ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ដាក់​ពន្ធ​ថ្មី​លើ​ផ្ទាំង​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា​រហូត​ដល់​ជាង៣៥០០%

7 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​កំណត់​ពន្ធ​ថ្មី​ខ្ពស់​លើ​ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ពី​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន​៤​រួម​មាន កម្ពុជា វៀតណាម ថៃ…

0:00
0:00

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ បាន​កំណត់​ពន្ធ​ថ្មី​ខ្ពស់​លើ​ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ពី​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន​៤​រួម​មាន កម្ពុជា វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី ដោយ​អត្រា​ខ្ពស់​បំផុត​រហូត​ដល់ ៣,៥២១% ខណៈ​ដែល​កម្ពុជា គឺជា​ប្រទេស​ជាប់ពន្ធ​លើ​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ​។ នេះ​បើ​តាម​ប្រភព​ពី Bloomberg និង CNBC បាន​ចេញផ្សាយ​។

សហរដ្ឋអាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត​រយៈពេល​មួយ​ឆ្នាំ​លើ​ផលិតផល​ផ្ទាំង​សូ​ឡា ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី គឺ​ចាប់តាំងពី​រដ្ឋបាល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន ក្រោយ​ក្រុម​អ្នក​ដាក់​ញត្តិ ដែល​ជា​គណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​សម្ព័ន្ធ​អា​មេ​រិ​ក​សម្រាប់​ការ​ផលិត​ផ្ទាំង​សូ​ឡា បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផលិត​ផ្ទាំង​សូ​ឡា​របស់​ប្រទេស​ចិន ដែល​មាន​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី បាន​ទទួលផល​ប្រយោជន៍​ដោយ​អយុត្តិធម៌​ពី​ការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល ដែល​នាំ​ឱ្យ​ការ​ផលិត​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​លក់​ក្នុង​អត្រា​ទាប​ជាង​តម្លៃ​ផលិត​។

យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ពន្ធ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​កំណត់​ខ្ពស់​ដល់​ទៅ ៣,៥២១% លើ​ផ្ទាំង​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា ដោយ​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​បញ្ជាក់​ថា កម្ពុជា​រង​ពន្ធ​ខ្ពស់​ជាងគេ ដោយសារ​តែ​បញ្ឈប់​ការ​ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត​។

ក្រុមហ៊ុន​ដែល​មិន​មានឈ្មោះ​ក្នុង​ប្រទេស​វៀតណាម​ប្រឈម​មុខ​នឹង​ពន្ធ​ច្រើន​រហូត​ដល់ ៣៩៥,៩% ចំណែក​ប្រទេស​ថៃ​ត្រូវ​បាន​កំណត់​ត្រឹម ៣៧៥,២%​។ អត្រា​ទូ​ទាំង​ប្រទេស​សម្រាប់​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​កំណត់​ត្រឹម ៣៤,៤%​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រុមហ៊ុន Jinko Solar នៅ​វៀតណាម​ជាប់ពន្ធ ២៤៥% និង​នៅ​ម៉ា​ឡេ​ស៊ី​ជាប់ពន្ធ ៤០%​។ ក្រុមហ៊ុន Trina Solar នៅ​ថៃ​ជាប់ពន្ធ ៣៧៥% និង​នៅ​វៀតណាម​ជាប់ពន្ធ​ច្រើន​ជាង ២០០%​។ ដើម្បី​ឱ្យ​ពន្ធ​ថ្មី​នេះ ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​អា​មេ​រិ​ក នឹង​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​នៅ​ខែមិថុនា​ខាង​មុខ​នេះ ដើម្បី​កំណត់​ថា តើ​ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ទាំងនេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​ឬទេ?

ប្រភព​ពពី Bloomberg ដដែល​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​នាំ​ចូល​ផ្ទាំង​សូ​ឡា​គិត​ជា​ទឹកប្រាក់​ចំនួន ១២,៩​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ពី​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​ពន្ធ​ថ្មី​។ ចំនួន​នោះ​តំណាង​ឱ្យ​ប្រហែល ៧៧% នៃ​ការ​នាំ​ចូល​សរុប​របស់​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ