ទីក្រុងកៀវ៖ បន្ទាប់ពីទទួលដំណឹងថាលោកត្រាំសម្រេចចិត្តផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនដូចធម្មតា ជាពិសេស ប្រព័ន្ធការពារដែនអាកាស រុស្ស៊ីក៏ចាប់ផ្ដើមបង្កើនការវាយប្រហារកាន់តែខ្លាំង។ កាលពីយប់មិញ អ៊ុយក្រែនអះអាងថារុស្ស៊ីវាយប្រហារខ្លាំងជាងពេលណាៗទាំងអស់ដោយបញ្ជូនដ្រូនជាង៧រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់បាញ់ប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែនឡើងសុសសាច់។
នៅក្នុងស្ថានភាពនេះ លោកហ្សេឡិនស្គីអំពាវនាវឱ្យអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីឱ្យបានឆាប់ព្រោះឮថាលោកត្រាំក៏ប្រកាសផងដែរថាលោកកំពុងពិចារណាត្រង់ចំណុចនេះ។ លោកហ្សេឡិនស្គីថ្លែងថាក្រុមប្រទេសដែលទិញប្រេងពីរុស្ស៊ីក៏ត្រូវតែជាប់ទណ្ឌកម្មផងដែរ។ ហ្សេឡិនស្គីបានបង្ហោះសារនៅលើបណ្ដាញសង្គមថាកាលពីយប់មិញ រុស្ស៊ីបញ្ជូនដ្រូន៧២៨គ្រឿង និងមីស៊ីល១៣គ្រាប់វាយប្រហារគោលដៅ៧៤១កន្លែងរបស់អ៊ុយក្រែន។ ក្នុងនោះក៏មានដ្រូនម៉ាកសាហ៊ីតរបស់អ៊ីរ៉ង់ចំនួន៣០០គ្រឿងផងដែរ។ ចំណែកគ្រាប់មីស៊ីលជាប្រភេទមីស៊ីលម៉ាកឃីនហ្សាល់ (Kinzhals) និងអ៊ីស្កាន់ដឺ (Iskanders)។
ទ័ពអាកាសអ៊ុយក្រែនអះអាងថាពួកគេញ់ទម្លាក់ដ្រូន២៩៦គ្រឿង។ ចំណែក៤១៥គ្រឿងទៀតត្រូវអគ្គិសនីឆក់វិលក្បុង និងហោះវង្វេងវង្វាន់រកទិសតំបន់គ្មាន។ ចំណែកមីស៊ីលល្បីៗរបស់រុស្ស៊ីទាំង១៣គ្រាប់នោះត្រូវអ៊ុយក្រែនបាញ់ធ្លាក់៧គ្រាប់។ លោកហ្សេឡិនស្គីថ្លែងថាការដែលរុស្ស៊ីវាយប្រហារខ្លាំងក្លាដល់កម្រិតនេះល្មមដល់ពេលដែលរុស្ស៊ីត្រូវទទួលរងទណ្ឌកម្មឱ្យបានខ្លាំងក្លាមែនទែនទើបបាន។
យប់មិញ រុស្ស៊ីដាក់ផែនការវាយប្រហារខ្លាំងជាងគេគឺទីក្រុងលូត (Lutsk) នៅប្រទេសអ៊ុយក្រែនភាគពាយព្យ។ ចំណែករដ្ឋធានីកៀវក៏រងការវាយប្រហារ និងខូចខាតមួយចំនួនផងដែរ។ ក្រៅពីនេះតំបន់ឌីនីប្រូ (Dnipro), ហ្ស៊ីតូមៀ (Zhytomyr), គីរ៉ូវ៉ូរ៉ាត (Kirovohrad), មីកូឡាយ (Mykolaiv), ស៊ូមី (Sumy), ខាគីវ (Kharkiv) និងតំបន់មួយចំនួនទៀតសុទ្ធតែរងការវាយប្រហារ។
លោកហ្សេឡិនរំលេចឱ្យឃើញថានៅពេលសហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងឱ្យមានកិច្ចព្រមព្រៀងសន្តិភាពតាមមធ្យោបាយការទូត រុស្ស៊ីបែរជាមិនបន្ធូរដៃទេ បែរជាបង្កើនការវាយប្រហារប្រដាប់អាវុធកាន់តែខ្លាំងឡើងៗទៅវិញ។ លោកចង់មានន័យថាពិភពលោកអាចមើលឃើញទាំងអស់គ្នាថារុស្ស៊ីកំពុងធ្វើផ្គើនដាក់អ្នកទាំងអស់គ្នាហើយ។ ម៉្យាងទៀត លោកអាចនឹងចង់មានន័យថាបើឃើញអាកប្បកិរិយាផ្គើនរបស់រុស្ស៊ីប៉ុណ្ណឹងហើយនៅតែមិនព្រមដាក់ទណ្ឌកម្មរុស្ស៊ីទៀតគឺចប់និយាយត្រឹមហ្នឹងតែម្ដង។
ហ្សេឡិនស្គីចាត់ទុកថាក្រុមប្រទេសដែលទិញទំនិញរបស់រុស្ស៊ី (ជាពិសេសប្រេងឆៅ) មានន័យស្មើនឹងពួកគេរួមដៃគ្នាជាមួយរុស្ស៊ីដើម្បីធ្វើបាបអ៊ុយក្រែន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែនផងដែរ។ ដូច្នេះនៅចាំអង្កាល់ទៀត? ដាក់ទណ្ឌកម្មទាំងពួកហ្នឹងផងទៅ។ ប្រភពខ្លះថាកាលពីយប់មិញ អ៊ុយក្រែនបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នរយៈពេលជាង៨ម៉ោង។ ភ្នាក់ងារពន្លត់អគ្គិភ័យក៏ចេញប្រតិបត្តិការទាំងយប់ដើម្បីពន្លត់ភ្លើងឆេះជាច្រើនកន្លែង។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ (Reuters) និងស្កាយញូស៍ (Sky News)៕
ចែករំលែកព័តមាននេះ