ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​២​នាក់ ក្លាយជា​ក្មេង​កំព្រា ក្រោយ​ឪពុក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧

16 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥​នេះ ក្មេង​ស្រី​ជំទង់​២​នាក់​បងប្អូន បាន​ក្លាយទៅជា​កូនកំព្រា ទាំង​ឪពុក និង​ម្តាយ ខណៈ​ពេល…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥​នេះ ក្មេង​ស្រី​ជំទង់​២​នាក់​បងប្អូន បាន​ក្លាយទៅជា​កូនកំព្រា ទាំង​ឪពុក និង​ម្តាយ ខណៈ​ពេល ដែល​ម្តាយ​រស់នៅ​មិន​ចុះសម្រុង បាន​លែងលះ​ជាមួយនឹង​បុរស​រង​គ្រោះ ក៏​ចាកចេញ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​មានគ្រួសារ​ថ្មី​ទៀត ទុក​ឱ្យ​កូន​ទាំង​២​នាក់ រស់នៅ​ជាមួយ​ឪពុក និង​យាយ​ជា​អ្នក​ចិញ្ចឹម ក្នុងភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន លុះ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥​នេះ ជន​រង​គ្រោះ​(​ឪពុក​)​កំពុង​តែ​ជិះ​ម៉ូតូ​សុខ​ៗ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ឆ្ពោះទៅ​កន្លែងធ្វើការ​នៅ​ព្រំដែន​កម្ពុជា​ថៃ ស្រាប់តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង បើក​បុក​ជាមួយនឹង​រថយន្ត​ជនជាតិ​ចិន ត្រង់​ចំណុច​ផ្លូវ​កោង បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ក្បែរ​នោះ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​បាក់​ក​.​ស្លាប់​ភ្លាម​ៗ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ញឹ​ម សា​រ៉​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​សស្រាក់ ឱ្យ​ដឹង​ថា ៖ គាត់​មានកូន​ប្រុស ចំនួន​២​នាក់ ជន​រង​គ្រោះជា​កូន​ទី​១. ឈ្មោះ ឱ​ក សុភា អាយុ​៣៧​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ អន​ឡាញ (​ស្លាប់​កន្លែង​កើតហេតុ​)​។ កាលពី​ជាង​២០​ឆ្នាំ​មុន រូបគេ​បាន​រៀប​ការ​ជាមួយនឹង​នារី​ម្នាក់ ហើយ​ក៏​បាន​រួម​រស់នៅ​ជាមួយ​គ្នា រហូត​ទទួល​បាន​មរតក​កូនស្រី ចំនួន​២​នាក់ ទី​១. ឈ្មោះ ស៊ុ​យ សៀ​ក​ម៉ី អាយុ​១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ និង​ទី​២. ឈ្មោះ ស៊ុ​យ សៀ​កមួយ អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១០ ទាំង​២​នាក់ ស្នាក់​នៅ​រៀន រាជធានី​ភ្នំពេញ ដោយ​ទទួល​បានការ​ឧបត្ថម្ភ​ពី​ឪពុក​ប្រចាំខែ ខណៈ​ដែល​ម្តាយ​រស់នៅ​មិន​ចុះសម្រុង​ជាមួយនឹង​ឪពុក ក៏​លែងលះ​គ្នា តាំងពី​កូនស្រី​ទាំង​២​នៅ​តូច​ៗ​ម្លេះ ។

ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ កូនប្រុស​របស់​គាត់ បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ចេញ​ទៅ​ធ្វើការ​កាស៊ីណូ ដូច​សព្វមួយដង ប៉ុន្តែ​លុះដល់​ត្រង់​ចំណុច​ផ្លូវ​កោង​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន វ៉ា​ម៉ូតូ​កូនប្រុស​របស់​គាត់ ត្រង់​ចំណុច​ផ្លូវ​កោង ហើយ​ស្រប​ពេល ដែល​រថយន្ត​ជនជាតិ​ចិន បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​បុក​ជាមួយនឹង​ម៉ូតូ​រ៉ឺ​ម៉ក​ខាងលើ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​រ៉ឺ​ម៉ក​ខ្ទាត​ជ្រុល​ទៅ​បុក​ម៉ូតូ​កូនប្រុស​របស់​គាត់​ដួល​បោក​ទៅ​នឹង​ចិញ្ចើម​ផ្លូវជាតិ បាក់​ក​.​ស្លាប់​ភ្លាម​ៗ តែ​ម្តង​។ រីឯ​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក រង​របួសធ្ងន់​២​នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

គាត់​បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ ចៅស្រី​របស់​គាត់​ទាំង​២​នាក់ កំព្រា​គ្មាន​ឪពុក​ម្តាយ រកស៊ី​ចិញ្ចឹម និង​គ្មាន​ថវិកា​សម្រាប់​បន្ត​ការ​សិក្សា​រៀនសូត្រ​បន្ត​ទៅ​ទៀត​នោះ​ឡើយ ព្រោះ​អស់អ្នក​ជំហរ​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃខែ​។ គាត់​ជា​យាយ ពិតជា​រន្ធត់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ព្រមទាំង​សោកស្តាយ​ពន់ពេក ចំពោះ​ការ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់ ពេល​នេះ មាន​តែ​ដើរ​ដេក​អង្គុយ​យំ​នឹក​កូន​របស់​ខ្លួន ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​យ៉ាង​អាណោចអាធ័ម​ប៉ុណ្ណោះ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥​នេះ គាត់​បាន​ចូល​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​ម៉ូតូ​រ៉ឺ​ម៉ក និង​ខាង​ភាគី​រថយន្ត​ជនជាតិ​ចិន​ដែរ ដោយ​គេ​បាន​ជូន​ថ្លៃ​ធ្វើបុណ្យ ចំនួន​៨​លាន​រៀល​ប៉ុណ្ណោះ រីឯ​ម្ចាស់​រ៉ឺ​ម៉ក កំពុង​រង​របួសធ្ងន់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិន​ទាន់​ដោះស្រាយ​សំណង​អ្វី​ជូន​គាត់​នោះ​ទេ​។ តែ​អ្វី​ដែល​គាត់​ព្រួយបារម្ភ​ខ្លាំង គឺ​ចៅស្រី​ទាំង​ពីរ​នាក់ ដែល​កំពុង​តែ​រៀនសូត្រ នៅ​ភ្នំពេញ មិនដឹង​ជា​បាន​អ្នក​ណា​ជួយ​ឧបត្ថម្ភ​បន្ត​ទៀត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ