ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ៗ​យុវវ័យ​ដែល​មាន​អាយុ​គ្រប់​១៨​ឆ្នាំ ក្លាហាន​ហើយ​ចង់​បំពេញ​បុព្វហេតុ​ការពារ​ជាតិ មិនបាច់​រក​ច្រក​ឬ​លេង​ផ្លូវ​កាត់​ណា​ឡើយ ឥឡូវនេះ ក្រសួងការពារជាតិ​បាន​ទទួល​ភ្លើង​ខៀវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ជ្រើសរើស​ពល​ទាហាន​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​ដល់​ទៅ​៣០០​នាក់​ឯណោះ ។ សូម​ត្រៀមខ្លួន ដើម្បី​ក្លាយជា​កម្លាំង​ស្នូល​នៃ​សរសរ​ស្តម្ភ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នៃ​យើង​ទាំងអស់​គ្នា ។ ព័ត៌មាន​នេះ…

ប្អូន​ៗ​យុវវ័យ​ដែល​មាន​អាយុ​គ្រប់​១៨​ឆ្នាំ ក្លាហាន​ហើយ​ចង់​បំពេញ​បុព្វហេតុ​ការពារ​ជាតិ មិនបាច់​រក​ច្រក​ឬ​លេង​ផ្លូវ​កាត់​ណា​ឡើយ ឥឡូវនេះ ក្រសួងការពារជាតិ​បាន​ទទួល​ភ្លើង​ខៀវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ជ្រើសរើស​ពល​ទាហាន​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​ដល់​ទៅ​៣០០​នាក់​ឯណោះ ។ សូម​ត្រៀមខ្លួន ដើម្បី​ក្លាយជា​កម្លាំង​ស្នូល​នៃ​សរសរ​ស្តម្ភ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នៃ​យើង​ទាំងអស់​គ្នា ។

ព័ត៌មាន​នេះ មិនមែន​ជា​ពាក្យ​ច​ចាម​រ៉ា​ម ឬ​ក៏​ដំណឹង​ខ្សឹបខ្សៀវ​គ្នា​ដែល​ល្បី​ដូច​ពី​មុន​ទៀត​ឡើយ វា គឺជា​ដំណើរការ​ជ្រើសរើស​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​មួយ​ច្បាស់លាស់ ហើយ​ក៏​មានការ​សម្រេច​យ៉ាង​ត្រឹមត្រូវ តាម​ផ្លូវច្បាប់ ។

ដំណឹង​នៃ​ការ​ប្រកាស​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ក្រសួងការពារជាតិ​បើកទ្វារ​ជ្រើសរើស​ពល​ទាហាន​ឲ្យ​ចូល​ទៅ​ក្នុង កងកម្លាំង​ការពារ​ជាតិ​នេះ គឺ​ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​ចុះហត្ថលេខា​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ត្រឹមត្រូវ ។ ពាក់ព័ន្ធ​នឹង​ដំណើរការ​ជ្រើសរើស​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចុះហត្ថលេខា​រួច​ហើយ តាំងពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​អាច​ជ្រើសរើស​ពល​ទាហាន​សរុប​ដល់​ទៅ​៣០០​នាក់​សម្រាប់​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​កងឯកភាព​នានា​តាម​ជំនាញ និង​តាម​ចំណង់​ចំណូលចិត្ត ។

តាម​លិខិត​នោះ ក្រសួងការពារជាតិ​នឹង​ធ្វើការ​ជ្រើសរើស​ពល​ទាហាន​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​នៃ​កងទ័ព​ជើង​អាកាស​សរុប​ចំនួន​១០០​នាក់ កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជាការដ្ឋាន មាន​ចំនួន​១៥០​នាក់ ។ ក្រៅពី​នោះ សម្រាប់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ពហុ​សាសន៍​ចំណុះ​មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក គឺ​មាន​ចំនួន​៣០​នាក់ និង​វិទ្យា​សា្ថ​ន​បញ្ជាការដ្ឋាន​សេនាធិការ​ចំនួន​២០​នាក់ ។

ក្រោម​ការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បន្តវេន​ពី​ខែសីហា ឆ្នាំ​២០២៣ ដល់​ពេល​នេះ​ក្រសួងការពារជាតិ គឺជា​ក្រសួង​អតិ​ភាព​ទី​៣ ដែល​ទទួល​ភ្លើង​ខៀវ​ឲ្យ​ជ្រើសរើស​ពល​ទាហាន បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​បន្ត​ការ​ជ្រើសរើស​តែ​គ្រូបង្រៀន និង​អ្នកជំនាញ​កសិកម្ម​ប៉ុណ្ណោះ​កន្លង​មក ។

ប្អូន​ៗ​ឬ​ពលរដ្ឋ​ដែល​ចាប់អារម្មណ៍​ចង់​បម្រើ និង​ការពារ​ជាតិ​នេះ គឺជា​ឱកាស​ដ៏​កម្រ​មួយ ។ ដូច្នេះ ក៏​គួរតែ ស្វះ​ស្វែងរក​ព័ត៌មាន​លំអិត​បន្ថែម ដើម្បី​ត្រៀមខ្លួន​ហើយ​រៀបចំ​ខ្លួន ដើម្បី​អាច​មានឱកាស​នៅ​ក្នុង​ការ​ចូលរួម​បម្រើ និង​ការពារ​ជាតិ ។

ការ​ត្រៀមលក្ខណៈ​នៅ​ក្នុង​ដំណើរការ​ចូលរួម​នៅ​ក្នុង​ការ​ជ្រើសរើស​នេះ គឺ​រឹតតែ​សំខាន់ ហើយ​តាម​ទំនង​ក៏​ក្រសួង​មិនមែន​ចេះ​តែ​រើស ដើម្បី​បំពេញ​កម្លាំង​តាម​រូបភាព​ចាប់​ដាក់​ឲ្យ​តែ​បាន​នោះ​ទេ ។ នៅ​ក្នុង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ ទោះ​កម្ពុជា​មាន​សន្តិភាព ប៉ុន្តែ​ស្ថានភាព​តំបន់ និង​ពិភពលោក​វា​ពិតជា​តម្រូវ​ឲ្យ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​លើកកម្ពស់​ខឿន​ការពារ​ជាតិ និង​ត្រូវការ​ចូលរួម​ពី​ធនធានមនុស្ស​ដែល​មាន​សក្តានុពល​ដើម្បី​ការពារ​ជាតិ​មាតុភូមិ ជា​ពិសេស គឺ​ដែន​អធិបតេយ្យភាព និង​ឯកភាព​ទឹកដី ។

នៅ​ក្នុង​ពេល​ដែល​យើង​មាន​សន្តិភាព​ដូច​ពេល​បច្ចុប្បន្ន វា​រឹតតែ​ជា​ពេលវេលា​ដ៏​ល្អ​ដែល​កម្ពុជា​ត្រូវ​តែ​ពង្រឹង​វិស័យ​យោធា និង​ការ​ការពារ​ជាតិ ។ ប្អូន​ៗ​ការ​ការពារ​ជាតិ គឺជា​សសរស្តម្ភ​នៃ​អធិបតេយ្យភាព និង​ស្ថិរភាព​ដែល​មិន​អាច​ប្រកែក​បាន ។ ដូច្នេះ​ជាតិ​មាតុភូមិ គឺ​ពិតជា​កំពុង​តែ​រង់ចាំ និង​ត្រូវការ​ប្អូន​ៗ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ នៅ​សម្រាប់​បម្រើ​ការ​ដល់​កិច្ច​ខិតខំ​ការពារ​ជាតិ ។

ប្រទេស​កម្ពុជា​យើង​ឈប់​កា​.​ប់ស​ម្លា​.​ប់​គ្នា អស់​រយៈពេល​ជិត​៣០​ឆ្នាំ​ហើយ ប៉ុន្តែ​យើង​ពិតជា​ត្រូវការ​កងកម្លាំង​មួយ​ដែល​ខ្លាំងក្លា ក្លាហាន ដើម្បី​លើកកម្ពស់​កិត្យានុភាព និង​ពង្រឹង​មុខមាត់​នៃ​វិស័យ​ការពារ​ជាតិ ទប់ទល់​នឹង​បរទេស​អមិត្ត ជា​ពិសេស គឺ​ភេ​វរ​ករ​នានា ។ ដូច្នេះ​ការ​ចូលរួម​ពី​ប្អូន​ៗ ដែល​មាន​ឆន្ទៈ​មានការ​ស្រលាញ់ មាន​មនៈសិកា​ច្បាស់លាស់​លើ​កិច្ចការ​នេះ គួរតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​ជ្រើសរើស ។

ប្អូន​ៗ​ការ​សម្រេច​ជ្រើសរើស​នេះ គឺជា​ការ​ជ្រើសរើស​កងកម្លាំង​ដែល​នឹង​បម្រើ​ដល់​ការ​ស្តារ​កម្លាំង​វ័យ​ចំណាស់ ផ្តល់​ឱកាស​ការងារ និង​ពង្រឹង​ការ​ត្រៀមខ្លួន​ខាង​វិស័យ​ការពារ​ជាតិ ។ ក្រៅពី​បង្ហាញ​កម្លាំងចិត្ត​ដល់​ប្អូន​ៗ​ដែល​ចាប់អារម្មណ៍​ហើយ​នោះ យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា ដំណើរការ​នៃ ការ​ជ្រើសរើស​នេះ គឺ​ត្រូវ​ដំណើរការ​ប្រកបដោយ​ដោយ​គុណធម៌ យុត្តិធម៌ និង​គណនេយ្យ​ភាព ឈរ​លើ​មូលដ្ឋាន​គុណ​វឌ្ឍន៍​របស់​បុគ្គលិកលក្ខណៈ និង​សម្បទា​របស់​បេក្ខជន ឬ​ក៏​បេ​ក្ខ​នារី​ដែល​ចាប់អារម្មណ៍ ។

កន្លង​មក ក្តី​បារម្ភ​ត្រូវ​បាន​លើក​ឡើង​អំពី​បក្ខពួក​និយម និង​កង្វះ​តម្លាភាព ក្នុង​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ។ ដើម្បី​រក្សា​ការ​ជឿ​ទុកចិត្ត​របស់​សាធារណជន ក្រសួងការពារជាតិ​គួរ តែ​ធានា​ថា​ឱកាស​នេះ​អាច​រកបាន​សម្រាប់​បេក្ខជន​ដែល​មាន​សមត្ថភាព និង​សក្តិ​សម​មក​ពី​ទូ​ទាំង​ប្រទេស ជា​ពិសេស​យុវជន និង​យុវនារី ដែល​កំពុង​ស្វែងរក​ការងារ​ប្រកបដោយ​អត្ថន័យ និង​ជា​មធ្យោបាយ​បម្រើ​ជាតិ​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ ស្រប​តាម​ឆន្ទៈ និង​មនៈសិកា​របស់​ពួក​គេ​ផ្ទាល់ ។

សរុប​មក​វិញ​ប្អូន​ៗ​យុវវ័យ​ណា ដែល​ស្រលាញ់​ការងារ​ជា​កងកម្លាំងប្រដាប់អាវុធ ហើយ​មាន​សមត្ថភាព​ពិតប្រាកដ សូម​ចូលរួម​នៅ​ក្នុង​ដំណើរការ​ជ្រើសរើស​ដែល​យើង​សង្ឃឹមថា ក្រសួងការពារជាតិ​នឹង​រៀបចំ​នៅ​ពេល​ឆាប់​ៗ​នេះ ។ កងកម្លាំង​៣០០​នាក់ ដែល​រើស​ថ្មី​យើង​សង្ឃឹមថា ពួក​គេ​នឹង​ក្លាយជា​ធនធាន​មនុស្យ​និង​ជាស​រសរ​ស្តម្ភ​នៃ​ខឿន​ការពារ​ជាតិ និង​ប្រជាជន ពិតប្រាកដ និង​មុត​ស្រួច​សម្រាប់​បុព្វហេតុ​ជាតិ និង​មាតុភូមិ នៃ​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ