ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ឃើញ​ការ​កើនឡើង​ផលិតផល​បរទេស​បិទ​ស្លាក Made in Korea ដើម្បី​គេចពន្ធ​អា​មេ​រិ​ក

9 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​គយ​កូរ៉េ​ខាងត្បូង បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ការ​កើនឡើង​ផលិតផល​របស់​បរទេស ប៉ុន្តែ​ក្លែងបន្លំ​បិទ​ស្លាក​ផលិតផល​នៅ​កូរ៉េ​ខាងត្បូង ឬ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​គយ​កូរ៉េ​ខាងត្បូង បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ការ​កើនឡើង​ផលិតផល​របស់​បរទេស ប៉ុន្តែ​ក្លែងបន្លំ​បិទ​ស្លាក​ផលិតផល​នៅ​កូរ៉េ​ខាងត្បូង ឬ «Made in Korea» ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន ដើម្បី​គេច​ពី​ពន្ធ​របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

មន្ត្រី​គយ​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា ខ្លួន​បាន​រក​ឃើញ​ផលិតផល​បរទេស​ក្លែងបន្លំ​ជា​ផលិតផល​កូរ៉េ​ខាងត្បូង​មាន​តម្លៃ ២៩,៥​ពាន់​លាន​វ៉ុ​ន ឬ​ស្មើនឹង ២០,៨១​លាន​ដុល្លារ នៅ​ត្រីមាស​ទី​១ ឆ្នាំ​នេះ ដោយ ៩៧% សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ពិសេស​កាលពី​ខែ​មុន​។ នោះ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ក្លែងបន្លំ​សរុប​គិត​ជា​ទឹកប្រាក់​ចំនួន ៣៤,៨​ពាន់​លាន​វ៉ុ​ន ឬ ២៤,៤​លាន​ដុល្លារ​ពេញ​មួយ​ឆ្នាំ ២០២៤ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ចំនួន ៦២%​។

នៅ​ក្នុង​ការ​រក​ឃើញ​របស់​គយ​កូរ៉េ​ខាងត្បូង​ក៏​រួម​មាន សម្ភារ​ប្រើ​សម្រាប់​ផលិត​អា​គុយ​មាន​តម្លៃ ៣,៣​ពាន់​លាន​វ៉ុ​ន ឬ ២,៣​លាន​ដុល្លារ ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដោយ​បិទ​ស្លាក​សញ្ញា Made in Korea គ្រោង​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​។ កាលពី​ខែមីនា​កន្លង​ទៅ គយ​កូរ៉េ​ក៏​បាន​រក​ឃើញ​គ្រឿង​បង្គំ​កាមេរ៉ា​សុវត្ថិភាព​គិត​ជា​ទឹកប្រាក់​ចំនួន ១៩,៣​ពាន់​លាន​វ៉ុ​ន ឬ ១៣,៥​លាន​ដុល្លារ​ត្រូវ​បាន​នាំ​ចូល​ពី​ចិន ហើយ​យក​មក​ផ្គុំ​ឡើង​វិញ​នៅ​កូរ៉េ​ខាងត្បូង ដើម្បី​ជៀស​ផុត​ពី​ការ​រឹត​បន្តឹង​របស់​អា​មេ​រិ​កលើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចិន​។

ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​ក្លែងបន្លំ​នេះ គយ​កូរ៉េ​ខាងត្បូង​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ និង​នាំ​ចេញ​ខុសច្បាប់ ហើយ​គ្រោង​បង្កើត​វិធានការ​ឆ្លើយ​តប​ជាក់លាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុងស្រុក​ផង​ដែរ​។

ចាប់តាំងពី​ចូល​កាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០២៥ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពន្ធ​កម្រិត​ខ្ពស់​លើ​ផលិតផល និង​ប្រទេស​ផ្សេង​ៗ ដែល​បាន​ចាប់ផ្តើម​ចូល​ជា​ធរមាន​កាលពី​ខែមីនា​កន្លង​ទៅ​។ មន្ត្រី​កូរ៉េ​ខាងត្បូង​លើក​ឡើង​ថា កត្តា​នេះ​អាច​នាំ​ឱ្យ​មានការ​កើនឡើង​ការ​ក្លែងបន្លំ​ដោយ​បណ្តា​ក្រុមហ៊ុន​បរទេស ពិសេស​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​ជិតខាង​ខ្លួន ដើម្បី​បិទ​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួន​ជា​ផលិតផល​កូរ៉េ​ខាងត្បូង​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ និង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អា​មេ​រិ​ក ដើម្បី​គេច​ពី​ពន្ធ និង​បទ​ប្បញ្ញត្តិ​នៅ​ទីនោះ​។

លោក ត្រាំ បាន​ដាក់​ពន្ធ ២៥% លើ​កូរ៉េ​ខាងត្បូង​ក្នុង​ខែ​នេះ ដែល​ក្រោយមក​ត្រូវ​បាន​ប្រកាស​ផ្អាក​រយៈពេល​៣​ខែ ប៉ុន្តែ​អា​មេ​រិ​កបាន​ដាក់​ពន្ធ​រហូត​ដល់ ១៤៥% លើ​ប្រទេស​ចិន​ក្នុង​សកម្មភាព​ពន្ធ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ដែល​អ្នក​សេដ្ឋកិច្ច​បាន​និយាយ​ថា​បាន​កាត់​ផ្តាច់​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នេះ​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ