រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសាខា ក.ប.ប រាជធានីភ្នំពេញ យកសាច់ក្រក ចំនួន៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនឹង៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនឹង ១,៤០០គីឡូក្រាម យកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាម ។
សូមជម្រាបថា សាច់ក្រក, ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនឹង ១,៤០០គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាននៅព្រឹកនៅថ្ងៃចន្ទ ទី២១ មេសានេះ បន្ទាប់ពីនាំចូលរាជធានីភ្នំពេញ ចែកចាយដោយគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ។
តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបសាច់ក្រក ចំនួន៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនឹង៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនឹង ១,៤០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
ប្រតិបត្តិការបង្ក្រាបនេះ បន្ទាប់ពីមន្ត្រីជំនាញបានតាមដានស្រាវជ្រាវ នូវផលិតផលខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៍បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយកទៅបំផ្លាញចោល។ ទោះបីជាយ៉ាងណានគរបាលពុំបានបញ្ជាក់ឲ្យបានច្បាស់ថា ឈ្មួញដែលដឹកទំនិញខូចគុណភាពទាំងនោះ ត្រូវបានឃាត់ខ្លួនឬយ៉ាងណានោះទេ ៕






ចែករំលែកព័តមាននេះ