ទីក្រុងហាណូយ៖ ជប៉ុន និងវៀតណាមប្ដេជ្ញាថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់វិធានការនៃការធ្វើពាណិជ្ជកម្មសេរីជាសាកលដោយយុត្តិធម៌។ ការថ្លែងដូច្នេះនៅអំឡុងទស្សនកិច្ច២ថ្ងៃរបស់នាយករដ្ឋមន្ត្រីជប៉ុនទៅហាណូយ។ ប្រទេសទាំង២ប្រឈមនឹងបញ្ហាដូចគ្នាដោយសារការដំឡើងពន្ធ។ ជាពិសេស វៀតណាមដំឡើងពន្ធ៤៦%។
បន្ទាប់ពីចាកចេញពីវៀតណាម ថ្នាក់ដឹកនាំជប៉ុននឹងបន្តដំណើរទៅហ្វ៊ីលីពីនដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីរកវិធីទបទល់នឹងសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលនៅតែបន្តកើតមានយ៉ាងពុះកញ្ជ្រោល។ គ្រាន់តែថានៅអំឡុងពេល៩០ថ្ងៃនេះ លោកត្រាំព្យួរទុកការដំឡើងពន្ធជាបណ្ដោះអាសន្នដើម្បីឱ្យប្រទេសទាំងអស់ទាក់ទងទៅទីក្រុងវ៉ាស៊ីនតោនដើម្បីចរចាគ្នា។
លោកអ៊ីស៊ីបាថ្លែងថាសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ តំបន់អាស៊ីអាគ្នេយ៍ក៏គេចមិនផុតពីឥទ្ធិពលអាក្រក់នៃវិបត្តិនេះដែរ។ ដូច្នេះ ពួកគេស្វែងរកកិច្ចសហការជាបណ្ដើរៗខណៈដែលពួកគេកំពុងជិះនៅលើទូកតែ១។ កាលពីប៉ុន្មានអាទិត្យមុន, ប្រធានាធិបតីចិនក៏បានបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីរួបរួមកម្លាំងគ្នាទប់ទល់នឹងការដំឡើងពន្ធ។ កាលនោះ ចិនអំពាវនាវឱ្យវៀតណាមសហការគ្នាប្រយុទ្ធប្រឆាំងនឹងនយោបាយឯកតោភាគីនិយម និងគាំពារនិយម។
លោកអ៊ីស៊ីបាថ្លែងថាយើងត្រូវតែសហការគ្នាថែរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលមានស្រាប់ដែលប្រកបដោយភាពសេរី និងបើកទូលាយដោយមានក្បួនច្បាប់ច្បាស់លាស់។ វៀតណាមជាកន្លែងប្រមូលផ្ដុំនូវក្រុមហ៊ុនវិនិយោគធំៗរបស់ជប៉ុនដែលមានជាអាទិ៍៖ ក្រុមហ៊ុនហុងដា, កាណុង (Canon) និងប៉ាណាសូនិចជាដើម។ ទំហំវិនិយោគរបស់ក្រុមហ៊ុនឯកជនជប៉ុននៅវៀតណាមសរុបជាទឹកប្រាក់ស្មើនឹង៧៨ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុវៀតណាម។
នៅថ្ងៃនេះផងដែរ ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង៤ដើម្បីជំរុញវិស័យថាមពល ការស្រាវជ្រាវ និងការអភិវឌ្ឍបន្ទះឈីប។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកផាំមិញជិញ។ លោកថ្លែងបន្តទៀតថាប្រទេសទាំង២ឯកភាពគ្នាថានឹងខិតខំលើកកម្ពស់បែបផែនពាណិជ្ជកម្មសេរីនៅលើពិភពលោកផ្អែកតាមវិធានជាអន្តរជាតិ។
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោកតូឡាម នៅក្នុងកិច្ចជំនួបជាមួយលោកអ៊ីស៊ីបាកាលពីថ្ងៃអាទិត្យលោកបានជំរុញឱ្យជប៉ុនបង្កើនការវិនិយោគនៅវៀតណាមឱ្យបានច្រើនថែមទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុនក៏ចាប់អារម្មណ៍នឹងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងហាណូយទៅហូជីមិញផងដែរ។ ជប៉ុនកំពុងសិក្សាគម្រោងនេះ និងព្យាករថាអាចនឹងប្រើប្រើប្រាស់ថវិកា៦៧ពាន់លានដុល្លារ។ ប៉ុន្តែនៅក្នុងកិច្ចជំនួបលើកនេះគ្មានការនិយាយអំពីគម្រោងសង់ផ្លូវដែកនេះទេ៕
ចែករំលែកព័តមាននេះ