រាជធានីភ្នំពេញ ៖ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ មេសា ២០២៥ នៅព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម សេង ទៀង បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដី១កន្លែង មានទំហំ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យ ប្រមាណ២៥ម និងចម្ងាយប្រមាណ១,៥គម ចុះពីជើងភ្នំគិរីរម្យ ។

ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចម្ការដំណាំស្រាប់ (ដូចក្នុងវីដេអូ)ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច ។ និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក ។ ដោយបន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គមនូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចម្ការសម្រាប់ក្រុមគ្រួសារចៅស្រី តី រួចមក, ឧកញ្ញា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូនសម្ដេចតេជោ តាមរយៈឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចម្ការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ ។

សូមបញ្ជាក់ថា ចៅស្រី ស៊ុន ស្រីតី ជាកុមារី មានអាយុ៤ឆ្នាំ ដែលត្រូវបានគេស្គាល់នៅពេលជួយលក់ផ្កា ម្ដាយនៅផ្លូវចូលភ្នំគិរីរម្យ និងបច្ចុប្បន្នកំពុងរស់នៅជាមួយឪពុកម្ដាយ និងបងស្រីប្រុសចំនួន៥នាក់ ក្នុងផ្ទះដែលជាផ្ទះបងរបស់ឪពុកឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវបានសម្ដេចតេជោ អនុញ្ញាតអោយចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ។

នៅក្នុងការជួបសំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន10,000$ និងប្រាក់រៀលចំនួន៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយផងដែរ ។ ក្រៅពីនោះ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងបានណែនាំអោយឯកឧត្ដម សេង ទៀង ស្វែងរកដីដែលអាចធ្វើផ្ទះប្រកបរបរទទួលទាន និងអាចធ្វើចម្ការ និងក៏ដូចជា សម្រួលដល់កូនៗងាយស្រួលទៅសាលារៀនផងដែរ ៕


ចែករំលែកព័តមាននេះ