រាជធានីភ្នំពេញ ៖ ទំនាស់គ្នា ស៊ីសាច់ហុតឈាម និងឈានទៅប្រើហិ.ង្សាទាញកៅអី ដុំឈើ មួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រវាងអ្នកជិតខាង បន្ទាប់ពីផឹកស្រវឹងរៀងៗខ្លួននោះ ត្រូវបានភាគីទាំងពីរ ស្នើសុំសមត្ថកិច្ចសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងដោយមិនប្តឹងផ្តល់ឡើយ ។
តាមនគរបាលបានអោយដឹងថា ករណីហិ.ង្សាគប់គ្នាទៅវិញ នៅខណ្ឌប្ញស្សីកែវ ភាគីទាំងពីរ សំណូមពរសមត្ថកិច្ច មិនប្តឹងផ្តល់គ្នានោះទេ ។
ករណីហិ.ង្សា (ប្រើកៅអីជ័រ ដុំឈើ មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក)នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ភាគីទី១ ៖ ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែ, ឈ្មោះ គង់ លក្ខិ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ, ឈ្មោះ គុជ លាងស៊ីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ភាគីទី២ ៖ ឈ្មោះ ហាប់ ដារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ, ឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ, ឈ្មោះ វ៉ា យុ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ទាក់ទិនទៅនឹងការទាស់ទែងគ្នា ឈានទៅប្រើហិ.ង្សានេះ សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ភាគីទី១ និងភាគីទី២ បានអង្គុយផឹកស៊ី នៅមុខបន្ទប់ជួលរៀងៗខ្លួន បន្ទាប់មកឈ្មោះ គុជ លាងស៊ីម បានរៀបចំបិទហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែមានឈ្មោះ អ៊ីម ភេទប្រុស អាយុ ២២ឆ្នាំ ដែលបានអង្គុយផឹកស៊ីជាមួយខាងភាគីទី២ បានសួរនាំតម្លៃអាវ ភ្លាមនោះឈ្មោះ ហាប់ ដារ៉ា បានកេះឈ្មោះ អ៊ីម ដោយក្រវីក្បាល មិនឲ្យទិញអាវ ក៏កើតជាទំនាស់ពាក្យសម្តីគ្នា បន្ទាប់មកភាគីទាំងសងខាង បានអង្គុយផឹករៀងៗខ្លួន និងចាក់ចម្រៀងឌឺដងគ្នា និយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់កើតជាជម្លោះឈ្លោះប្រកែកគ្នា និងបានយកកៅអី ដុំឈើ មួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យមានអ្នកណារងរបួសធ្ងន់ធ្ងរនោះទេ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចល្បាតបានចុះទៅដល់កន្លែងកើតហេតុ អន្តរាគមន៍ ហើយបានហៅភាគីទាំងសងខាង មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសួរនាំ ជាលទ្ធផលដោយភាគីទាំងពីរ មានភាពយល់យោគគ្នា ជាអ្នកជិតខាងនឹងគ្នា បានសំណូមពរសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ដោយសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ។
ដោយយោងភាគីទាំងពីរសម្របសម្រួលហើយហិ.ង្សានោះ មិនបង្កឲ្យភាគីណាមួយរងរបួសធ្ងន់ធ្ងរនោះ សមត្ថកិច្ចសុំគោលការណ៍ថ្នាក់លើ ហើយបានឲ្យធ្វើកិច្ចសន្យា និងអប់រំឲ្យពួកគេបញ្ឈប់បញ្ហាហិ.ង្សា ៕







ចែករំលែកព័តមាននេះ