ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​នេះ​ ប្រារព្ធ​នៅ​ខេត្តកំពង់ឆ្នាំង

17 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​នៅ​ខេត្តកំពង់ឆ្នាំង​ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ព្រះករុណា​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី…

រាជធានី​ភ្នំពេញ​ ៖ ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​នៅ​ខេត្តកំពង់ឆ្នាំង​ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ព្រះករុណា​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យោង​តាម​ផែនការ​ណែនាំ​ ស្តី​ពីការ​រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០២៥​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ​បាន​ឲ្យ​ដឹង​ថា
ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​មាន​សារៈសំខាន់ ក្នុង​បណ្តា​ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស ប្រចាំឆ្នាំ ដោយ​ចាត់ទុកជា​វប្បមង្គល​មួយ ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ព្រះមហាក្សត្រ គ្រប់​ព្រះ​អង្គ តែង​ដឹកនាំ​ប្រារព្ធ​ធ្វើ​ពុំដែល​ខកខាន​តាំងពី​បុរាណកាល​រៀង​មក ជាក់ស្តែង​កាលពី​សម័យ​សង្គមរាស្ត្រនិយម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់នៅ និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ យាង​ច្រត់​ដោយ​ផ្ទាល់​ព្រះ​អង្គ នៅ​តាម​បណ្តា រាជធានី ខេត្ត​មួយ​ចំនួន ​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ​ជាដើម ​។

ចំណេរ​កាល​ក្រោយមក ព្រះមហាក្សត្រ ស្តេច​ពុំ​បាន​យាង​ច្រត់ព្រះនង្គ័ល ដោយ​ផ្ទាល់​ព្រះ​អង្គ​ឡើយ ព្រះ​អង្គ ​តែង​ចាត់​ព្រះរាជ​តំណាង​យាង​ច្រត់​ជំនួស តែ​ព្រះ​អង្គ​ស្តេច​យាង​ជា​ព្រះ​រាជាធិបតីដ៏​ខ្ពង់ខ្ពស់​បំផុត ​ក្នុង​ព្រះរាជ​ពិធី​នេះ​វិញ ​។

ព្រះរាជ​ពិធី​នេះ ប្រព្រឹត្ត​ឡើង​ ដើម្បី​ជា​មង្គល ឧទ្ទិស​ដល់​ការ​ចាប់ផ្តើម​រដូវ ​ធ្វើស្រែ​ចម្ការ របស់​ប្រជា​កសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ឱ្យ​បង្ហូរ​ទឹកភ្លៀង​បរិបូណ៌​តាម​រដូវ​កាល បម្រើ​ឱ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ ទទួល​បាន ភោគផល​ខ្ពស់ ​។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល​៤​ថ្ងៃ គឺចាប់ពី​ថ្ងៃ​១-២-៣​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១២-១៣-១៤ ខែឧសភា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ប្រារព្ធ​ហោមពិធី និង​ពិធី​តាម​រោង​មណ្ឌល​ជា​ភារកិច្ច​របស់​ក្រុម​បារគូ ឯ​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ពិសាខ ត្រូវ​នឹង ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ជា​ផ្លូវការ ​។

ដើម្បី​ញ៉ាំង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឱ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក ស័ក្តិសម​ទៅ​នឹង​អត្ថន័យ និង​ខ្លឹមសារ ដូច​ខាងលើ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​ ៖

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង និង​ក្រសួង​ពាក់ព័ន្ធសហការ​ជាមួយ​ក្រសួងព្រះបរមរាជវាំង រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឱ្យ​បាន​មហោឡារិក ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា​ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយមានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ព្រះរាជ​វង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និង​ប្រជារាស្ត្រ តាម​ចំនួន​កំណត់​ជាក់ស្តែង ដើម្បី​រួម​គ្នា​ថែរក្សា​នូវ ព្រះ​រាជប្បវេណី​ពី​បុរាណ​របស់ ព្រះមហាក្សត្រ ឱ្យ​បាន​គង់វង្ស ​។

ព្រះរាជ​ពិធី​ក៏​មាន​រៀបចំ​ឱ្យ​មាន​តាំងពិព័រណ៍​រូបភាព​បង្ហាញ​ពី​នយោបាយ​ទឹក ផលិតផល​កសិកម្ម ដូច​ជា ស្រូវ ពោត សណ្តែក​។​ល​។ សិប្បកម្ម​ក្នុងស្រុក ព្រមទាំង​វត្ថុ​សម្ភារៈ គ្រឿង​បរិក្ខារ​កែ​ច្នៃ និង​សមិទ្ធផល​៤៦​ឆ្នាំ នៃ​ការ​អភិវឌ្ឍ​លើ គ្រប់​វិស័យ​កន្លង​មក ដែល​ខេត្ត​សម្រេច​បាន ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន អតីត​ជា​នាយក​រដ្ឋមន្ត្រី និងសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ដូច​មាន​គូស​ក្រាហ្វិក​ខាងក្រោម ៖

-​ដំណាក់កាល​ទី​១ ឆ្នាំ​១៩៧៩ ស្ថានភាព ស្ថិត​លេខ ០ (​សូន្យ​)
-​ដំណាក់កាល​ទី​២ ឆ្នាំ​២០០០ កម្រិត​នៃ​ការ​រីក​ចម្រើន ឆ្នាំ​កណ្តាល
-​ដំណាក់កាល​ទី​៣ ឆ្នាំ​២០២៥ កម្រិត​នៃ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល កន្លង​មក ​។

សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ មាតា​ជាតិខ្មែរ ស្តេច​យាងចុះ​ជួប​ប្រាស្រ័យ​សួរសុខទុក្ខ​ព្រះសង្ឃ ប្រជារាស្ត្រ និង​ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏ ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​នានា រៀប​តាំង​តាម​ស្តង់​នីមួយ​ៗ ដើម្បី​បង្ហាញ​ជូន​ប្រជារាស្ត្រ ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ និង​អង្គទូត​នានា បាន​ទស្សនា​ស្វែង​យល់ និង​ដើម្បី​អបអរសាទរ​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​បវរ​មហា ប្រសើរ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​មាន​ព្រះរាជ​សុខភាព ល្អ​បរិបូរណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ