ទីក្រុងតេអេរ៉ង់៖ ថ្វីដ្បិតប្រទេសរបស់ខ្លួនក៏កំពុងមានបញ្ហានុយក្លេអ៊ែរដោះស្រាយមិនទាន់រួចរាល់នៅឡើយផង ប៉ុន្តែអ៊ីរ៉ង់ឆ្លៀតគិតគូរទៅដល់សុខទុក្ខរវាងឥណ្ឌា និងប៉ាគីស្ថានដែលកំពុងមានបញ្ហាតានតឹងនឹងគ្នាក្រោយហេតុការណ៍បាញ់ស្លាប់មនុស្ស២៦នាក់នៅតំបន់កាស់ស្មៀ។ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ឈី (Abbas Araghchi) ស្ម័គ្រចិត្តធ្វើជាអន្តរការីដើម្បីដោះស្រាយជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។
លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងផ្នែកវប្បធម៌ និងអរិយធម៌ដ៏យូរលង់រវាងអ៊ីរ៉ង់ជាមួយប្រទេសទាំង២។ លោកថ្លែងថារដ្ឋាភិបាលទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់ការិយាល័យរបស់ខ្លួននៅឥស្លាមម៉ាបាត និងញូដេលីដើម្បីព្យាយាមស្វែងយល់ចិត្តគ្នាកាន់តែខ្លាំងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
លទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាននៅតែមានកម្រិតខ្ពស់ ហើយនឹងមានគ្រោះថ្នាក់សម្រាប់ពិភពលោកក្នុងនាមប្រទេសទាំង២មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃដូចគ្នា។ ការដែលអ៊ីរ៉ង់ស្ម័គ្រចិត្តចូលខ្លួនធ្វើជាអ្នកសម្របសម្រួលលើកនេះអាចជាសញ្ញាល្អ១ដែលជួយបន្ធូរបន្ថយភាពតានតឹង និងនាំឱ្យមានសន្តិភាពឡើងវិញ។ ភាពតានតឹងនៅក្នុងតំបន់ក៏អាចនឹងស្ងប់ស្ងាត់ទៅវិញផងដែរ។
ម៉្យាងទៀត ការដែលអ៊ីរ៉ង់ចូលខ្លួនពាក់ព័ន្ធនៅក្នុងបញ្ហានេះជាសញ្ញាបង្ហាញថាអ៊ីរ៉ង់នៅតែចង់ឃើញស្ថិរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីអ៊ីរ៉ង់បង្ហោះសារនៅលើបណ្ដាញអ៊ិចថាឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែជាប្រទេសជិតខាង និងប្រៀបបាននឹងបងប្អូនរបស់អ៊ីរ៉ង់។ ពួកយើងបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នាអស់ជាច្រើនសតវត្សមកហើយខាងផ្នែកវប្បធម៌ និងអរិយធម៌។
ឥឡូវនេះ ប្រទេសទាំង២មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ។ ប៉ុន្តែឥណ្ឌាកំពុងក្រពុលមុខយ៉ាងខ្លាំង។ ឥណ្ឌាប្ដេជ្ញាថាត្រូវតែតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសឱ្យបាន។ បន្ទាប់ពីកំណត់មុខសញ្ញាជនសង្ស័យមួយចំនួនដែលជាជនជាតិប៉ាគីស្ថាន ឥណ្ឌាបានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះរបស់ពួកគេអស់រលីង។ ក្រុមប្រដាប់អាវុធដែលហៅខ្លួនឯងថា «រណសិរ្យតស៊ូ» បានប្រកាសថានេះជាស្នាដៃរបស់ខ្លួន។ ក្រុមនេះមានទំនាក់ទំនងជាមួយចលនាភេរវកម្មដែលមានមូលដ្ឋាននៅប៉ាគីស្ថាន។ ប៉ុន្តែរដ្ឋភិបាលទីក្រុងឥស្លាមម៉ាបាតប្រកាសថាខ្លួនមិនគាំទ្រការវាយប្រហារនៅតំបន់កាស់ស្មៀនោះទេ៕
ចែករំលែកព័តមាននេះ