ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេច​ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​មក​ដល់​ឧស្សាហកម្ម​បន្ទះ​សូ​ឡា​កម្ពុជា​អាច​នឹង​រង្គោះរង្គើ​ដល់​ផលិតកម្ម​បន្ទះ​សូ​ឡា​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ជាង​៨០០​លាន​ដុល្លារ ។ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ​ដោយ​កំណត់​ពន្ធ​មក​លើ​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា រហូត​ដល់​ទៅ​ជាង​៣.៤០០​ភាគរយ​ដែល​ជា​ការ​កំណត់​ពន្ធ​ខ្ពស់​បំផុត ។ ទាក់ទង​នឹង​ការ​សម្រេច​បែប​នេះ…

ការ​សម្រេច​ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​មក​ដល់​ឧស្សាហកម្ម​បន្ទះ​សូ​ឡា​កម្ពុជា​អាច​នឹង​រង្គោះរង្គើ​ដល់​ផលិតកម្ម​បន្ទះ​សូ​ឡា​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ជាង​៨០០​លាន​ដុល្លារ ។

ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ​ដោយ​កំណត់​ពន្ធ​មក​លើ​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា រហូត​ដល់​ទៅ​ជាង​៣.៤០០​ភាគរយ​ដែល​ជា​ការ​កំណត់​ពន្ធ​ខ្ពស់​បំផុត ។ ទាក់ទង​នឹង​ការ​សម្រេច​បែប​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នៅ​រសៀល ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ការ​ចេញ​សេចក្តីសម្រេច​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ពន្ធ​បដិការ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​បាន​ប្រកាស​កាលពីដើម​ខែមេសា​នោះ​ទេ ។

ប្រភព​ដដែល​បាន​អះអាង​ថា នេះ គឺជា​ចំណាត់ការ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ករណី​ផ្សេង គឺ​នៅ​ក្រោម​ករណី​សើ​ប​អង្កេត​ឧបាស្រ័យ​ពាណិជ្ជកម្ម​លើ​ការ​លក់​បង្ខូច​ថ្លៃ និង​ការ​ឧបត្ថម្ភ​ធន​លើ​ផលិតផល​បន្ទះ​សូ​ឡា ។ ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​បែប​នេះ គឺ​ផ្អែក​នៅ​លើ​បណ្តឹង​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា នៅ​ក្នុងស្រុក​របស់​អា​មេ​រិ​ក​ដែល​បាន​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកួតប្រជែង​តម្លៃ​នៃ​បន្ទះ​សូ​ឡា​នាំ​ចូល​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ករណី​នេះ មិនមែន​ទើបតែ​ចាប់ផ្តើម​ទេ គឺ​សហរដ្ឋអាមេរិក​បាន​ដំណើរការ​និ​តិ​វិធី​សើ​ប​អង្កេត តាំង​តែ​ពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤​មក​ម្ល៉េះ ខណៈ​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​វិស័យ​ឯកជន​ពាក់ព័ន្ធ និង​ស្ថាប័នរដ្ឋ​នានា ដើម្បី​ចូលរួម​បំភ្លឺ​លើ​ចំណុច​នៃ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ដែរ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង បញ្ហា​កំណត់​ពន្ធ​ថ្មី​លើ​ផលិតផល​បន្ទះ​សូ​ឡា​កម្ពុជា​អាច​ប៉ះពាល់​លើ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រួម​មាន​ដូច​ជា​ក្រុមហ៊ុន Solarspace, Jintek, Hounen Solar, Solar Long PV-Tech, ISC Cambodia ជាដើម ។

ក្រសួងពាណិជ្ជកម្ម មិន​បាន​លម្អិត​ថា ការ​សម្រេច​បែប​នេះ​នឹង​ប៉ះពាល់​យ៉ាងណា​ដល់​ឧស្សាហកម្ម​បន្ទះ​សូ​ឡា​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ប្រភេទ​នេះ​ទៅ​កាន់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ៗ​ប្រមាណ​ជា​ជាង​៨០០​លាន​ដុល្លារ ។

អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទំនងជា​ដឹង​គម្រោង​នេះ​មុន ដូច្នេះ​ហើយ​ទើបបាន​ខិតខំ​បញ្ជៀ​ស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​នេះ ។ តាម​ស្ថិតិ​ទំហំ​នៃ​ការ​នាំ​ចេញ​បន្ទះ​សូ​ឡា​សរុប​របស់​កម្ពុជា កាលពី​ឆ្នាំ​២០២៣ គឺ​មាន​ទំហំ​ធំ​ជាង​ការ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​ខ្លាំង​ដោយ​កាលនោះ​បាន​នាំ​ចេញ​សរុប​ដល់​ទៅ​ជាង​២​ពាន់​លាន​ដុល្លារ​ឯណោះ ។

ពាក់ព័ន្ធ​នឹង​ការ​កំណត់​ពន្ធ​លើ​បន្ទះ​សូ​ឡា​នេះ​ដែរ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Nikkei Asia បាន​រាយការណ៍​ថា ចំណាត់ការ​ដែល​សហរដ្ឋអាមេរិក​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥​នេះ គឺ​មិន​បាន​សំដៅ​មក​តែ​កម្ពុជា​នោះ​ទេ គឺ​សំដៅ​មក​ផលិក​ម្ម​បន្ទះ​សូ​ឡា​ក្រុមហ៊ុន​ចិន នៅ​តំបន់​អាស៊ី​អាគ្នេយ៍​តែ​ម្តង ។

សារព័ត៌មាន​ជប៉ុន​មួយ​នេះ​បាន​អះអាង​ថា ប្រទេស​ដែល​រង​ផល​ប៉ះពាល់​លើ​ការ​កំណត់​ពន្ធ​ថ្មី​លើ​ផលិតផល​បន្ទះ​សូ​ឡា​នេះ គឺ​មាន​កម្ពុជា​ខ្ពស់​ជាងគេ ក្រៅពី​នោះ​ថៃ​ប្រមាណ​ជា​៩៧២​ភាគរយ វៀតណាម​ជិត​៨១៤​ភាគរយ និង​ម៉ា​ឡេ​ស៊ី​ប្រមាណ​ជា​២៥០​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ