រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន គឺជាករណីជនមានសតិមិនល្អម្នាក់ដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកកចាស់ក្នុងកេសស្នោនោះ ទើបបណ្តាលឱ្យមានសំឡេងផ្ទុះមួយបានកើតឡើងនៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ២៧ មេសា ឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ គួររំលឹកថា សង្ស័យផ្ទុះកំប៉ុងហ្គាសក្រោមស្ពានអាកាសព្រះមុនីវង្សថ្មី ផ្អើលសមត្ថកិច្ចទាំងយប់បិទចរាចរណ៍៣ម៉ោង
លោកឧត្តមសេនីយឯកជួន ណារិន្ទ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមនាថ្ងៃទី២៧ មេសា ឆ្នាំ២០២៥ នេះថា «ខ្ញុំបាទសូមគោរព និងជម្រាបជូន មហាជនមេត្តាជ្រាបថា នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧.០៤.២៥ នៅក្រោមស្ពានអាកាស ក្នុងខណ្ឌចំកាមន មានសម្លេងផ្ទុះបន្តិច ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់ដែល មានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសម្រាមមានបំពង់ហ្គាសទូរទឹកកក ចាស់ខូចចោលនៅក្នុងនោះធ្វើឱ្យក្ដៅហើយផ្ទុះតែម្ដង។
ដូច្នេះ សូមមហាជនមេត្តាគោរពជូនជ្រាបជាព័ត៌មាន(គឺមិនមានហេតុការអាក្រក់ណាមួយកើតឡើងនោះទេ)»។
សូមរំលឹកថា ប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានថាសង្ស័យផ្ទុះកំប៉ុងហ្គាសរ ឬផ្ទុះអ្វីក៏មិនដឹងទេ អត់ហ៊ានចូលជិត ទើបកម្លាំងចម្រុះចុះមកឡោមព័ទ្ធបិទផ្លូវធ្វើការត្រួតពិនិត្យ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុចក្រោមស្ពានអាកាសព្រះមុនីវង្សថ្មី ជាប់ព្រំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់ផ្សារដើមថ្កូវនិងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានអោយដឹងថា ប្រជាពលរដ្ឋមានការសង្ស័យផ្ទុះគ្រាប់ ឬផ្ទុះកំប៉ុងហ្គាស អត់ហ៊ានចូលទៅជិត ក៏បានរាយការណ៍ទៅសមត្ថកិច្ច ដោយសារនៅសល់តែកំប៉ុងដែលផ្ទុះនោះស្រដៀងដូចកំប៉ុងហ្គាស តែមានសភាពរហែក និងឮលាន់សំឡេងផ្ទុះខ្លាំង ខ្ទាតកេះឈើ៤ជ្រុង តែសំណាងមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។ ភ្លាមៗនោះកងរាជអាវុធហត្ថខណ្ឌក្រុងរួមនិងកម្លាំងសមត្ថកិច្ចចំរុះនិងជំនាញស៊ីម៉ាក់ចុះពិនិត្យនិងបិទចរាចរណ៍មិនអោយអ្នកដំណើរឆ្លងកាតរយះពេល៣ម៉ោង ទើបប្រតិបត្តិការត្រួតពិនិត្យក៏បានបញ្ចប់ និងបើកដំណើរការចរាចរណ៍ក្រោមស្ពានឡើងវិញជាធម្មតា ។
អាជ្ញាធរបានឱ្យដឹងថា ក្រោយពលរដ្ឋរាយការណ៍ និងសង្ស័យថាមានករណីគ្រាប់កែច្នៃផ្ទុះក្រោមស្ពានអាកាសខាងលើ ទើបកម្លាំងចំរុះ កម្លាំងកងរាជអាវុធហត្ថ រួមទាំងផ្នែកជំនាញកោសល្យវិច្ឆ័យនិងកម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានហ៊ុមព័ទ្ធជុំវិញទីតាំងសង្ស័យគ្រាប់កែច្នៃត្រូវបានផ្ទុះ ។ ពេលពិនិត្យមើលបឋម សង្ស័យកំប៉ុងហ្គាសកែច្នៃយកមកដុត តែកំប៉ុងចាស់ក៏ផ្ទុះ រួចអ្នកដែលយកកំប៉ុងដុតនាំគ្នារត់ចោលអស់ ។
យ៉ាងណាមិញ ផ្នែកជំនាញកំពុងតែបើកការសើបអង្កេតដើម្បីបញ្ជាក់ការពិត និងយកសំបកកំប៉ុងទៅពិនិត្យបន្តទៀត ហើយបិទចរាចរណ៍ដែលប្រជាពលរដ្ឋធ្វើដំណើរពីរង្វង់មូលក្រោមស្ពានសំដៅទៅផ្លូវព្រះមុនីវង្សបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរ និងងាយស្រួលផ្នែកជំនាញពិនិត្យជុំវិញកន្លែងកើតហេតុ ព្រមទាំងបានបើកដំណើរការវិញនៅវេលាម៉ោង៣ទៀបភ្លឺ ៕













អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ