ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ទម្លុះ​រនាំង​៣៥០០​ដុល្លារ​ក្នុង​១​អោន ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

8 ម៉ោង មុន

បរទេស ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ​បាន​ទម្លុះ​រនាំង​៣,៥០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក…

បរទេស ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ​បាន​ទម្លុះ​រនាំង​៣,៥០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​ក ដោយ​នាំ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង និង​បាន​បង្កើន​តម្រូវការ​លោហធាតុ​មាស​ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត​។

គិត​ត្រឹម​ម៉ោង​០៣:៣៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​រក្សា​តម្លៃ​ខ្ពស់​របស់​ខ្លួន ៣,៤៦៣​ក្នុង​១​អោន ឬ ៤,១៧២​ដុល្លារ​ក្នុង​១​តម្លឹង បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៣,៥០០.០៥​ដុល្លារ​ក្នុង​១​អោន ឬ ៤,២១៦​ដុល្លារ​ក្នុង​១​តម្លឹង​នៅ​មុន​នេះ​។ នេះ​បើ​តាម​ការ​ចេញសាយ​ពី Reuters​។

លោក Alexander Zumpfe ពាណិជ្ជករ​មាស​ប្រចាំ​ក្រុមហ៊ុន Heraeus Metals Germany បាន​លើក​ឡើង​ថា ជើង​ចុង​ក្រោយ​នៃ​ការ​កើនឡើង​តម្រូវការ​មាស ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​រិះគន់​ជា​សាធារណៈ​របស់​លោក ត្រាំ លើ​លោក Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​ក ពាក់ព័ន្ធ​នឹង​ការ​យឺតយ៉ាវ​របស់​លោក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ប្រាក់​តប​តាម​ការ​អំពាវនាវ​របស់​លោក ត្រាំ​។ លោក Zumpfe បាន​បន្ត​ថា នៅ​ពេល​ដែល​ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ និង​ការ​ព្រួយបារម្ភ​ពី​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​តែ​បន្ត​កើត​មាន តម្រូវការ​មាស​នឹង​កើនឡើង​កាន់តែ​ខ្លាំង​»​។

ការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​របស់​លោក ត្រាំ លើ​លោក Powell ចំពោះ​ការ​មិន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បាន​ធ្វើ​ឱ្យ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​របស់ Wall Street ធ្លាក់​ចុះ ២,៤% កាលពី​ថ្ងៃ​ចន្ទ ហើយ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​ឈាន​ដល់​កម្រិត​ទាប​រយៈពេល​៣​ឆ្នាំ​។

តម្លៃ​មាស​ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត ចំ​ពេល​កើត​មាន​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ បាន​កើនឡើង​ជិត​មួយ​ភាគ​បី​គិត​មក​ដល់​ពេល​នេះ​។ ជាមួយ​គ្នា​នោះ បណ្តា​ពាណិជ្ជករ​នឹង​រង់ចាំ​មើល​ការ​ថ្លែង​សុន្ទរកថា​របស់​មន្ត្រី​ធនាគារកណ្តាល​អា​មេ​រិ​កមួយ​ចំនួន​នៅ​ចុង​ស​ប្តា​ហ៍​នេះ ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្តូរ​ណាមួយ​អំពី​គោលនយោបាយ​រូបិយ​វត្ថុ​នា​ពេល​អនាគត​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ