ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ថា ការនាំចេញផលិតផលក្នុងស្រុកមិនមែនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់កម្រិតខ្ពស់បំផុត ៥១៥ពាន់លានរីយ៉ាល ឬស្មើនឹង ១៣៧,២៩ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ខណៈដែលព្រះរាជាណាចក្រមួយបាននឹងកំពុងបន្តការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យឆ្ងាយពីការពឹងផ្អែកលើប្រេង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
អារ៉ាប៊ីសាអូឌីត ប្រទេសនាំចេញប្រេងឈានមុខគេរបស់ពិភពលោក កំពុងតែវិនិយោគលើទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវផែនការ Saudi Vision 2030 របស់ខ្លួន ដោយផ្តោតលើការកាត់បន្ថយការពឹងផ្អែកខ្លាំងលើការនាំចេញប្រេង និងការចំណាយកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឧស្សាហកម្មដូចជា ទេសចរណ៍ កីឡា ព្រមទាំងផលិតកម្មជាដើម។ មិនតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតក៏កំពុងតែធ្វើការដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅបន្ថែមទៀត ដើម្បីធានាថាផែនការដ៏មានមហិច្ឆតារបស់ខ្លួននៅតែដើរតាមគន្លងដែលខ្លួនបានគូសវាស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានបន្ថែមថា ការនាំចេញផលិតផលក្នុងស្រុកមិនមែនប្រេងបានកើនឡើង ១៣% បើធៀបនឹងឆ្នាំមុន ហើយមានជាង ១១៣% ចាប់តាំងពីការចាប់ផ្តើមគំនិតផ្តួចផ្តើមនៃចក្ខុវិស័យ Saudi Vision 2030 ។ ជាមួយគ្នានោះផងដែរ លោក Abdulrahman Althukair នាយកប្រតិបត្តិនៃអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញអារ៉ាប៊ីសាអូឌីតត្រូវបានដកស្រង់សម្តីដោយ SPA ដែលបង្ហាញពីការកើនឡើងនៃការនាំចេញផលិតផលក្នុងស្រុកមិនមែនប្រេង ដើម្បីឆ្ពោះទៅកាន់កិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អារ៉ាប៊ីសាអូឌីតបានប្រកាសរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ខ្លួនសម្រាប់ផែនការ Saudi Vision 2030 ដែលមើលឃើញថា ព្រះរាជាណាចក្រមួយនេះ បានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសមានតម្លៃ ២០,៦៩ពាន់លានដុល្លារ ហើយព្រមទាំងបានកំណត់នូវគោលដៅទាក់ទាញការវិនិយោគដោយផ្ទាល់ពីបទេសប្រចាំឆ្នាំរហូតដល់ ១០០ពាន់លានដុល្លារនៅពេលអនាគត៕


ចែករំលែកព័តមាននេះ