របៀបនៃការដោះដូរទំនិញ ឬផលិតផលដែលយុត្តិធម៌បំផុតសម័យមុន គឺ «លុយចេញទំនិញដល់ដៃ» ។ ប៉ុន្តែសម័យនេះ លុយអាចចេញមុន តែទំនិញត្រូវរង់ចាំមួយរយៈ ជាពិសេស គឺយន្តការនៃការដោះដូរសម័យឌីជីថល…
របៀបនៃការដោះដូរទំនិញ ឬផលិតផលដែលយុត្តិធម៌បំផុតសម័យមុន គឺ «លុយចេញទំនិញដល់ដៃ» ។ ប៉ុន្តែសម័យនេះ លុយអាចចេញមុន តែទំនិញត្រូវរង់ចាំមួយរយៈ ជាពិសេស គឺយន្តការនៃការដោះដូរសម័យឌីជីថល ឬសម័យបញ្ញាសិប្បនិម្មិត ។ ដូច្នេះក៏មានអ្នកដែលរងគ្រោះជាហូរហែ ។

ដោយសារតែបច្ចេកវិទ្យារីកចម្រើនសព្វថ្ងៃនេះ រូបភាពនៃការដោះដូរ ឬទូទាត់តាមរូបមន្ត «លុយចេញទំនិញដល់ដៃ» ត្រូវបានអ្នកខ្លះគិតថា គឺជាមូដែលនៃការធ្វើអាជីវកម្មហួសសម័យ ។
ដោយសារតែបច្ចេកវិទ្យារីកចម្រើន នៅពេលនេះ មានប្រជាពលរដ្ឋជាច្រើនខ្ជិលទៅផ្សារ ហើយដើម្បីផ្តល់ភាពងាយស្រួលក៏មានពាណិជ្ជករទាន់សម័យមិនតិចនោះទេ ដែលបើកទីផ្សារលក់ដូរទំនិញតាមអនឡាញ ដូចជា តាមបណ្តាញសង្គមហ្វេសប៊ុក តិកតុក ឬតាមតេឡេក្រាមជាដើម។ល។
សម្រាប់អ្នកដែលធ្វើអាជីវកម្មបែបនេះ ក៏មានអ្នកដែលបន្តអនុវត្តរូបមន្តនៃការដោះដូរ «លុយចេញទំនិញដល់ដៃ» ។ ពោលអ្នកលក់បង្ហាញផលិតផលនៅតាមអនឡាញដល់អតិថិជន ហើយអតិថិជនពេញចិត្ត គឺពួកគេអាចបញ្ជាទិញ រួចហើយពួកគេដឹកទំនិញបញ្ជូនទៅអោយអតិថិជនដល់ពេលអតិថិជនទទួលទំនិញបានបង់លុយ ។

រូបភាពបែបនេះសុវត្ថិភាព ប៉ុន្តែក៏មានអ្នកលក់ខ្លះ គឺក្រោយពេលដែលបង្ហាញផលិតផលហើយមុននឹងដឹក ទំនិញដល់អតិថិជន គឺទាល់តែអតិថិជនទូទាត់ពួកគេជាមុន ។ ករណីនេះ មានអ្នករកស៊ីស្មោះត្រង់វាមិនអីទេ ប៉ុន្តែវាជាច្រកមួយដែលនាំឲ្យជនខិលខូចលួចមូដែលនេះទៅធ្វើ ហើយនៅពេលអតិថិជនពេញចិត្ត និងទូទាត់ហើយពួកគេក៏ប្លក់អតិថិជននេះចោល ។
ករណីនេះមានច្រើនដែរ ហើយក៏មានប្រជាពលរដ្ឋបានចែករំលែកនៅលើបណ្តាញសង្គមជាបន្តបន្ទាប់មកហើយដែរ ។ សមត្ថកិច្ចក៏បានស្រាវជ្រាវនឹងចាត់ការក៏មិនតិចដែរ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ Facebook Page លក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទបោកប្រាស់អ្នកដទៃ ក្រោមរូបភាពឲ្យអតិថិជនផ្ញើលុយមកមុន រួចគេផ្ដាច់ការទំនាក់ទំនងតែម្ដង ដោយប្លុកអ្នកទិញចោល ។
តាមសេចក្តីរាយការណ៍នៅលើសារព័ត៌មាននានាថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រោយស្ដាតចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
ក្រោយឃាត់ខ្លួន ជននេះបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន ។ តាមភស្ដុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ ។
ក្រៅពីនោះក៏ឃើញមានសេចក្តីរាយការណ៍មួយចំនួន ពីសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍អំពីករណីឆបោកលុយភ្ញៀវទេសចរតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក តាមការក្លែងជាអ្នកលក់អ៊ីវ៉ាន់ ។ ប៉ុន្តែក្រោយភ្ញៀវបាញ់លុយហើយ ពួកគេមិនដាក់អីវ៉ាន់ឱ្យភ្ញៀវជាច្រើនករណី ។
ដើម្បីសុវត្ថិភាព និងយុត្តិធម៌ យើងទាំងអស់គ្នាកុំឆាប់ជឿ និងកុំឆាប់ផ្ទេរលុយឲ្យគេលឿនពេក ពីព្រោះថា សម័យនេះ ការផ្ទេរលុយនេះ គឺងាយស្រួលបំផុត គឺតាមលេខកូដ ឬឃ្យូអរកូដត្រឹមតែប៉ុន្មានវិនាទី គឺរួចស្រេច ។ យើងដឹងថា នៅក្នុងអាជីវកម្មសម័យនេះ គឺមានអ្នកដែលល្អអ្នកដែលស្មោះត្រង់ ប៉ុន្តែដើម្បីកុំអោយ មានជនឆ្លៀតឱកាសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃច្រើនពេក គួរតែនាំគ្នាប្រកាន់យកមូលដ្ឋាននៃការធ្វើអាជីវកម្មតាមរូបភាព«លុយចេញទំនិញដល់ដៃ»។ ការអនុវត្តការធ្វើអាជីវកម្មតាមរូបភាពនេះ ថ្វីត្បិតែវាចាស់គំរិលបន្តិច ប៉ុន្តែវា គឺជាគំរូនៃការធ្វើអាជីវកម្មដ៏យុត្តិធម៌៕
ចែករំលែកព័តមាននេះ