ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បន្ទន់​ជំហរ​ដាក់​ចិន​ដោយ​បង្ហើប​ថា ពន្ធ​ខ្ពស់​លើ​ចិន​អាច​នឹង​ត្រូវ​កា.ត់​បន្ថយ​ច្រើន

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បន្ទន់​ជំហរ​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥…

0:00
0:00

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បន្ទន់​ជំហរ​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ ថា ពន្ធគយ​ខ្ពស់​លើ​ទំនិញ​ពី​ប្រទេស​ចិន​នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន ប៉ុន្តែ​នឹង​មិន​អាច​ដល់​អត្រា​សូន្យ​នោះ​ទេ​។ នេះ​បើ​តាម​ប្រភព​ពី Reuters, CNN, Bloomberg និង The Guardian បាន​ចេញផ្សាយ​។

ការ​កត់សម្គាល់​ថ្មី​ៗ​របស់​លោក ត្រាំ ហាក់ដូចជា​បង្ហាញ​ពី​ការ​បន្ទន់ឥរិយាបថ​ដ៏​តឹងតែង និង​ការ​សងសឹក​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ស​ប្តា​ហ៍​លើ​សង្គ្រាម​ពន្ធគយ​របស់​លោក ពិសេស​លើ​ប្រទេស​ចិន​ដែល​រង​ពន្ធ​លើស​ពី ១៤៥%​។ លោក ត្រាំ ថ្លែង​យ៉ាង​ដូច្នេះ​ថា «១៤៥% គឺ​ខ្ពស់​ណាស់ ហើយ​វា​នឹង​មិន​អាច​ខ្ពស់​បែប​នោះ​ទេ​។ វា​នឹង​ត្រូវ​កាត់​បន្ថយ​ច្រើន ប៉ុន្តែ​នឹង​មិន​អាច​ដល់​អត្រា​សូន្យ​នោះ​ទេ​»​។ លោក​បាន​បន្ត​ថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​កិច្ចព្រមព្រៀង ប្រសិនបើ​ពួក​គេ​បន្ត​ចង់​ធ្វើ​ជំនួញ​នៅ​អា​មេ​រិ​ក​ទៀត​។

លោក ត្រាំ បាន​ដាក់​ពន្ធ​នាំ​ចូល​ចំនួន ១៤៥% លើ​ទំនិញ​ពី​ប្រទេស​ចិន ខណៈ​ទំនិញ​ចិន​ខ្លះ​ជាប់ពន្ធ​រហូត​ដល់ ២៤៥% ឯណោះ​។ ជា​ការ​ឆ្លើយ​តប​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​សងសឹក​ចំនួន ១២៥% លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​។ ក្រៅពី​ចិន លោក ត្រាំ ក៏​បាន​ដាក់​ពន្ធគយ​លើ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ដែល​បណ្តាល​ឱ្យ​ទីផ្សារ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ ហើយ​អត្រា​ការ​ប្រាក់​កើនឡើង​លើ​បំណុល​របស់​អា​មេ​រិ​ក ខណៈ​ដែល​អ្នក​វិនិយោគ​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​យឺត និង​សម្ពាធ​អតិផរណា​ខ្ពស់​។

ប្រទេស​ចិន​នៅ​មិន​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​ចំពោះ​ការ​សន្យា​របស់​លោក ត្រាំ នៅឡើយ​នោះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ហៅ​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ​ថា លោក ត្រាំ កំពុង បន្ទន់​ជំហរ​លើ​គោលនយោបាយ​ពន្ធ​របស់​លោក​រួច​ហើយ​។ ទីក្រុង​ប៉េ​កាំ​ង​ធ្លាប់​ចង្អុលបង្ហាញ​នៅ​ដើមខែ​នេះ​រួច​ហើយ​ថា ខ្លួន​ចង់​ឃើញ​ជំហាន​ជា​ច្រើន​ពី​រដ្ឋបាល​លោក ត្រាំ មុន​ពេល​យល់ព្រម​លើ​ការ​ពិភាក្សា​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ