ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​ច្បាប់លើ​​​សិប្បកម្ម​កែ​ច្នៃ​ដំណាប់​ស្វាយ​មួយ​នៅ​ខេត្តកណ្តាល ​ក្រោយបញ្ចេញ​ទឹក​​កខ្វក់​ចូល​ស្ទឹង​ព្រែក​ត្នោត

5 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យោង​តាម​ការ​ផេ​ក​ផ្លូវការ​របស់ ក្រសួងបរិស្ថាន បង្ហោះ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក…

ខេត្តកណ្តាល ៖ យោង​តាម​ការ​ផេ​ក​ផ្លូវការ​របស់ ក្រសួងបរិស្ថាន បង្ហោះ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ក្រសួងបរិស្ថាន ដឹកនាំ​ដោយ​លោក កែ វង្ស​វ​ឌ្ឍ​នា អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក​អង្គស្នួល ក្រុមប្រឹក្សា​ឃុំ​ក្រាំង​ម្កាក់ មេ​ភូមិ​ព្រៃខ្លា និង​មន្ទីរ​បរិស្ថាន​ខេត្តកណ្ដាល បាន​រក​ឃើញ​ថា សិប្បកម្ម​កែ​ច្នៃ​ដំណាប់​ស្វាយ របស់​ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ពុំ​មាន​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​សម្អាត​សំណល់​រាវ​នោះ​ទេ បន្ទាប់​មក​ក្រុមហ៊ុន​បាន​បង្ហូរ​សំណល់​រាវ ចូល​អាង​ស្ដុក រួច​បូម​បង្ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត តាម​រយៈ​ទុយោ​បង្កប់​ក្រោម​ដី ស្ថិត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

លើស​ពី​នេះ ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន មិន​មាន​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន និង​លិខិតអនុញ្ញាត​បញ្ចេញ​សំណល់​ពាក់ព័ន្ធ​នោះ​ទេ​។ ជាមួយ​គ្នា​នេះ ក្រុម​ការងារ បាន​យក​សំណាក​ទឹក​ចំនួន​២​កន្លែង នៅ​ចុង​ទុយោ​ជាប់មាត់​ព្រែក​ត្នោត ដើម្បី​បញ្ជូន​មក​មន្ទីរ​ពិសោធន៍​របស់​ក្រសួងបរិស្ថាន​ផង​ដែរ​។  

ក្រុមការងារ​បាន​ចាត់វិធានការ​ច្បាប់ ស្រប​តាម​សារាចរ​លេខ ០៣ សរ ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ ស្ដី​ពី​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​តំបន់​ទឹក​សាធារណៈ របស់​រាជរដ្ឋា​ភិ​បាល ដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន ៧​ចំណុច ក្នុង​នោះ​មាន​វិធានការ ជា​ការងារ​អាទិភាព​មួយ ដែល​ត្រូវ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​បន្ទាន់ សំដៅ​ទប់ស្កាត់​ការ​បំពុល​តំបន់​ទឹក សាធារណៈ​ពី​សកម្មភាព​បញ្ចេញ​ទឹក​កខ្វក់ និង​សំណល់​រាវ​ពី​រោងចក្រ សហគ្រាស ក្រុមហ៊ុន សួន​ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស អាជីវកម្ម​ធនធាន​រ៉ែ និង​ទី​សត្តឃាត គឺ​ត្រូវ​ធ្វើការ​បំពាក់ និង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ​ការ​បញ្ចេញ​សំណល់​រាវ ស្រប​តាម​លិខិត​បទដ្ឋាន គតិ​យុ​ត្ត​ជា​ធរមាន​។

ជាមួយ​គ្នា​នេះ​សេចក្តីជូនដំណឹង របស់​រាជរដ្ឋាភិបាល លេខ​៥៩០ ស​ជ​ណ​.​តប ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ បាន​ចែង «​ចំពោះ​ក្រុមហ៊ុន នៅ​ពេល​ដែល​មានការ​មិន​គោរព​លើ​បទដ្ឋាន​បច្ចេកទេស និង​ច្បាប់​ជា​ធរមាន​» ក្នុង​នោះ ទី​១ ក្រសួងបរិស្ថាន​ផ្អាក​រាល់​ការ​ចេញ​លិខិតអនុញ្ញាត​ជូន​ទៅ​ក្រុមហ៊ុន រហូត​ដល់​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ តាម​ច្បាប់​និង​គោលការណ៍​ជា​ធរមាន​។ ទី​២ ក្នុង​ករណី​មិន​អនុវត្ត​តាម ឬ​បំពាន​ចំណុច​ទី​១ ខាងលើ ក្រសួងបរិស្ថាន​ត្រូវ​ផ្អាក​ដំណើ​ការ​ក្រុមហ៊ុន រហូត​ដល់​ក្រុមហ៊ុន​ធ្វើការ​កែតម្រូវ តាម​ច្បាប់​និង​គោលការណ៍​ជា​ធរមាន​។ ទី​៣​ក្នុង​ករណី​មិន​អនុវត្ត​តាម ឬ​បំពាន​ចំណុច​ទី​២ ខាងលើ ក្រសួងបរិស្ថាន​មាន​ចំណាត់ការ​បី​ទ​ក្រុមហ៊ុន តាម​ច្បាប់​និង​គោលការណ៍​ជា​ធរមាន​។ បន្ថែម​ពី​នេះ អនុលោម​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ អនុក្រឹត្យ​លេខ​២៧ អន​ក្រ​.​បក ស្ដី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក ក្រុមការងារ​បាន​ដាក់​បញ្ហា​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ដូច​តទៅ​៖

ត្រូវ​បញ្ឈប់​ការ​បង្ហូរ​សំណល់​រាវ​ដោយ​ផ្ទាល់​ចូល​ប្រភព​ទឹក​សាធារណៈ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥​នេះ​តទៅ និង​ត្រូវ​ធ្វើការ​កាត់​ផ្តាច់​ទុយោ​នៅ​ខាង​មុខ​ក្រុមហ៊ុន ។​ ធ្វើការ​រុះរើ​ទុយោ​បង្កប់​ចេញ​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ជា​កំហិត និង​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន តាមដាន​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ធ្វើការ​ផាកពិន័យ​អន្ដរការណ៍ យោង​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ មាត្រា​៨២៩ មាត្រា​១៥៦ មាត្រា​១៦០ មាត្រា​២៨៧ និង​អនុក្រឹត្យ​លេខ​២៧ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹកត្រូវ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​វិស្វកម្ម​បរិស្ថាន ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រសួងបរិស្ថាន និង​ត្រូវ​បំពាក់​ឧបករណ៍​ស្វ័​យ​ត្រួតពិនិត្យ​ការ​បញ្ចេញ​សំណល់​រាវ យោង​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​មាត្រា​២៨៧ ។ នៅ​ក្នុង​ដំណាក់កាល​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្អាត​សំណល់​រាវ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ដែល​ទទួលស្គាល់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​បូម​សម្អាត​សំណល់​រាវ ចេញពី​ទីតាំង​ក្រុមហ៊ុន​។​

ត្រូវ​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង
​វិស័យ​បរិស្ថាន​ផ្សេង​ទៀត យោង​តាម​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​មាត្រា​៦៥០ត្រូវ​ផ្ដល់​សំណង​ខូចខាត និង​ផល​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​សាធារណៈ អនុលោម​តាម​មាត្រា​១៦២ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ត្រូវ​ធ្វើការ​ស្ដារ​ស្ទឹង​ព្រែក​ត្នោត​ដែល​ទទួល​រង​ការ​បំពុល​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ អនុលោម​តាម​មាត្រា​៧២៤ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។

សូម​បញ្ជាក់​ថា ជាមួយ​ការ​រក​ឃើញ​ករណី​ល្មើសច្បាប់​របស់​ក្រុមហ៊ុន​នា​ពេល​នេះ ក្រុមការងារ​ក្រសួងបរិស្ថាន បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ក្រុមហ៊ុន មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​បរិភោគ​ទឹកស្ទឹង ដែល​មិន​បាន​ចំអិន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​លើ​បញ្ហា​សុខភាព​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ