ខេត្តកណ្តាល ៖ ផ្ទះសំណាក់ មួយកន្លែង យីហោ «លីលី» តែងតែមានក្រុមក្មេងស្ទាវ ប្រុសស្រី ចំនួន១២នាក់ មកស្នាក់នៅពពាក់ពពូន គ្នា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ គណៈបញ្ជាការឯកភាពស្រុកកោះធំ ចុះធ្វើរដ្ឋបាល ប្រមូលយកមកធ្វើកិច្ចសន្យាអប់រំ ។
ការចុះធ្វើរដ្ឋបាលនេះ ធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រុមក្មេងស្ទាវ ដែលប្រមូលបានពេលនេះ មានចំនួន១២នាក់ ក្នុងនោះមាន ស្រី០៥នាក់ ដែលមានអាយុពី១៥ឆ្នាំ ទៅ២០ឆ្នាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល (អវិជ្ជមានចំនួន១១នាក់ និងវិជ្ជមានចំនួន០១នាក់) ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា ដំបូងឡើយ មានប្រជាពលរដ្ឋ បានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលស្រុកកោះធំ ថា មានក្រុមស្ទាវជាច្រើននាក់ បានប្រមូលផ្តុំគ្នា ដេកនៅតាមបន្ទប់ផ្ទះសំណាក់ និងផ្ទះជួលដូចបានរៀបរាប់ខាងលើ។ ក្រោយពេលទទួលបានព័ត៌មានរួច កម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ដឹកនាំដោយលោក ច្រឹក ស្រ៊ង អភិបាលរងស្រុក ជាដំណាងលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងលោកវរសេនីយ៍ទោ ខាន់ ចាន់ថា អធិការរង ទទួលផែននគរបាលយុត្តិធម៌ រួមនឹងកងកម្លាំងចម្រុះ បានចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ផ្ទះសំណាក់ និងបន្ទប់ផ្ទះជួល ចំនួន០២គោលដៅគឺ មានផ្ទះសំណាក់យីហោ «លីលី» ស្ថិតនៅភូមិកំពង់ស្វាយក្រោម និងផ្ទះជួល «ចាន់ ណារី» ស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញមានក្រុមក្មេងស្ទាវ ប្រុស/ស្រី ចំនួន១២នាក់ ដែលបានមកជួលបន្ទប់ដេកស្នាក់ នៅប្រមូលផ្តុំគ្នាអត់ចូលផ្ទះ បង្កជាភាពអាណាធិបតេយ្យ នៅក្នុងមូលដ្ឋាន ។
ក្រោយពេលត្រួតពិនិត្យ នៅតាមបន្ទប់ជួល និងផ្ទះសំណាក់រួចមក សមត្ថកិច្ចបាននាំខ្លួនមុខសញ្ញាក្រុមក្មេងទំនើងខាងលើនេះ យកមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីមកអប់រំណែនាំ និងធ្វើរបាយការណ៍ សុំគោលការណ៍ពីថ្នាក់លើ ដោយឱ្យ អាណាព្យាបាលរបស់ពួកគេ មកធ្វើលិខិតធានាយកកូនៗ ទៅអប់រំបន្ត នៅលំនៅដ្ឋានវិញ ៕




ចែករំលែកព័តមាននេះ