ប្រទេសនីមួយៗមានព្រំដែន និងដែនកំណត់អធិបតេយ្យ ប៉ុន្តែព្រះធម៌ សកម្មភាព មេត្តា និងករុណា តាមព្រះពុទ្ធឱវាទ គឺមិនមានព្រំដែននោះទេ ។ ដូច្នេះ…
ប្រទេសនីមួយៗមានព្រំដែន និងដែនកំណត់អធិបតេយ្យ ប៉ុន្តែព្រះធម៌ សកម្មភាព មេត្តា និងករុណា តាមព្រះពុទ្ធឱវាទ គឺមិនមានព្រំដែននោះទេ ។ ដូច្នេះ សកម្មភាពរបស់ព្រះសង្ឃកម្ពុជាមួយក្រុម នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុននេះ គឺជាដំណើរ និងសកម្មភាពដ៏ឧត្តុងឧត្តមមួយនៃវិស័យពុទ្ធចក្ររបស់កម្ពុជា ។

បន្ទាប់ពីគ្រោះរញ្ជួយដី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានកើតឡើងនៅម៉ោងប្រមាណជា១២និង៥០នាទី នៅក្នុងកម្រិតមួយដ៏រន្ធត់ គឺ៧,៧ រ៉ិចទ័ អគាររដ្ឋបាល មន្ទីរពេទ្យ លំនៅស្ថាន វត្តអារ៉ាមរាប់ពាន់ខ្នង ត្រូវរាបដល់ដី នៅក្នុងអំឡុងពេលតែមួយពព្រិចភ្នែក ។
ក្រោយគ្រោះរញ្ជួយដី ពលរដ្ឋនៅទីនោះ រស់នៅក្នុងស្ថានភាពកាន់តែយ៉ាប់យឺន ក្រោយពេលដែលបានតស៊ូរស់នៅក្នុងស្ថានភាពប្រឈមមុខនឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ហើយ និងទុក្ខវេទនានៃការរស់នៅក្រោមគំនរបាក់បែក ។

មនុស្សរាប់ពាន់នាក់បានស្លា.ប់ របួស ហើយក៏គេជឿជាក់ថា នៅមានមនុស្សរាប់សិបនាក់ទៀត ដែលអាចនឹងស្ថិតនៅក្រោមគំនរនៃអគារបាក់បែកនានានៅក្នុងប្រទេសនេះ ។ នៅក្នុងស្ថានភាពដ៏លំបាកនេះ នៅក្នុងនាមជាប្រទេសដែលមានពលរដ្ឋមានជំនឿនៅលើព្រះពុទ្ធសាសនាដ៏លើសលុបដូចគ្នា គណប្រតិភូសង្ឃកម្ពុជាមួយក្រុម ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងព្រះសិរីកោសល សុំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងឲ្យសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដល់រដ្ឋ សាន (Shan) ប្រទេសភូមា ដើម្បីនាំយកអំណោយមួយចំនួន ដែលបានមកពីពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាជួយដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងតែរងទុក្ខវេទនា ។

វត្តមានរបស់មន្ត្រីសង្ឃនៃកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ព្រះតេជគុណបណ្ឌិតធម្មសាមី ប្រធាន វិទ្យាស្ថានចិត្តវិទ្យាពុទ្ធសាសនា ( Institute Of Buddhist Psychology) និងសហការី ដោយបានរៀបចំជាអំណោយនឹងជាថវិកាជូនជនរងគ្រោះ ដោយឧបទ្ទវហេតុរញ្ជួយដី ចំនួន៦៣៩ គ្រួសារ ។ ពួកគេទាំងអស់ គឺជាជនរងគ្រោះនៅក្នុងតំបន់បឹងលេលេក និងតំបន់ជុំវិញមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន ៣០ម៉ឺនខ្យាត ឬស្មើនឹង៨០ដុល្លារ។

វាជាការជួយតិចតួច ប៉ុន្តែសូមអនុមោទនាបុណ្យ ! សកម្មភាពនេះ គឺជាសកម្មភាពនៃសាមគ្គីភាពដ៏ជ្រាលជ្រៅមួយ ហើយក៏ជាសារមនុស្សធម៌សម្រាប់មនុស្សជាតិ ដើម្បីឲ្យប្រជាជនរងគ្រោះមីយ៉ាន់ម៉ា និងអស់ជនរងគ្រោះនានាត្រូវបន្តរស់ជាមួយនឹងក្តីសង្ឃឹម ។
សកម្មភាពរបស់ក្រុមមន្ត្រីសង្ឃកម្ពុជានេះ មិនមានទំហំធំទេ បើប្រៀបធៀបទៅនឹងប្រតិបត្តិការដ៏ធំរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងរដ្ឋាភិបាលបរទេសនានា រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក្នុងស្មារតី និងចិត្តគំនិតរបស់ប្រជាជននេះជាសកម្មភាពដ៏អស្ចារ្យ និងដ៏ប្រពៃ ។

សកម្មភាពរបស់មន្ត្រីសង្ឃទាំងនេះ បានដាស់តឿនយើងទាំងអស់គ្នា អំពីកាតព្វកិច្ចរបស់មនុស្សជាតិសំខាន់ ក្នុងការឈរជាមួយអ្នកដែលរងទុក្ខដោយមិនគិតពីព្រំដែន ឬនយោបាយ ។ រាល់ទេយ្យទានដុល្លារ និងរាល់ដង្វាយដែលក្រុមមន្ត្រីសង្ឃកម្ពុជា យកទៅផ្តល់ជូនជនរងគ្រោះនៅមីយ៉ាន់ម៉ា តំណាងឱ្យការអធិស្ឋាន ក្តីសង្ឃឹម និងជំនឿថា សូម្បីតែអំពើសប្បុរសធម៌តូចតាច ក៏អាចព្យាបាលពិភពលោកដែលខូចបានដែរ ។
នៅក្នុងតំបន់មួយដែលជាញឹកញាប់តែងញាំញីដោយភាពតានតឹងផ្នែកនយោបាយ និងការសោកសង្រេងជាប្រវត្តិសាស្ត្រ កាយវិការនេះ អាចកាត់បន្ថយសំឡេងនៃក្តីវេទនា ហើយជាការផ្ញើសារយ៉ាងច្បាស់ថា មេត្តា និងករុណា គឺមិនត្រូវការព្រំដែនឡើយ ។ នៅពេលដែលសាមគ្គីភាពជាសកល តែងតែមានអារម្មណ៍តានតឹង ដំណើរដ៏ស្ងប់ស្ងាត់របស់ព្រះសង្ឃ គឺជាការបញ្ជាក់ឡើងវិញយ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងខាងវិញ្ញាណ និងវប្បធម៌រួមគ្នារបស់អាស៊ីអាគ្នេយ៍ ។
ជាងនេះទៅទៀត សកម្មភាពរបស់ក្រុមមន្ត្រីសង្ឃកម្ពុជា ក៏រំឭកយើងអំពីតួនាទីដែលស្ថាប័នសាសនា និងអ្នកដឹកនាំអាច និងគួរដើរតួក្នុងគ្រាមានវិបត្តិ ។ នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនា គឺជាកម្លាំងដឹកនាំសម្រាប់សន្តិភាព និងភាពធន់ខាងសីលធម៌តាំងពីយូរយារណាស់មកហើយ ។ តាមរយៈការបោះជំហានហួសពីជញ្ជាំងព្រះវិហារ និងព្រំដែននៃប្រទេស ដើម្បីផ្តល់ជំនួយជាក់ស្តែង ព្រះសង្ឃបានបង្ហាញថា ជំនឿមិនមែនគ្រាន់តែជាបញ្ហានៃពិធីសាសនា និងការបង្រៀនប៉ុណ្ណោះទេ វា គឺជាការអំពាវនាវឱ្យធ្វើសកម្មភាពនៅពេលដែលត្រូវការសកម្មភាពបំផុត ។
សរុបមកវិញ នៅពេលដែលប្រទេសមីយ៉ាន់ម៉ាបន្តប្រឈមមុខនៅលើផ្លូវនៃការកសាងឡើងវិញដ៏វែងឆ្ងាយ និងលំបាកដំណើរទស្សនៈកិច្ចរបស់ក្រុមមន្ត្រីសង្ឃកម្ពុជា គឺជាការចងចាំនូវកុសលពីសំណាក់ពលរដ្ឋរងគ្រោះនៅមីយ៉ាន់ម៉ា ចំពោះកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ