ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យ១០នាក់ មានស្រីមានប្រុសទៅកាន់អយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី២០ មេសា ២០២៥ បន្ទាប់ពីបង្ក្រាបកាលពីថ្ងៃទី១៨ មេសា ២០២៥ ។ ទោះបីជាបែបណា ការប៉ុនប៉ងជីករកកំណប់មាសនោះ មិនទាន់ដឹងថា ក្នុងរណ្តៅដែលកំពុងជីករកនោះបានឃើញ ឬបែបណានោះទេ ។ ចំណុចដែលមានការជីករកកំណប់មាសនេះស្ថិតនៅជើងភ្នំតាដន ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ។

ក្នុងចំណោមជនទាំង១០នាក់ គឺឈ្មោះ ថុល តូម៉ា ដែលបានសន្មត់ថាជាមេក្រុមបានសារភាពចំពោះមុខសមត្ថកិច្ចថា ទីកន្លែងមានកំណប់មាសនេះខ្លួនដឹងតាមរយៈឈ្មោះ សាម គឹមវ៉ាង ភេទស្រី អាយុប្រហែល៤៥ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាសយដ្ឋាន ហើយឈ្មោះ សាម គឹមវ៉ាង បានរៀបចំសម្ភារៈឧបករណ៍សម្រាប់ស្វែងរកកំណប់ និងជីករកកំណប់ទុកឱ្យខ្លួននៅទីនោះតែម្តង ។
ឈ្មោះ ថុល តូម៉ា និយាយទៀតថា ពួកខ្លួនទាំងអស់៨នាក់ បានធ្វើសម្មភាពជីកស្វែងរកគំណប់រហូតដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្រាប់តែមានខាងសមត្ថកិច្ច បានចុះមកហាមឃាត់ រួចនាំពួកខ្លួនមកសួរនាំតែម្តង ។
មន្ត្រីសមត្ថកិច្ចថា ចំពោះការជីករកកំណប់មាស នៅចំណុចភ្នំតាដន ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ គឺពុំមានច្បាប់អនុញ្ញាតឱ្យធ្វើការរុករកនោះទេ ។ ប៉ុន្តែពួកគេបានឆ្លើយថា មានទំនាក់ទំនងផ្ទាល់មាត់ជាមួយមន្ត្រីម្នាក់ និងបានណែនាំឱ្យសុំភ្លើងខៀវពីថ្នាក់លើមួយទៀត ។ ដោយមានការសម្របសម្រួលពីថ្នាក់លើរូបនោះ ទើបក្រុមការងារធ្វើសកម្មភាពជីករុករកកំណប់មាសនៅចំណុចខាងលើនេះ ។ ប្រសិន បើជីករកកំណប់មាសឃើញពេលណា ខ្លួន និងឈ្មោះ សាម គឹមវ៉ាង និងរាយការណ៍ទៅថ្នាក់លើ ដើម្បីទទួលការចាត់ចែង ។ ជននេះ មានរថយន្ត១គ្រឿងម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-5959 ចំណែកសម្ភារៈសម្រាប់ជីករុករកកំណប់មាសជារបស់ឈ្មោះ សាម គឹមវ៉ាង ។
តាមការឱ្យដឹងពីពួកអ្នករុករកកំណប់មាសនេះក៏បានធ្លោយឱ្យដឹងថាមានមន្ត្រីនគរបាលម្នាក់ដែលមាននាមសម្ងាត់ ៣៣ ក៏ចូលដៃចូលជើងជាមួយក្រុមខ្លួនដែរ ដោយបានជំរុញឱ្យនាំគ្នាត្រាយព្រៃដើម្បីរកទីតាំងកំណប់មាសនោះ ។
ជនម្នាក់ឈ្មោះ សុខ រ៉ា ដែលមានទីលំនៅភូមិគោ ឃុំសំរោង ស្រុកភ្នំក្រវាញ បាននិយាយថាខ្លួនត្រូវបានមន្ត្រីនគរបាលខាងលើហៅឱ្យចូលរួមរកកំណប់មាស តែខ្លួនមិនដឹងថាតើគេដឹងពីណាមកថាតំបន់ជើងភ្នំតាដននោះមានការកប់ទុកកំណប់មាស តើមានប៉ុន្មានទៅ ?
ស្ត្រីម្នាក់ឈ្មោះ ហង្ស បូរី អាយុ៦០ឆ្នាំ ជាទីប្រឹក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាតួនាទីដែលមានការតែងតាំងពីសំណាក់ឈ្មោះ ឡាច សំរោង ជាសាកលវិទ្យាធិការ ។ ឈ្មោះ ឡាច សំរោង ពេលនេះបានគេចខ្លួនបាត់ទៅហើយ ទាក់ទិននឹងការសមគំនិតជាមួយគ្រូមា រឿងពុករលួយ ។ ស្ត្រីឈ្មោះ ហង្ស បូរី ដែលមានទីលំនៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ បានឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២និង៣០នាទី ឈ្មោះ ថុល តូម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្លាង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទាក់ទងខ្លួនតាមរយៈទូរស័ព្ទដៃដោយឈ្មោះ ថុល តូម៉ា បានសួរខ្លួនថាឱ្យជួយរកអ្នកដោះមីន ។
ក្រោយការសាកសួរ ខ្លះពីជនដែលត្រូវឃាត់ខ្លួនបានបង្ហាញថាអ្នកដែលដឹងថាមានកំណប់មាស ឬបែបណានោះ គឺជាអតីតមន្ត្រីខ្មែរ ក្រហម ។ ឆ្លងតាមការសាកសួរលើជនសង្ស័យមួយចំនួន សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានសម្រេចនាំខ្លួនជន ១០នាក់ទៅសាកសួរនៅអយ្យការអមសាលាដំបូងគឺ៖
១-ឈ្មោះ ថុល តូម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លាង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២-ឈ្មោះ ម៉ាន់ ទីវ័ន្ត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ដុល ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
៤-ឈ្មោះ ផាន់ ភ័ត្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លាង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
៥-ឈ្មោះ ធូ ទ្រីលីដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ ។
៦-ឈ្មោះ វ៉ាន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លាង សង្កាត់ខ្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
៧-ឈ្មោះ ឡង់ សៅធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៨-ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
៩-ឈ្មោះ ហង្ស បូរី ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ21C សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
១០-ឈ្មោះ ផេង បូធារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ពួកគេសង្ស័យមានការពាក់ព័ន្ធករណីរុករកលោហធាតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភ្នំតាដន ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ