កម្ពុជានឹងអាចកើបលុយ បើសិនជាកម្ពុជាអាចទាក់ទាញជនជាតិចិនអោយមកលេងកម្ពុជាច្រើន ខណ:ដែលមេដឹកនាំកម្ពុជា និងចិនបានប្រកាសឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ។ កម្ពុជាបានដាក់គោលដៅទាក់ទាញទេសចរបរទេសចំនួន៧,៥ លាននាក់ នៅឆ្នាំ២០២៥ដោយក្នុងនោះ គឺមានចិន១,១លាននាក់…
កម្ពុជានឹងអាចកើបលុយ បើសិនជាកម្ពុជាអាចទាក់ទាញជនជាតិចិនអោយមកលេងកម្ពុជាច្រើន ខណ:ដែលមេដឹកនាំកម្ពុជា និងចិនបានប្រកាសឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ។
កម្ពុជាបានដាក់គោលដៅទាក់ទាញទេសចរបរទេសចំនួន៧,៥ លាននាក់ នៅឆ្នាំ២០២៥ដោយក្នុងនោះ គឺមានចិន១,១លាននាក់ ។ ប៉ុន្តែនៅក្នុងតំបន់ កម្ពុជាត្រូវប្រកួតប្រជែង ជាពិសេសជាមួយវៀតណាម និងថៃ នៅក្នុងការដណ្តើមទេសចរចិននេះ ។ ដូច្នេះយើងត្រូវចេះលៃលករកវិធីដែលមានប្រសិទ្ធភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសទាំងនេះ ។
លោកប្រធានាធិបតី ចិន ស៊ី ជីនពីង មកកម្ពុជា ក្រោយចូលឆ្នាំថ្មីៗនេះក៏បានឯកភាពកំណត់យកឆ្នាំ២០២៥នេះ ជាឆ្នាំទេសចរណ៍កម្ពុជា និងចិនដែរ ។ ដូច្នេះវាក៏ជាសក្តានុពលមួយ ដើម្បីធ្វើយ៉ាងណាយើងអាចបង្កើនការទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជាដោយផ្ទាល់ទោះបីជាមិនដូចជា វៀតណាម និងថៃ ប៉ុន្តែក៏គួរតែច្រើនជាងមុនឲ្យច្រើនបន្តិច ។ បើសិនជាយើងអាចឆក់យកបេះដូងជនជាតិចិនអោយបានច្រើន តាមដែលអាចធ្វើទៅបានមែននោះ យើងនឹងអាចរកលុយបានកាន់តែច្រើន ពីវិស័យទេសចរណ៍ ចំណែកប្រជាជនកម្ពុជាក៏កាន់តែបានផលពីវិស័យនេះ ។
មកដល់ពេលនេះធនធាន និងសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា គឺពិតជាមិនអាចប្រៀបបាននឹងប្រទេសថៃ និងវៀតណាម ដែលជាប្រទេសជិតខាងនៅខាងលិច និងខាងកើតនេះបានទេ ប៉ុន្តែយើងក៏មិនគួរមិនធ្វើការសាកល្បងពង្រឹង និងរៀបចំខ្លួនយើងឲ្យឯករាជ្យមួយនៃទីផ្សារទេសចរណ៍យើងដែរ ។
ជាការពិតវិស័យទេសចរណ៍កម្ពុជាយើង គឺនៅពឹងផ្អែកច្រកចូលពីវៀតណាម និងថៃ ច្រើនមែន ហើយមួយចំនួនធំ គឺបានមកលេងកម្ពុជា គឺក្រោយពេលដែលគេដើរលេងនៅថៃ ឬវៀតណាមរួចហើយ ដោយសារអ្វី គឺដោយសារតែយើងមានច្រកចេញច្រកចូលចង្អៀតបន្តិច ។ មកដល់ពេលនេះ ច្រកចូលមកកម្ពុជាជាច្រើនគោលដៅ គឺនៅតែឆ្លងចូលតាមប្រទេសជិតខាង មិនថា មកពីអឺរ៉ុប អាមេរិក អូស្ត្រាលី សូម្បីជប៉ុន ដូច្នេះហើយបានភាគច្រើនភ្ញៀវទេសចរមកលេងថៃ ឬវៀតណាមហើយបានពួកគេមកបន្តលេងកម្សាន្តនៅកម្ពុជា ។
សម្រាប់កញ្ចប់ទេសចរណ៍មកពីអឺរ៉ុប និងពីអាមេរិក គឺវាបែបនោះមែន ប៉ុន្តែសម្រាប់កញ្ចប់ទេសចរណ៍ជាមួយចិនយើងខ្ញុំគិតថា វា គឺជាច្រកមួយដែលយើងអាចធ្វើដោយខ្លួនយើង ដោយសារតែពេលនេះយើងមានជើងហោះហើរត្រង់ជាមួយនឹងចិនជាច្រើនគោលដៅ សូម្បីតែរដ្ឋធានីប៉េកាំង របស់មហាយក្សចិនក៏មានការហោះហើរត្រង់មកកាន់កម្ពុជាដែរ ។ ក្រៅពីនោះ គឺមានទៅក្វាងចូវ ទៅគុណមិញ និងទៅគោលដៅជាច្រើនកន្លែងផ្សេងទៀត ។
សម្រាប់ទៅចិនមួយយើងហាក់ដូចជា លែងត្រូវការការតភ្ជាប់ជើងហោះហើរជាមួយនឹងប្រទេសថៃ ឬវៀតណាម ឬប្រទេសផ្សេងដូចជា ពីមុនទៀតហើយ គឺទៅចិនផ្ទាល់ៗតែម្តង។ ដូច្នេះយើងពិតជាមានឯករាជ្យភាពនៅក្នុងការធ្វើកញ្ចប់ទីផ្សារទេសចរណ៍សម្រាប់យើងផ្ទាល់ ។ នៅត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ វៀតណាមផ្តួលថៃបានហើយរឿងទាក់ទាញអ្នកទេសចរចិនឲ្យមកធ្វើទេសចរណ៍នៅប្រទេសខ្លួន ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ត្រីមាសទីមួយនៃឆ្នាំ២០២៥ វៀតណាមទាក់ទាញទេសចរចិនបាន១,៥លាននាក់ កើនដល់ទៅ១៧៨ភាគរយ តែថៃវិញបានតែ១,៣ លាននាក់ ។ ការដែលវៀតណាម មានប្រៀបនៅត្រីមាសមុននេះ ថៃកំពុងតែប្រជុំរៀបចំគោលនយោបាយផ្សេងៗ ដើម្បីបង្កើនភាពខ្លាំងទាក់ទាញភ្ញៀវទេសចរចិនយកទៅវិញ ។
សម្រាប់កម្ពុជាយើងតួរលេខប្រចាំត្រីមាស នៅមិនទាន់ដឹងទេ តែបើត្រឹម២ខែ ពោល គឺត្រឹមខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ តួលេខភ្ញៀវទេសចរចិន គឺត្រឹមតែជិត២សែននាក់ប៉ុណ្ណោះជាមួយនឹងកំណើនជិត៦៨ភាគរយ ហើយបើនិយាយដល់តួរលេខ១ឆ្នាំ ជាពិសេសគឺកាលពីឆ្នាំ២០២៤ ក៏មិនដល់ខ្ទង់លានដូចជាថៃ និងវៀតណាមដែរ ពោល គឺត្រឹមតែ ជាង ៨៤ ម៉ឺននាក់ប៉ុណ្ណោះ ។
ឃើញស្ថិតិបែបនេះ សូមកុំស្ទាក់ស្ទើរនៅក្នុងការខំប្រឹង ។ នៅក្នុងករណីដែលយើងប្រទេសតូចមានប្រជាជនតិច ប៉ុន្តែយើងអាចចេះច្នៃបង្កើតកម្មវិធី ឬកញ្ចប់ទេសចរណ៍ដ៏ស្រស់ស្រាយសម្រាប់ចិនយើងក៏មានឧត្តមភាពច្រើនដែរ ។ រឿងទេសចរណ៍នេះ គឺមិនសំខាន់តូច ឬធំនោះទេ គឺសំខាន់យើងចេះធ្វើឲ្យអ្នកទេសចរគេសប្បាយចិត្តទទួលទានឆ្ងាញ់ តម្លៃសមរម្យ មានសុវត្ថិភាព ហើយគេងស្រួលគេនឹងមកលេងនៅស្រុកយើងហើយ។
សរុបមកវិញ ទោះបីជាយើងតូចក៏ពិតមែន ប៉ុន្តែសូមកុំគិតថា ខ្លួនតូច គឺយើងគួរតែសិក្សានិងស្វែងរកអ្វីដែលជាឧត្តមភាពអ្វីដែលជាចំណុចខ្លាំងរំលេចហើយពង្រឹងការផ្សព្វផ្សាយនោះ ។ យើងពិតជានឹងអាចធ្វើបានហើយ ៕
ចែករំលែកព័តមាននេះ