ឆ្លើយតបនឹងការវិភាគដែលគេបានប្រៀបប្រដូចចិនទៅនឹងស្ពៃ ហើយសហអាមេរិកទៅនឹងសាច់គោនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មជុំថ្មី និងការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសរួចហើយថា កម្ពុជាត្រូវការទាំងស្ពៃ និងសាច់គោ ព្រមទាំងបន្លែបង្កាត្រីសាច់នានា…
ឆ្លើយតបនឹងការវិភាគដែលគេបានប្រៀបប្រដូចចិនទៅនឹងស្ពៃ ហើយសហអាមេរិកទៅនឹងសាច់គោនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មជុំថ្មី និងការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសរួចហើយថា កម្ពុជាត្រូវការទាំងស្ពៃ និងសាច់គោ ព្រមទាំងបន្លែបង្កាត្រីសាច់នានា ដោយសារតែវា គឺជាតម្រូវការរបស់កម្ពុជា ។

ថ្លែងជាសាធារណៈទៅនឹងការវិភាគបែបចំអកដែលធ្វើឡើងដោយក្រុមអ្នកនយោបាយនិរទេសនៅក្រៅប្រទេស ក្រោយពេលដែលកម្ពុជាបើកទ្វារទទួលស្វាគមន៍ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្រោយចូលឆ្នាំ ដោយលើកឡើងថា «បើជ្រើសរើសចិនបានស្ពៃ តែបើជ្រើសរើសអាមេរិកបានសាច់គោ »។ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាត្រូវការទាំងស្ពៃ និងសាច់គោ ព្រមទាំងបន្លែបង្ការត្រីសាច់ផ្សេងៗទៀត ។
សម្តេចធិបតី បានថ្លែងនៅក្នុងពិធីសម្ភោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តាមបែបប្រៀបធៀបទៅវិញថា ទាំងស្ពៃ និងសាច់គោ គឺសុទ្ធតែជាអាហារដែលពលរដ្ឋទទួលទានទាំងពីរ ។ ស្ពៃជាអាហារមានប្រយោជន៍ខាងសុខភាព តែសាច់គោក៏ជាអាហារដែលជួយថាមពល ហើយក្រៅពីស្ពៃ និងសាច់គោ កម្ពុជាក៏ត្រូវការបន្លែបង្ការ និងសាច់ផ្សេងៗទៀតជាច្រើន ។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ដដែលថា កម្ពុជានៅតែប្រកាន់គោលនយោបាយអព្យាក្រិតដោយមិនលម្អៀង ហើយក្រៅពីចិន និងអាមេរិក គឺកម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសនានាមានតាំងពីជប៉ុន កូរ៉េ អាស៊ាន អឺរ៉ុប និងតំបន់នានា ។

សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ៗថា «កម្ពុជាយកទាំងស្ពៃ ទាំងសាច់គោ យកទាំងសាច់ត្រី សាច់មាន់ បង្គារ ផ្លែឈើ គឺយកទាំងអស់ ដើម្បីសុខភាព និងអាហារូបបត្ថម្ភប្រជាពលរដ្ឋ» ។ ការលើកឡើងរបស់សម្តេចធិបតី គឺជារឿងពិតហើយមិនមែនតែកម្ពុជាទេ ដែលកំពុងតែអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងការបរទេសបែបនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា នៅក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្មដ៏កាន់តែក្តៅគគុករវាងសហរដ្ឋអាមេរិក និងចិន ដូចសព្វថ្ងៃ ប្រទេសតូចៗដូចជា កម្ពុជាចាំបាច់បំផុត គឺត្រូវតែរក្សាឲ្យបាននូវតុល្យភាពរវាងមហាអំណាចទាំងពីរតាមវិធីសាស្ត្រដ៏ទន់ភ្លន់បំផុត ។

នៅក្នុងស្ថានភាពបច្ចុប្បន្ន ការជ្រើសរើសម្ខាងៗ គឺសុទ្ធតែមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីព្រោះនៅពេលនេះចិនជាប្រភពនៃវត្ថុធាតុដើម ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារ ។ ដូច្នេះនៅក្នុងនាមជាប្រទេសនៅកណ្តាល គឺត្រូវតែអត់ធ្មត់ជាអតិបរមា ដើម្បីសម្របសម្រួល ។ ការជ្រើសរើសមួយណាក៏ដោយ គឺសុទ្ធតែគ្រោះថ្នាក់សម្រាប់កម្ពុជា ។
ប្រទេសចិន នៅតែជាអ្នកវិនិយោគធំជាងគេរបស់កម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដោយផ្តល់មូលនិធិដ៏ច្រើនលើសលុបសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបានបង្ហូរទុនច្រើនអណេកបញ្ចូលក្នុងចរន្តសេដ្ឋកិច្ច ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។ វិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់ចិនក៏បានជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ ។ ដោយឡែកនៅក្នុងបរិបទនយោបាយការបរទេស រដ្ឋាភិបាលក្រុងប៉េកាំង ក៏តែងតែគាំទ្រកម្ពុជាសឹងតែគ្រប់កម្រិត ។
ដោយឡែក សហរដ្ឋអាមេរិកក៏សំខាន់ ទោះបីជាសហរដ្ឋអាមេរិកមិនមែនជាប្រភពមូលនិធីអភិវឌ្ឈន៍ច្រើនដូចជាចិន ប៉ុន្តែមហាអំណាចនេះ ជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ជាពិសេសសម្រាប់សម្លៀកបំពាក់ និងស្បែកជើង និងទំនិញធ្វើដំណើរ ។ ផ្អែកតាមទឡ្ហីករណ៍នេះ កម្ពុជាក៏ត្រូវការសហរដ្ឋអាមេរិកខ្លាំងផងដែរ ហើយកម្ពុជាតែងតែចាត់ទុកសហរដ្ឋអាមេរិក គឺច្រកនាំទៅរកការបើកទ្វារឆ្ពោះទៅរកកាលានុវត្តភាពសាកលកាន់តែទូលំទូលាយពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងការផ្ទេរបច្ចេកវិទ្យា ។
ការរក្សាបាននូវតុល្យភាពនៃទំនាក់ទំនងជាមួយមហាអំណាចទាំងពីរអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្មភាពជាដៃគូរបស់ខ្លួន ជៀសវាងការពឹងផ្អែកហួសហេតុ និងបង្កើនភាពបត់បែនផ្នែកការទូតរបស់ខ្លួន ។ នៅក្នុងស្ថានភាពបែបនេះ វាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា នៅក្នុងការរក្សាគោលជំហរ និងបរិយាកាសបែបនេះឲ្យបានដើម្បីទប់ទល់នឹងសភាពការសកលដែលងាយនឹងបង្កជាហេតុ ។
នៅក្នុងបរិបទបែបនេះ កម្ពុជាត្រូវតែប្រកាន់យកនូវគោលនយោបាយអព្យាក្រឹត ភាពជាគោលការណ៍ឲ្យបានពិតប្រាកដ ហើយរក្សាឲ្យបាននូវតួនាទី និងមជ្ឈភាពរបស់អាស៊ានដែលពេលនេះ ប្រទេសសមាជិក អាស៊ាននានា គឺមានជំហរស្រដៀងគ្នានឹងកម្ពុជា ។ ក្រៅពីនេះ កម្ពុជាក៏ត្រូវការនូវការលើកកម្ពស់កំណែទម្រង់ក្នុងស្រុក ដែលធ្វើឲ្យកម្ពុជាក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត និងទាក់ទាញសម្រាប់អ្នកវិនិយោគ និងធុរជន ពិភពលោកយ៉ាងទូលំទូលាយ ។
ជោគជ័យ មិនត្រឹមតែអាស្រ័យលើការទូតខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើកម្លាំងផ្ទៃក្នុងផងដែរ ពោល គឺធ្វើអ្វីដែលនាំឲ្យមានការជំរុញសកម្មភាពសេដ្ឋកិច្ចលើកកម្ពស់អភិបាលកិច្ចល្អ និងឯកភាពជាតិ ។ នៅពេលដែលកម្ពុជានៅលើក្តារអុកភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម យុទ្ធសាស្ត្រដ៏ល្អបំផុតរបស់កម្ពុជា គឺត្រូវតែមានភាពបត់បែន ជៀសវាងភាពជ្រុលនិយមនៃមនោគមវិជ្ជា ហើយត្រូវតែទាញយកផលប្រយោជន៍ជាអតិបរមាពីគោលនយោបាយរបស់ខ្លួនដោយមិនប៉ះពាល់ដល់ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ