មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានទម្លាក់ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចកម្ពុជាហើយ ក្រោយពេលដែលសហរដ្ឋអាមេរិកប្រកាសដាក់គំនាបពន្ធបដិការ៤៩ភាគរយ មកលើទំនិញកម្ពុជា ប៉ុន្តែកុំអស់សង្ឃឹម ប្រសិនបើយើងប្រឹងប្រែងឱកាសនៃការរក្សាអត្រាកំណើននៅតែមាន ។ តាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែល…
មូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានទម្លាក់ការព្យាករណ៍នៃកំណើនសេដ្ឋកិច្ចកម្ពុជាហើយ ក្រោយពេលដែលសហរដ្ឋអាមេរិកប្រកាសដាក់គំនាបពន្ធបដិការ៤៩ភាគរយ មកលើទំនិញកម្ពុជា ប៉ុន្តែកុំអស់សង្ឃឹម ប្រសិនបើយើងប្រឹងប្រែងឱកាសនៃការរក្សាអត្រាកំណើននៅតែមាន ។
តាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែល IMF បានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ៍ ស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ មិនត្រឹមតែទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាតែមួយនោះទេ គឺបានទម្លាក់ការព្យាករណ៍សម្រាប់ពិភពលោកទាំងមូលតែម្តងចំពេលមានភាពចលាចលផ្នែកពន្ធបដិការដែលដាក់ដោយសហរដ្ឋអាមេរិក មកលើប្រទេសនានានៅលើពិភពលោក ។

IMF បានបន្ទាបការព្យាករណ៍អំពីអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជារហូតដល់ទៅ៤ភាគរយ ខណៈដែលការព្យាករណ៍ដែលបានប្រកាសកាលពីខែតុលា ខ្លួនបានអះអាងថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចដល់ទៅ៥,៥ភាគរយនោះ ។
ក្រៅពីនោះ ស្ថាប័នហិរញ្ញវត្ថុកម្រិតពិភពលោកមួយនេះក៏បានបន្តទម្លាក់ការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែអាក្រក់បន្ថែមទៀត សម្រាប់ឆ្នាំ២០២៦ខាងមុខ ។ IMF បានអះអាងថា កំណើននៅឆ្នាំក្រោយពោល គឺឆ្នាំ២០២៦ ឥឡូវនេះត្រូវបានគេរំពឹងថា នឹងទទួលបានត្រឹមតែ៣,៤ ភាគរយប៉ុណ្ណោះ ខណៈដែលការព្យាករណ៍ពីមុនរំពឹងថា អាចទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៥,៨ភាគរយ ។
តាមរបាយការណ៍នោះ IMF មិនបានពន្យល់លម្អិតអំពីការសម្រេចព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចកម្ពុជាច្បាស់លាស់នោះទេ ប៉ុន្តែមូលហេតុសំខាន់ គឺគ្មានអ្វីក្រៅពីបញ្ហាសម្ពាធពន្ធបដិការដែលសហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃទី០២ ខែមេសា រហូតដល់៤៩ភាគរយលើទំនិញកម្ពុជាដែលនាំចូលសហរដ្ឋអាមេរិកនោះទេ ។

ចាប់តាំងពីខែកុម្ភៈមក សហរដ្ឋអាមេរិកបានប្រកាសពីរលកសម្ពាធពន្ធជាច្រើន ប្រឆាំងនឹងដៃគូពាណិជ្ជកម្មនានាដែលមួយចំនួនបានអំពាវនាវឱ្យមានវិធានការតបត ហើយកម្ពុជានៅក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបានឆ្លើយតបដោយស្រទន់ សហរដ្ឋអាមេរិកបានទទួលយក ហើយដាក់កម្ពុជានៅក្នុងចំណោមប្រទេសដែលនឹងបន្តទទួលពន្ធនាំចូលត្រឹមតែ១០ភាគរយ ហើយទុកពេលឲ្យដំណើរការចរចារ៩០ថ្ងៃ ។
ផ្អែកតាមរបាយការណ៍នេះ វា គឺជាព័ត៌មានមិនល្អមួយ ដែលអាចនឹងប៉ះទង្គិចដល់កម្ពុជា ដោយជៀសមិនរួច ហើយនៅក្នុងស្ថានការណ៍នេះវាពិតជាពិបាកប៉ាន់ស្មានមែនថា ក្រោយរយៈពេលអនុគ្រោះ៩០ថ្ងៃនឹងមានអ្វីកើតមានឡើង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុំអស់សង្ឃឹម ។ ឱកាសនៅតែមាន ហើយច្រកចេញនៅតែមានផ្លូវ ប្រសិនបើយើងស្វះស្វែងហើយខិតខំបើទោះបីជាយើងពិតជាមានមូលដ្ឋាននៃការចរចានៅក្នុងការលុបបំបាត់អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក តម្លៃជាង១០ពាន់លានដុល្លារមានកម្រិតក៏ដោយចុះ ។
នៅក្នុងឋានៈជាប្រទេសតូចមានទីផ្សារមិនធំត្រឹម១៧លាននាក់ ហើយសក្តានុពលសេដ្ឋកិច្ចទន់ខ្សោយ ប៉ុន្តែកម្ពុជា ជាប្រទេសមួយដែលសមានចិត្ត ហើយក៏មានគោលជំហរមួយដែលអព្យាកិត្រ ។ ក្រៅពីនោះកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានប្រវត្តិ និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសហរដ្ឋអាមេរិក ។ នៅក្នុងឆ្នាំនេះនៅក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលទើបតែបានដឹកនាំបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកលើកទី៣៧ ដ៏ជោគជ័យថ្មីៗនេះសង្ឃឹមថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមានសមានចិត្តអធ្យាស្រ័យ និងអនុគ្រោះតាមការគួរដល់កម្ពុជា ។
ក្រៅពីនោះក៏ត្រូវគិតគូរប៉ាន់ប្រមាណទុកជាមុនផងដែរ នៅពេលបញ្ហាសម្ពាធពន្ធបដិការដែលមិនអាចចរចាបានតាមរយៈការត្រៀមខ្លួនទប់ទល់ស្ថានការណ៍ដោយដោះស្រាយបញ្ហាផលប៉ះពាល់ ហើយក៏ត្រូវរិះគិតនូវវិធានការកាត់បន្ថយហានិភ័យនៃសេដ្ឋកិច្ច និងការងារធ្វើដល់កម្មករ និងកម្មការិនីដែលរងនូវផលប៉ះពាល់ ខណៈដែលទីផ្សារអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបង្អស់របស់កម្ពុជា ។
កម្ពុជាគួរតែពង្រឹងការធ្វើពិពិធកម្ម ពង្រឹងទីផ្សារ បង្កើនគុណភាព ព្រមទាំងគុណតម្លៃជាមួយនឹងដៃគូ ពាណិជ្ជកម្មផ្សេងទៀត ដើម្បីពង្រីកទីផ្សារជាមួយនឹងដៃគូដែលបន្តអនុគ្រោះដល់កម្ពុជា ។
សរុបមកវិញ ទោះជានៅក្នុងស្ថានភាពណាក៏ដោយ នៅក្នុងករណីដែលយើងច្បាស់លាស់មានការខិតខំប្រឹង ប្រែងរួមគ្នា ទោះជាមានការលំបាកប៉ុណ្ណាក៏ដោយក៏យើងគង់នឹងអាចហែលឆ្លងវាបាន ។ សូមលើកកម្ពស់ ការខិតខំប្រឹងប្រែងទាំងអស់គ្នា រួមសាមគ្គីគ្នា ហើយក៏ត្រូវតែព្យាយាមយ៉ាងណាកាត់បន្ថយបញ្ហា តែពង្រីកគុណតម្លៃ និងសមត្ថភាពឲ្យកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ