រាជធានីភ្នំពេញ ៖ នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលបណ្ដឹងចំនួន ៤៤បណ្ដឹង ដោយបណ្ដឹងចំនួន២ បានទទួលពីស្ថាប័នតុលាការ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ លើកទី៤៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ថា នៅខែមេសានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង ដែលមានក្នុងខែ សរុបចំនួន ៤៤ ពាក្យប្ដឹង។ ដោយឡែក មានពាក្យប្ដឹងចំនួន២ ដែលសាលាដំបូងខេត្តសៀមរាប (ករណីបណ្តឹងព្រហ្មទណ្ឌ របស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ប្តីប្រពន្ធឈ្មោះ ចិន ស្រីជា និង ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់) និងសាលាដំបូងខេត្តតាកែវ (ករណីមន្ត្រី ដែលសង្ស័យទទួលសំណូកពីអ្នកលក់ដូរគ្រឿងញៀន) បានបញ្ជូនមក អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ។
អ្នកនាំពាក្យ ក៏បានឲ្យដឹងថា មានមន្ត្រីចំនួន ១៧២រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៣១រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៩រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ ។
លោកបានឲ្យដឹងទៀតថា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋខេត្តយូណាន ដែលដឹកនាំដោយ លោក Lei Gang សមាជិកអចិន្ត្រៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ដែលអមដំណើរដោយប្រតិភូ០៤រូប។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ៖
(១)-បង្កើនការចែក រំលែកបទពិសោធន៍ រវាងស្ថាប័នទាំងពីរ លើការងារអភិបាលកិច្ច និងនវានុវត្តន៍ប្រព័ន្ធគ្រប់គ្រង។
(២)-ពង្រឹង យន្តការកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងនាយកដ្ឋានពាក់ព័ន្ធ លើការងារស៊ើបអង្កេតករណីពុករលួយឆ្លង ដែន និងការងារបណ្តុះបណ្តាលមន្ត្រីជំនាញ។
(៣)-ជំរុញការរៀបចំគម្រោងការកសាងស្អាតស្អំ នៃគំនិត ផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”
(៤)-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មួយចំនួនផ្សេងទៀត ៕




ចែករំលែកព័តមាននេះ