សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំពន្យល់ថា មេដឹកនាំអ៊ុយក្រែនលោកវ៉៉ូឡូឌីមៀរហ្សេឡេនស្គី ត្រៀមបោះបង់ចោលការដណ្ដើមយកតំបន់គ្រីមេដែលរុស្សុីកាន់កាប់មកវិញ ពេលការចរចាស្ដីពីអ៊ុយក្រែនចូលនាថ្ងៃទី២៨មេសាក្នុងសប្ដាហ៍៍សំខាន់សម្រាប់កំណត់ថាតើរុស្សុីនិងអ៊ុយក្រែនសុទ្ធតែត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដែរឬយ៉ាងណា។
មេដឹកនាំអាមេរិកវាយតម្លៃកាលពីថ្ងៃទី២៧មេសាថា ជំហររបស់លោកហ្សេឡេនស្គីអាចមានការផ្លាស់ប្ដូរ។ ការបោះបង់ចោលគ្រីមេដោយអ៊ុយក្រែនជាការលើកឡើងជាប់របស់អាមេរិកថាជាបុព្វបទនៃផែនការសន្តិភាពមួយជាមួយក្រុងមូស្គូ។ រដ្ឋមន្ត្រីការទេសអាមេរិកលោកម៉ាកូរ៉ូប៊ិយ៉ូក៏វាយតម្លៃកាលពីថ្ងៃទី២៧មេសាពីការរីកចម្រើនដែលអាចសម្រេចបានក្នុងបណ្ដាថ្ងៃខាងមុខឆាប់ៗដែរ។ លោកថ្លែងទៅកាន់ទូរទស្សន៍NBCថា យើងឈានជិតដល់កិច្ចព្រមព្រៀងមួយហើយ តែមិនឆាប់ពេកទេ។ ខ្ញុំគិតថាសប្ដាហនេះជាសប្ដាហ៍សំខាន់។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើការគាបសង្កត់ខ្លាំង ដើម្បីឲ្យសម្រេចបានដោយរហ័សបំផុតតាមដែលអាចធ្វើទៅបាន នូវការបញ្ឈប់ការប្រទូស្តរ៉ាយគ្នានៅអ៊ុយក្រែនហើយបានបង្កើនសញ្ញាអស់់ភាពអត់ធ្មត់ ចំពោះក្រុងគៀវនិងក្រុងមូស្គូ។ រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយទៀតថា ខ្ញុំគិតថាសប្ដាហ៍នេះនឹងជាសប្ដាហ៍សំខាន់ យើងត្រូវសម្រេចថាតើយើងនឹងបន្តចូលរួមដោះស្រាយឬក៏ដល់ពេលដែលយើងផ្ដោតលើបញ្ហាដទៃៗទៀតដែលសំខាន់ដែរ រហូតដល់សំខាន់បំផុតផងក្នុងករណីមួយចំនួន។
ទោះបីយ៉ាងណាលោកថានឹងគ្មានដំណោះស្រាយយោធានៃសង្គ្រាមនេះទៀតឡើយ។ ដំណោះស្រាយតែមួយគត់គឺដំណោះស្រាយចរចា ដែលភាគីម្ខាងៗត្រូវតែធ្វើសម្បទាននានា៕

ចែករំលែកព័តមាននេះ