ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អគ្គិសនី កំពុង​តែ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់ និង​ពង្រឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស គឺ​ស្ថានីយ​សាក​អា​គុយ​របស់​វា​ឲ្យ​កាន់តែ​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​តែ​វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​មិន​បំពុលបរិស្ថាន និង​ចំណាយ​តិច​។ ការ​លើកទឹកចិត្ត​នេះ ត្រូវ​បាន​រំលឹក​ជា​ថ្មី…

រថយន្ត​អគ្គិសនី កំពុង​តែ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់ និង​ពង្រឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស គឺ​ស្ថានីយ​សាក​អា​គុយ​របស់​វា​ឲ្យ​កាន់តែ​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​តែ​វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​មិន​បំពុលបរិស្ថាន និង​ចំណាយ​តិច​។

ការ​លើកទឹកចិត្ត​នេះ ត្រូវ​បាន​រំលឹក​ជា​ថ្មី ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ ផង​ដែរ ។

រថយន្ត​អគ្គិសនី បាន​ហូរ​ចូល​ទីផ្សារ​នៅ​កម្ពុជា ប្រមាណ​ជា​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​មក​ដល់​ឆ្នាំ​២០២៤ កម្ពុជា​មាន​រថយន្ត​អគ្គិសនី ត្រឹមតែ​២.២៥៣ គ្រឿង​នៅឡើយ​ទេ ប៉ុន្តែ​រហូត​ដល់​ឆ្នាំ​២០៣០ គោលនយោបាយ​ជាតិ​មួយ​បាន​ដាក់​ចេញ​ហើយ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដល់​ទៅ​៣​ម៉ឺន​គ្រឿង ហើយ​យានយន្ត​ដែល​ប្រើ​អគ្គិសនី គឺ​ដល់​ទៅ​៧៧​ម៉ឺន​គ្រឿង ។

នៅ​ពេល​នេះ គុណ​តម្លៃ​នៃ​រថយន្ត​អគ្គិសនី គឺ​ពិតជា​កំពុង​តែ​ត្រូវ​បាន​លើកទឹកចិត្ត​នៅ​កម្ពុជា និង​ប្រទេស​ផ្សេង​ៗ​។ ទន្ទឹម​នឹង​នេះ កម្ពុជា​យើង​ក៏​គួរ​សិក្សា​ហើយ​រៀបចំ​ការ​ទប់ស្កាត់​ផលវិបាក​នៅ​ពេល​អនាគត​ដែល​អាច​បណ្តាល​មក​ពី​ការ​ប្រើ​រថយន្ត​អគ្គិសនី​នេះ​ផង​ដែរ ។

នៅ​ក្នុង​ចំណោម​គ្រឿង​បង្គុំ​នៃ​រថយន្ត​អគ្គិសនី​នានា ភាគច្រើន គឺ​ដូចនឹង​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ គ្រាន់តែ​វា​មិន​មាន​តម្រូវការ​ប្រើប្រាស់​ប្រេងម៉ាស៊ីន​ច្រើន​មិន​ប្រើប្រាស់​សាំង ។ ដូច្នេះ វា​មិន​បង្កើត​សំណល់​ឧ​ស្ម័​ន្ធ​កាបូ​និក ប៉ុន្តែ​កុំ​ភ្លេច​គ្រឿង​បង្គុំ​ដែល​គ្រោះថ្នាក់ គឺ​អា​គុយ​របស់​វា​តែ​ម្តង ។

អា​គុយ​រថយន្ត​អគ្គិសនី ត្រូវ​បាន​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​ដ៏​មាន​តម្លៃ​ផ្សេង​ៗ​ដូច​ជា លី​ចូ​ម កូ​បាល (cobalt) នី​កែ​ល និង​ម៉​ង់​ហ្គា​ណែ​ស ដែល​សុទ្ធ​សឹង​ជា​ធនធាន​កំណត់ ហើយ​ក៏​ជា​សមាសភាព​រ៉ែ​ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្ពស់​ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្សជាតិ​ក៏​ដូច​ជា ជីវចម្រុះ ប្រសិនបើ​ការ​ទុកដាក់​កាក​សំណល់​ពេល​វា​ខូច​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ ។ ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​នៃ​អា​គុយ​រថយន្ត​អគ្គិសនី​ចាស់​ៗ​ដែល​បោះចោល​នៅ​ពេល​អនាគត​អាច​នាំ​ឱ្យ​មានការ​បំពុល និង​គ្រោះថ្នាក់​ដល់​សុខភាព ។

តាម​ឯកសារ​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​លេច​ធ្លាយ​សារធាតុ​គីមី​ពុល​ចេញពី​អា​គុយ​នៃ​រថយន្ត​អគ្គិសនី គឺ​គ្រោះថ្នាក់​គួរសម​នៅ​ក្នុង​ករណី​ដែល​រថយន្ត​នោះ​វាចា​ស់អា​គុយ​នោះ​វា​ខូច ហើយ​ជ្រាប​ចូល​បរិយាកាស និង​ស្រទាប់​នៃ​ធម្មជាតិ ។

អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា អា​គុយ​ដែល​ខូច ឬ​បោះចោល​មិន​ត្រឹមត្រូវ​អាច​លេច​ធ្លាយ​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដូច​ជា លី​ចូ​ម នី​កែ​ល និង​កូ​បាល ដែល​ជាស​មាស​ធាតុគីមី​ដែល​គេ​ប្រើប្រាស់ ដើម្បី​ភាព​ធន​នឹង​ច្រេះ ទៅ​ក្នុង​ដី និង​ទឹក ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សុខភាព​មនុស្ស ។ ប្រសិនបើ​សារធាតុ​ទាំងនេះ ជ្រាប​ចូល​ទៅ​ក្នុង​បរិស្ថាន​វា​អាច​នឹង​បំពុល​ប្រភព​ទឹក​ប៉ះពាល់​ដល់​ជីវិត​ទាំង​មនុស្ស និង​សត្វ និង​ជីវចម្រុះ​នានា​នៅ​ក្នុង​ប្រព័ន្ធ​ធម្មជាតិ ។

ក្រៅពី​នោះ​គេ​ក៏​ដឹង​ដែរ​ថា អា​គុយ​ដែល​ខូច​ក៏​មាន​ផ្ទុក​នូវ​លី​ចូ​ម​ដែល​មាន​អ៊ីយ៉ុង​ខ្ពស់ ។ សមាសភាព​គីមី​នេះ គឺ​ងាយ​ឆេះ​ខ្លាំង បើ​មិន​បាន​ចាត់ចែង និង​រក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ។ ក្រៅពី​បង្ក​អគ្គិភ័យ​ខ្ពស់​ហើយ​នោះ ផ្សែង​ដែល​ចេញពី​វា​ក៏​ជា​ឧស្ម័ន​ពុល​ខ្លាំង ។ ដោយឡែក​សមាសភាព​គីមី​ផ្សេង​ទៀត ដែល​មាននៅ​ក្នុង​អា​គុយ​នៃ​រថយន្ត​អគ្គិសនី​ទាំងនេះ ក៏​អាច​នឹង​មាន​កាក​សំណល់​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែរ ។

នេះ គឺជា​សក្ខីកម្ម​មួយ​សម្រាប់​អ្នកជំនាញ និង​អ្នកបច្ចេកទេស​ក៏​ដូច​ជា​អ្នក​រៀបចំ​គោលនយោបាយ គួរតែ​គិតគូរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​លើកទឹកចិត្ត​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

គិត​អំពី​ឆ្នាំ​នៃ​ការ​ហូរ​ចូល​រថយន្ត​អគ្គី​ស​នី មក​ដល់​ពេល​នេះ​ចំនួន​រថយន្ត​អគ្គិសនី ដែល​ខូច​ហើយ​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូ​រអា​គុយ​ថ្មី គឺ​នៅ​តិចតួច ។ ដូច្នេះ​ផល​ប៉ះពាល់​វា​មិន​ទាន់​ធំ​ទេ ប៉ុន្តែ​ប្រសិនបើ​ភ្លេចខ្លួន ហើយ​ភ្លេច​គិត​ពី​ការ​រៀបចំ​ទុកដាក់​រឿង​កាក​សំណល់​នៃ​រថយន្ត​នេះ​វា គឺជា​ហានិភ័យ​មួយ​សម្រាប់​សុខភាព​សាធារណៈ​នៅ​ពេល​អនាគត ។

ការ​គិតគូរ​រៀបចំ​ទុកជា​មុន​លើ​បញ្ហា​នេះ គឺជា​រឿង​មួយ​ដ៏​សំខាន់ ហើយ​មូលដ្ឋាន​នៃ​ការ​គិតគូរ គឺ​គួរតែ​មាន​គោលនយោបាយ​ធ្វើការ​កែ​ច្នៃ​ឡើង​វិញ​នូវ​សំណល់​អា​គុយ​ពី​រថយន្ត​អគ្គី​ស​នី​ទាំងនោះ ឬ​ក៏​សម្របសម្រួល​ចរច​យ៉ាងម៉េច​នាំ​កាក​សំណល់​នេះ​ទៅ​ប្រទេស​ដែល​គេ​មាន​សមត្ថភាព​ធ្វើការ​កែ​ច្នៃ​ឡើង​វិញ ។ យើង​ដឹង​ថា សមាសភាព​ដែល​ប្រើប្រាស់​សម្រាប់​ដំឡើង​អា​គុយ​រថយន្ត​អគ្គិសនី​បាន គឺ​មាន​សមាសភាព​រ៉ែ​កម្រ​និង​មាន​តម្លៃ​ជា​ច្រើន ដូច្នេះ​វា​ក៏​មាន​តម្លៃ​ដែរ ។ អ្វី​ដែល​យើង​គួរតែ​ធ្វើ គឺ​ទុកដាក់ និង​រៀបចំ​គ្រប់គ្រង​កាក​សំណល់​ទាំងនេះ​នៅ​ពេល​ដែល​វា​កាន់តែ​ច្រើន ។

សរុបសេចក្តី​ទៅ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី គឺ​មាន​មានគុណ​តម្លៃ​គួរតែ​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ទូលំទូលាយ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ លើ​ការ​រៀបចំ និង​គិតគូរ​បញ្ហា​ផល​ប៉ះពាល់​ពី​កាក​សំណល់​នៃ​រថយន្ត​ទាំងនេះ​នៅ​ពេល​ដែល​វា​ចាស់​អស់​សុពលភាព​នៃ​ការ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ