ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមា.ន​ប្រឆាំង​ប្រទេស​ទាំងអស់​ដែល​បន្ទន់ខ្លួន​ផ្គាប់ចិត្ត​អា​មេ​រិ​ក ប៉ះពាល់​ប្រយោជន៍​ខ្លួន

5 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​ព្រមាន​នឹង​ចាត់វិធានការ​សឹក​សង​លើ​ប្រទេស​ណាមួយ​ដែល​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បានការ​ទម្លាក់​អត្រាពន្ធ​ពី​លោក ត្រាំ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​ព្រមាន​នឹង​ចាត់វិធានការ​សឹក​សង​លើ​ប្រទេស​ណាមួយ​ដែល​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បានការ​ទម្លាក់​អត្រាពន្ធ​ពី​លោក ត្រាំ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី Reuters, CNN និង BBC បាន​ចេញផ្សាយ​។

ការ​ព្រមាន​របស់​ទីក្រុង​ប៉េ​កាំ​ង​កើតឡើង នៅ​ពេល​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជា​ច្រើន​កំពុង​ព្យាយាម​ចរចា​រលើ​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​លោក ត្រាំ ជា​ពិសេស​លើ​ពន្ធគយ​ទៅ​វិញ​ទៅ​មក ដែល​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ខែកក្កដា​។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការ​លះបង់​ផលប្រយោជន៍​អ្នក​ដទៃ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ហៅ​ថា ការ​លើកលែង​សម្រាប់​ការ​ចំណេញ​ដ៏​អាត្មា​និយម​បណ្តោះអាសន្ន​របស់​ខ្លួន គឺ​ស្រ​ដៀង​ទៅ​នឹង​ការ​ចរចា​ជាមួយ​ខ្លា​អ៊ីចឹង​ដែរ ហើយ​ទីបំផុត​វា​នាំ​ទៅ​រក​ការ​បរាជ័យ​សម្រាប់​ភាគី​ទាំង​ពីរ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ផង​ដែរ​»​។

ក្រសួង​គូសបញ្ជាក់​ទៀត​ថា «​ខណៈ​ដែល​ប្រទេស​ចិន​បាន​គោរព​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នានា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ពួក​គេ​ជាមួយ​សហរដ្ឋអាមេរិក​នោះ ពួក​គេ​ក៏​គួរតែ​ឈរ​លើ​យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​។ វា​មាន​សារៈសំខាន់​ជា​ពិសេស​ក្នុង​ការ​បញ្ជាក់​ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភាគី​ណា​ដែល​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ខាតបង់​ផលប្រយោជន៍​របស់​ចិន​»​។

ប្រទេស​ចិន​មើលឃើញ​អំពី​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​យក្ស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​បាន​គំរាមកំហែង និង​អូស​ទាញ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​។ ការ​អត្ថាធិប្បាយ​នេះ កើតឡើង​បន្ទាប់​ពី​មាន​របាយការណ៍​ថា សហរដ្ឋអាមេរិក​គ្រោង​នឹង​ដាក់​សម្ពាធ​ដល់​ប្រទេស​នានា​ឱ្យ​រឹត​បន្តឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជា​ថ្នូរ​នឹង​ការ​លើកលែង​ពន្ធ​ពី​អា​មេ​រិ​ក​។ រដ្ឋបាល​លោក ត្រាំ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន ជុំវិញ​ពន្ធគយ ដោយ​គណៈប្រតិភូ​ជប៉ុន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ស​ប្តា​ហ៍​មុន ហើយ​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ចាប់ផ្តើម​ការ​ចរចា​នៅ​ស​ប្តា​ហ៍​នេះ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ លោក ត្រាំ បាន​សម្រេច​ផ្អាក​ការ​យកពន្ធ ទៅ​វិញ​ទៅ​មក​លើ​ប្រទេស​ភាគច្រើន​រយៈពេល​៩០​ថ្ងៃ ប៉ុន្តែ​ផ្តោត​សង្គ្រាម​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ទៅ​លើ​ប្រទេស​ចិន ដោយ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​រហូត​ដល់ ១៤៥%​។ ស្រប​ពេល​ប្រទេស​ជា​ច្រើន​សង្ឃឹមថានឹង​ធ្វើការ​ចរចា​ឡើង​វិញ​នូវ​ការ​យកពន្ធ​ជាមួយ​សហរដ្ឋអាមេរិក មុន​ការ​ផ្អាក​ផុតកំណត់​។ ជា​ការ​ឆ្លើយ​តប ប្រទេស​ចិន​បាន​សងសឹក​ដោយ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក​ដល់ ១២៥% និង​បញ្ចូល​ក្រុមហ៊ុន​អា​មេ​រិ​ក​បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​ការ​នាំ​ចេញ និង​បញ្ជី​អង្គភាព​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត​របស់​ខ្លួន​។

ចាប់តាំងពី​ការ​ត្រឡប់​ចូល​កាន់​តំណែង​វិញ​កាលពី​ខែមករា លោក ត្រាំ បាន​សម្រេច​ដាក់​ពន្ធ​យ៉ាងច្រើន​លើ​ការ​នាំ​ចូល​របស់​ចិន ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​ក៏​ទទួល​រង​ការ​យកពន្ធ​លើ​ទំនិញ​ពួក​គេ​លើ​អត្រា​ផ្សេង​គ្នា​ផង​ដែរ​។ ជាមួយ​គ្នា​នោះ លោក ត្រាំ ក៏​បាន​អះអាង​ថា ប្រទេស​ជាង​៧០​ហើយ​បាន​ឈាន​ដល់​ការ​ចាប់ផ្តើម​ការ​ចរចា ចាប់តាំងពី​ពន្ធ​ថ្មី​ត្រូវ​បាន​ប្រកាស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ