ថៃ ៖ ទន្លេកុក ដែលជាដៃទន្លេមេគង្គ មានប្រភពទឹកហូរចេញពីជួរដែនឡាន រដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា ហូរធ្លាក់ឆ្លងកាត់ព្រំដែនភាគខាងជើងប្រទេសថៃ នៃខេត្តឈៀងម៉ៃ និងខេត្តឈៀងរ៉ៃ ក្រោយពីកើតគ្រោះរញ្ជួយដី មានសេចក្តីរាយការណ៍ថា ទឹកដែលហូរពីប្រទេសមីយ៉ាន់ម៉ា មានសារធាតុពុល ពណ៌កខ្វក់ និងក្លិនស្អុយ ជាពិសេស កាលពីពេលប៉ុន្មានថ្ងៃថ្មីៗនេះមានការភ្ញាក់ផ្អើលក្នុងស្រទាប់ប្រជាពលជនថៃ នៅក្នុងស្រុកម៉ែអាយ ខេត្តឈៀងម៉ៃ ក្រោយពីការប្រទះឃើញសត្វត្រី ដែលគេនេសាទបានពីទន្លេមួយនេះកើតជំងឺចម្លែក ដោយមានពងបែក និងដំបៅពេញខ្លួនពីក្បាលដល់កន្ទុយ ។

គួររំលឹកថា អ្នកភូមិរាប់រយនាក់នៅឃុំថាថុន ស្រុកមេអាយ ខេត្តឈៀងម៉ៃ ដែលពឹងអាស្រ័យលើទឹកទន្លកុក ទាំងការនេសាទ និងប្រើប្រាស់សម្រាប់ការងារកសិកម្ម បានប្រមូលផ្តុំគ្នាតវ៉ា បន្ទាប់ពីពួកគាត់មានអារម្មណ៍ថា ទឹកទន្លេកុកមានសភាពកាន់តែយ៉ាប់យឺនទៅខុសធម្មតា ហើយបានស្នើដោយទទូចដល់ទីភ្នាក់ងារជំនាញពាក់ព័ន្ធ បើកការស៊ើបអង្កេតជាបន្ទាន់ ថា តើទឹកទន្លេពិតជាត្រូវរងការបំពុលដោយសារធាតុគីមីណាមួយឱ្យប្រាកដ ? ហើយតើវាបង្កគ្រោះថ្នាក់ដល់សុខភាពដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដែរឬទេ?

ភ្លាមៗមុននឹងវត្តមានរបស់មន្ត្រីជំនាញមកពីស្ថាប័នថ្នាក់ជាតិ ចុះទៅដល់នោះ លោកអភិបាលខេត្តឈៀងម៉ៃ បានចាត់ឱ្យលោកអភិបាលរងខេត្ត និងមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធក្នុងខេត្តចុះទៅប្រមូលសំណាកទឹកសម្រាប់ធ្វើការវិភាគជាបឋម ដើម្បីស្វែងរកមធ្យោបាយកែលម្អ ដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកស្រុក ។
លទ្ធផលបឋម សំណាកទឹកត្រូវបានប្រមូលយកទៅវិភាគនៅមន្ទីរពិសោធន៍ចំនួន៣ទីតាំង ៖ ទីតាំងទី១ ព្រំដែនថៃ-ភូមា ទីតាំងទី២ ស្ពានមិត្តភាព ម៉ែណាវ៉ាង-ថាតន និងទីតាំងទី៣ ភូមិលេខ១២ បាតាតៃ លទ្ធផលបង្ហាញថា ទឹកខូចគុណភាព និងពោរពេញទៅដោយសារធាតុពុល ដោយក្នុងគេបានរកឃើញលោហធាតុធ្ងន់ និងសំណលើសពីកម្រិតស្តង់ដារទៅទីតាំងទី១ ខណៈដែលសារធាតុអាសេនិចដ៏គ្រោះថ្នាក់ត្រូវបានហក់ឡើងលើសពីស្តង់ដារសុវត្ថិភាពនៅក្នុងទឹកនៃទីតាំងទាំង៣ ។

ឆ្លងកាត់លទ្ធផលបឋមនេះ អាជ្ញាធរខេត្តឈៀងម៉ៃ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅតាមដងទន្លេកុក ក្នុងស្រុកម៉ៃអាយទាំងអស់ត្រូវបានព្រមានពីផលប៉ះពាល់សុខភាពកុំថា ឡើយតែផឹក សូម្បីតែការចុះងូតទឹកទន្លេ ឬក៏បរិភោគត្រីដែលនេសាទបានពីក្នុងទន្លេមួយនេះ ក៏គួរតែជៀសវាងផងដែរ ។
ឆ្លើយតបនឹងការកើនឡើងនៃសន្ទុះព្រួយបារម្ភក្នុងចំណោមអ្នកស្រុកម៉ែអាយ ចំពោះគុណភាពទឹកទន្លេកុកនោះឈានមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញមកពីក្រសួងស្ថាប័នថ្នាក់ជាតិ បានចុះទៅពិនិត្យដល់ទីតាំងនោះ ហើយបានប្រមូលសំណាកទឹកទាំងនៅក្នុងទន្លេ និងទឹកនៅតាមព្រែកដៃទន្លេ សម្រាប់យកទៅវិភាគនៅមន្ទីរពិសោធន៍សារជាថ្មី ហើយលទ្ធផលតេស្តលម្អិតនឹងត្រូវប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយ ។

កំឡុងពេលដែលទឹកទន្លពុំបានប្រើប្រាស់បាននោះ ក្រុមមន្ត្រីជំនាញមកពីការិយាល័យធនធានធម្មជាតិ និងបរិស្ថានខេត្តឈៀងម៉ៃ រួមជាមួយនឹងការិយាល័យធនធានទឹកក្រោមដីតំបន់១ បានចុះទៅពិនិត្យ និងតាមដានគុណភាពទឹកក្រោមដីនៅតំបន់ចំនួន១៥ ក្នុងស្រុកម៉ែអាយ ដើម្បីកសាងទំនុកចិត្តលើការប្រើប្រាស់ទឹកក្រោមដីប្រកបដោយសុវត្ថិភាពសម្រាប់សាធារណជន ។
គួរកត់សម្គាល់ថា ទឹកទន្លេកុកដែលរងការបំពុល ក្រៅពីមូលហេតុធម្មជាតិដែលកើតឡើងដោយសារតែគ្រោះរញ្ជួយដីនោះ មន្ត្រីជំនាញក៏បង្ហើបឱ្យដឹងផងដែរថា វាក៏អាចបណ្តាលមកពីការធ្វើកសិកម្ម, ការជីករ៉ែ ឬក៏បង្ហូរកាកសំណល់គីមីចូលទៅក្នុងប្រភពទឹកជាដើម ។

ជាក់ស្តែង ទឹកទន្លេកុក ដែលប្រែទៅកខ្វក់ ដោយសារតែសារធាតុពុលអាសេនិច និងហ្លុយអរ័រីត ដែលមានស្រាប់ពីធម្មជាតិនៅក្នុងទឹកក្រោមដី អាចបណ្តាលមកពីការរញ្ជួយដី ហើយសារធាតុទាំងនេះបណ្តាលពុកឆ្អឹង ធ្មេញលឿង ស្បែកឡើងលឿង ក្រិនដៃជើង វិវត្តន៍ទៅជាជំងឺមហារីកលើស្បែក រួមទាំងមហារីកសួត និងមហារីកប្លោកនោមជាដើម៕






ចែករំលែកព័តមាននេះ