ទីក្រុងហ្សាការតា ៖ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ី លោក Airlangga Hartarto បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនប្រេងរដ្ឋ និងបណ្តាក្រុមហ៊ុនកសិកម្មរបស់ឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនការទិញផលិតផលរបស់សហរដ្ឋអាមេរិក ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតា ដើម្បីចៀសវាងការយកពន្ធកម្រិតខ្ពស់បំផុតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍បានសន្យាថា នឹងបង្កើនការនាំចូលផលិតផលកសិកម្ម ថាមពល និងទំនិញផ្សេងទៀត ដើម្បីបិទគម្លាតពាណិជ្ជកម្មជាមួយអាមេរិក ហើយកាលពីដើមសប្តាហ៍នេះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងតម្លៃ ១,២៥ពាន់លានដុល្លារអាមេរិក ដើម្បីទិញស្រូវសាលីបន្ថែមទៀតពីអាមេរិក។
លោក ត្រាំ បានគំរាមកំហែងឥណ្ឌូណេស៊ីជាមួយពន្ធកម្រិតខ្ពស់ចំនួន ៣២% ពីលើពន្ធមូលដ្ឋាន ១០% ប្រសិនបើឥណ្ឌូណេស៊ីមិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ លោក Airlangga Hartarto ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មបានថ្លែងថា ក្រុមហ៊ុនប្រេងរដ្ឋ Pertamina បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយសន្យាទិញថាមពលរួមមាន ឧស្ម័នឥន្ធនៈរាវ (LPG) ប្រេងសាំង និងប្រេងឆៅពីអាមេរិកបន្ថែមទៀត ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ នេះបើតាមការចេញផ្សាយពី AFP និង Reuters។
ក្រុមហ៊ុនកសិកម្ម Sorini Agro Asia Corporindo ដែលជាសមាជិកនៃសមាគមរោងម៉ាស៊ីនពោតរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន FKS Group ក៏បានចុះហត្ថលេខា MoU ដើម្បីបង្កើនការទិញផលិតផលតម្រូវការរបស់ពួកគេផងដែរ។ ទោះយ៉ាងណាក៏ដោយ លោក Airlangga Hartarto មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឯទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែកាលពីសប្តាហ៍មុនលោកបានប្រាប់អ្នកសារព័ត៌មានថា អាជីវកម្មឥណ្ឌូណេស៊ីនឹងធ្វើការប្តេជ្ញាចិត្តលើការចំណាយសរុបដែលមានតម្លៃ៣៤ពាន់លានដុល្លារអាមេរិក។
បើតាមទិន្នន័យចេញពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយឥណ្ឌូណេស៊ីមានចំនួន ១៧,៩ពាន់លានដុល្លារក្នុងឆ្នាំ2024 Bolកើនឡើង ៥,៤% បើធៀបនឹងឆ្នាំមុន៕

ចែករំលែកព័តមាននេះ