រាជធានីភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបក្មេងទំនើ.ងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក បើទោះបីជាសមត្ថកិច្ចជាប់មមាញឹក នៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋបានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ ។
ជាក់ស្ដែង លទ្ធផលនៃការបង្ក្រាបក្មេងទំនើ.ងក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំមានក្មេងទំនើ.ងជាង១០នាក់ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះ កំពុងស្ថិតនៅក្នុងពន្ធនាគារ ។ ទន្ទឹមនេះ បើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើ.ងឥតស្រាកស្រាន្តដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើ.ងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០នាក់ ។

ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើ.ងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច ។
យ៉ាងណាមិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើ.ងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ចនៅតែបន្តបង្ក្រាបករណីនេះ ដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ