ឧកញ៉ាធំៗនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានរួបរួមគ្នាប្រកាសនូវគម្រោងបង្កើតមន្ទីរពេទ្យដ៏ទំនើប ហើយធំមួយដោយពួកគេអះអាងថា បានដាក់ទុនរួមគ្នាមានទំហំរហូតដល់ទៅជាង៣០០លានដុល្លារ ។ ទុនវិនិយោគនេះធំណាស់ បើធៀបនឹងទុនវិនិយោគលើវិស័យសុខាភិបាលនានានៅក្នុងប្រទេសកន្លងមក…
ឧកញ៉ាធំៗនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានរួបរួមគ្នាប្រកាសនូវគម្រោងបង្កើតមន្ទីរពេទ្យដ៏ទំនើប ហើយធំមួយដោយពួកគេអះអាងថា បានដាក់ទុនរួមគ្នាមានទំហំរហូតដល់ទៅជាង៣០០លានដុល្លារ ។
ទុនវិនិយោគនេះធំណាស់ បើធៀបនឹងទុនវិនិយោគលើវិស័យសុខាភិបាលនានានៅក្នុងប្រទេសកន្លងមក ។ ប៉ុន្តែសួរថា ទំហំទុនវិនិយោគនេះ វាគ្រប់គ្រាន់ពោល គឺវាឆ្អែត គឺមិនអាចនៅឡើយទេ ហើយកម្ពុជានៅតែត្រូវការការវិនិយោគនិងពង្រឹងវិស័យសុខាភិបាលនេះបន្ថែមទៀត ។
បណ្ដាឧកញ៉ាធំៗទាំងនោះ រួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី … ជាដើម ។ ពួកគេបានរួមហ៊ុនគ្នា ដោយហ៊ុនធំបំផុត គឺ២៣ភាគរយ ហើយហ៊ុនដែលទាបបំផុត គឺ៥ភាគរយ ។ អ្នកឧកញ៉ា និងឧកញ៉ាទាំងនេះគ្រោងនឹងបើកដំណើរការមន្ទីរពេទ្យដ៏ទំនើបថ្មីហើយធំបំផុត នៅឆ្នាំ២០២៨ ខាងមុខ ។
ក្រុមអ្នកឧកញ៉ា និងឧកញ៉ា និយាយឲ្យស្រួលស្តាប់ទៅ គឺក្រុមកំពូលមហាសេដ្ឋីនិងសេដ្ឋីនៅក្នុងស្រុកទាំងនេះបានរួបរួមគ្នាបែបនេះ គឺនៅក្នុងគោលបំណង ដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការស្វះស្វែងរកសេវាព្យាបាល នៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា ។
ជាមួយនឹងគម្រោងនេះ យើងចាត់ទុកថា ការរួបរួមគ្នារបស់អស់លោក គឺជាចក្ខុវិស័យដ៏ត្រឹមត្រូវ ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិដែលនៅពេលនេះពលរដ្ឋគ្រប់រូប នៅតែត្រូវការមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ មានសម្ភារៈ និងគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ហើយសំខាន់ គឺមាន វេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិជាមួយស្មារតី យកចិត្តទុកដាក់ខ្ពស់ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ ។
អស់លោកសម្រេចចិត្តបែបនេះ គឺត្រឹមត្រូវ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមអោយអស់លោករិះគិតផងដែរលើគុណធម៌ និងគុណតម្លៃនៃគម្រោងរបស់អស់លោក ។ ជាមួយនឹងទឹកប្រាក់ដ៏ច្រើន ដែលមានទំហំដល់ទៅ៣០០លានដុល្លារនេះ មន្ទីរពេទ្យថ្មីនេះមិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយដែលមានតែក្រុមវេជ្ជបណ្ឌិត មានជំនាញច្បាស់លាស់មានសម្ភារៈបច្ចេកទេសទំនើប មានសេវាកម្មប្រសើរទេ ប៉ុន្តែក៏សូមកុំភ្លេចរឿងគុណធម៌ និងគុណភាពនៃសេវាកម្មសង្គ្រោះជីវិតសម្រាប់ប្រជាពលរដ្ឋទូទៅដែលនៅពេលនេះ មានកម្រិតស្តង់ដាប្រាក់ចំណូលត្រឹមប្រមាណជា២.៩២៤ដុល្លារនៅក្នុងមួយឆ្នាំផងដែរ ។
គម្រោងកសាងមន្ទីរពេទ្យនេះ គឺប្រើប្រាស់លុយដល់ទៅ៣០០លានដុល្លារ ដើម្បីកសាងមន្ទីរពេទ្យនៅក្នុងក្តីរំពឹងមួយថា ជាកន្លែងបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយរួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅការវះកាត់ ផ្នែកបេះដូង និងសរសៃឈាមផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត ប៉ុន្តែមនុស្សធម៌ និងគុណធម៌នៅក្នុងវិស័យវេជ្ជសាស្ត្រក៏គួរតែថ្លឹងថ្លែងផងដែរ ។
មន្ទីរពេទ្យនេះជា ចំណុចផ្តើមនៃគម្រោងការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុកតាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិដូច្នេះ ការរួមចំណែកចូលរួមដ៏ប្រពៃ ដើម្បីការអភិវឌ្ឍរបស់ជាតិលើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈក៏ជាស្នូលមួយផងដែរសម្រាប់ប្រទេស ។
សរុបទៅ ការដែលអស់លោកអ្នកឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីត្រួសត្រាយផ្លូវនៅក្នុងការបង្កើតមន្ទីរពេទ្យទំនើបដ៏ធំមួយនៅក្នុងប្រទេសបែបនេះ គឺពិតជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋដែលសព្វថ្ងៃនេះដែលនៅតែបន្តវេចលុយ ចេញទៅស្វែងរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស ។ នេះ គឺជាគម្រោងឆ្លើយតបនឹងការចង់បានចង់មាន និងចង់ឃើញប្រទេសរបស់ខ្លួនមានមន្ទីរពេទ្យដែលមានស្តង់ដាខ្ពស់មានឧបករណ៍ទំនើបៗ និងមានក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវៈខ្ពស់ប្រកបដោយសីលធម៌ ៕
ចែករំលែកព័តមាននេះ