ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឬ​​ស្សី​កោះ​ប៉ែន​ត្រូវ​បាន​ទឹកទន្លេ​ហូរ​បុ.ក​បំ​ប៉ើង​ត្រង់​ផ្នែក​កណ្ដាល

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រដឹស ឬ​ស្ពាន​ឬ​ស្សី សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់ចាម ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់​សៀម…

ខេត្តកំពង់ចាម ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រដឹស ឬ​ស្ពាន​ឬ​ស្សី សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់ចាម ទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់​សៀម មាន​ប្រវែង​ជាង​៧០០​ម៉ែត្រ ត្រូវ​បាន​ទឹក​ហូរ​បុក​ប៉ើង​ដាច់​ត្រង់​ផ្នែក​កណ្ដាល​មិន​អាច​ឱ្យ​មនុស្ស​ដើរ​ឆ្លងកាត់​បាន​ឡើយ ។

លោក ប៊ុ​ន ដា​រា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កា​ប៉ែន​មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៥​ថា ដោយ​ឃើញ​ទឹកទន្លេ​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​សសរ​ទម្រង់​សង់​ពី​ប្ញ​ស្សី​បាន​ទ្រេត​ត្រង់​ផ្នែក​កណ្ដាល ដោយ​ឃើញ​បែប​នេះ​រូប​លោក​បានឱ្យ​កម្លាំង​កម្មករ​ដែល​យាម​នៅ​ចំណុច​ក្បាលស្ពាន​ត្រើយ​ក្រុង​កំពង់ចាម​បិទ​បា​រ៉ា​ស់​មិន​ឲ្យ​មនុស្ស​ដែល​ឆ្លងកាត់​ទៅ​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នោះ​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ ។

ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ទឹកទន្លេ​ចេះ​តែ​ឡើង​បន្ថែម​ទៀត​នោះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ធ្វើ​ឲ្យ​ស្ពាន​ប្ញ​ស្សី​ត្រង់​ផ្នែក​កណ្ដាល​ត្រូវ​បាន​ទឹក​ហូរ​បុក​បំ​ប៉ើង​ដាច់​ពី​គ្នា ។

សូម​បញ្ជាក់​ថា ស្ពាន​ឬ​ស្សី​នេះ ត្រូវ​បាន​ប្រើ​កម្លាំង​កម្មករ​ជា​ច្រើន​នាក់ ដើម្បី​ស្ថាបនា​ហើយ​អាច​ឱ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដើរ​ឆ្លងកាត់​បាន​នៅ​ដើម​ខែមករា​ឆ្នាំ​២០២៥ រហូត​មក​ដល់​ពាក់កណ្ដាល​ខែឧសភា​ទឹកទន្លេ​បាន​ចាប់ផ្ដើម​ហក់​ឡើងជា​ហេតុ​ធ្វើ​ឲ្យ​ស្ពាន​ប្ញ​ស្សី ត្រូវ​បាន​ប៉ើង​អណ្ដែត​តាម​ខ្សែទឹក​ហូរ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ជាមួយ​នោះ ក៏​បាន​ឲ្យ​កម្លាំង​កម្មករ​ចេញ​ទូក​ម៉ាស៊ីន​ទៅ ដើម្បី​អូស​យក​ឬ​ស្សី​មក​ដាក់​នៅ​មាត់ច្រាំង​ត្រើយ​ក្រុង​កំពង់ចាម សម្រាប់​ទុក​ប្រើប្រាស់​នា​ពេល​ខាង​មុខ ។

លោក​ថា ក្នុង​អំឡុង​កូ​វី​ដដែល​បាន​ផ្ទុះ​ឡើង​នា​ពេល​កន្លង​ទៅ​ស្ពាន​ប្ញ​ស្សី​ដែល​មាន​ប្រវែង​ក្រោម​១០០០​ម៉ែត្រ ត្រូវ​បាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ អាច​ដើរ​ឆ្លងកាត់​បាន​រហូត​ដល់​ខែកក្កដា​នោះ តែ​ពេល​នេះ​មិន​ដូច​ពី​មុន​ធម្មជាតិ​មានការ​ប្រែប្រួល ។

ដោយឡែក ភ្ញៀវ​បរទេស​វ័យ​ចំណាស់​មក​ពី​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​ចំនួន​ពីរ​នាក់ ដែល​ដើរមក​ដល់​មាត់ទន្លេ​ក្បាលស្ពាន​ប្ញ​ស្សី​ត្រើយ​ក្រុង​កំពង់ចាម ពួក​គាត់​បាន​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ដែល​បាន​ឈាន​ជើង​មក​ស្គាល់​ស្ពាន​ឬ​ស្សី​សម្រាប់​ឆ្លង​ទៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ។ ដោយ​ឃើញ​ទេសភាព​ស្រស់​ស្អាត​ក៏​បាន​ថតរូប​តាម​ទូរ​សព្ទ​និង​ម៉ាស៊ីន​ថត ទុក​សម្រាប់​យក​ទៅ​មើល​ជាមួយ​នោះ ពួក​គាត់​ចង់ទៅ​លេង​ដោយ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពានបេតុង​កោះ​ប៉ែន ដើម្បី​ឲ្យ​ស្គាល់​ច្បាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ម្ដង ។

ពួក​គាត់​សង្ឃឹមថា នៅ​ពេលវេលា​ណាមួយ អំណោយផល​និង​ធ្វើ​ដំណើរ​មក​លេង​នៅ​ខេត្តកំពង់​ចាម​ម្ដងទៀត​ព្រោះ​មាន​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ