគ្គិភ័យនេះបានកើតឡើងវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះលេខ១០ C3 Eo សង្កាត់ច្រាំងចំរេះទី២ សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល ហើយភ្លើងពុំបណ្ដាលឲ្យឆេះរាលដាលទៅដល់លំនៅឋាន នៅក្បែរខាងនោះឡើយ។
តាមនគរបាលបានឲ្យដឹងទៀតថា ផ្ទះល្វែងធ្វើអំពីថ្មបេតុងទំហំ (៥ម៉ែត្រ x ១៨ម៉ែត្រ) ត្រូវភ្លើងឆេះរងការខូចខាតសម្ភារៈមួយចំនួនតែបន្តិចបន្តួចតែប៉ុណ្ណោះ ។ អគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕






ចែករំលែកព័តមាននេះ