រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានការរួមដំណើរពីមន្ត្រីរដ្ឋបាលរាជធានី និងអាជ្ញាធរខណ្ឌដូនពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៧ មេសា ២០២៥ បានចុះពិនិត្យវឌ្ឍនភាព និងដើរលេងកម្សាន្ត លើផ្លូវថ្មើរជើង (Walk Street) ខណៈផ្លូវនេះកំពុងពេញនិយម និងបានធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជា «ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី» ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៧ មេសា ក៏មានការរៀបចំឱ្យមានល្ខោនបាសាក់សម្តែងឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តផងដែរ ។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា សម្រាប់សប្តាហ៍មុននេះ ក្រៅបណ្តាល័យចល័ត ដែលមានស្រាប់ហើយ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានបណ្ណាល័យចល័តមួយកន្លែងបន្ថែម នៅខាងជើងបរមរាជរាំង។ បើគិតមកដល់ពេលនេះ បណ្ណាល័យចល័ត នៅលើផ្លូវថ្មើរជើង (Walk Street) មានចំនួន៣កន្លែងហើយ ។
គួររំលឹកថា តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះ ការលក់ដូរម្ហូបអាហារ ក៏មានការផ្លាស់ប្តូរ និងកើនឡើងផងដែរ ។
ដោយសារតែផ្លូវថ្មើរជើង (Walk Street)នេះហើយ បានធ្វើឱ្យរាជធានីភ្នំពេញរបស់យើង ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ដែលបានផ្សាយដោយ VISA2FLY ដកស្រង់ពី SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុង នៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន១៤ រួមមាន ៖ លេខ១ បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ទីក្រុងអ៊ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់លេខ៩ទីក្រុង អ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញលេខ១០ ទីក្រុង. ម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា ៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ៕
















ចែករំលែកព័តមាននេះ