ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។…

នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។

ទាំង​កម្ពុជា និង​ថៃ បាន​ប្រកាស​ថា លោកស្រី ផៃ​ថង​ថា​ន នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ជី​រ៉ា​យុ ហោង​សាប់ (Jirayu Houngsub) បាន​ឲ្យ​ដឹង​ថា លោកស្រី​នឹង​ចូល​ជួប​សម្តេច​ធិ​បតី នៅ​វិមាន​សន្តិភាព​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហើយនឹង​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​ជាមួយ​សម​ភាគី​កម្ពុជា​របស់​លោកស្រី ។

លោក​បាន​បន្ត​ថា ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​រួម​គ្នា​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​និមិត្តសញ្ញា​ផ្លូវការ រំលឹក​ខួប​លើក​ទី​៧៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ។ លោក​បាន​បន្ត​ថា នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន រវាង​រដ្ឋាភិបាល​ទាំង​ពីរ ក្រៅពី​នោះ​លោកស្រី​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ប្រធាន​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានរដ្ឋសភា សម្តេច ឃួ​ន សុ​ដា​រី និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​បន្ត​ថា ដំណើ​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ជា​ពិសេស​លើ​វិស័យ​ដូច​ជា សន្តិសុខ បញ្ហា​ព្រំដែន សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ក៏​ដូច​ជា ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផង​ដែរ ។ នេះ គឺជា​ការ​បង្ហើប​របស់​អ្នកនាំពាក្យ ហើយ​បើ​តាម​អ្នកវិភាគ​ភាគី​កម្ពុជា និង​ថៃ​អាច​នឹង​មានការ​ពិភាក្សា​លើ​បញ្ហា​វឌ្ឍនភាព​នៃ​គម្រោង​ពាក់ព័ន្ធ​នឹង​ដំណើរការ​រុករក​ប្រេង​នៅ​តំបន់​ត្រួតស៊ីគ្នា រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​នៅ​តំបន់​ឈូង​សមុទ្រ​ថៃ ។

អ្នកវិភាគ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​នឹង​មានការ​ពិភាក្សា​គ្នា​ទោះជា​តិច ឬ​ច្រើន ។ លោក​បាន​លោក​ឡើង​ថា រឿង​អនុវត្ត​ដំណើរការ​រុករក​ប្រេង និង​ឧស្ម័ន ដែល​ភាគី​ថៃ​កន្លង​មក​ដុតដៃដុតជើង​ខ្លាំង​បាន​ស្ងប់ស្ងាត់​ប្រមាណ​ជា​១​ត្រីមាស​ដំបូង នៃ​ឆ្នាំ​២០២៥​នេះ ខណៈ​ដែល​វា គឺជា​រឿង​ក្តៅ​បំផុត​កាលពី​ចុងឆ្នាំ ។ ដូច្នេះ​ភាគី​ទាំង​ពីរ​ទំនង​ជាង​ពិភាក្សា​លើ​បញ្ហា​នេះ ។

អ្នកវិភាគ​ដដែល​បាន​លើក​ឡើង​ថា ក្រៅពី​នោះ ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដូច​ជា អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បង្ហើប​ពីព្រោះ​ថៃ​ត្រូវ​បាន​គេ​ដឹង​ថា កម្ពុជា គឺជា​ទីផ្សារ​មួយ​នៃ​ទំនិញ​ថៃ ស្រប​ពេល​ដែល​ថៃ​ក៏​ជាទី​ផ្សារ​នៃ​ផលិតផល​វត្ថុធាតុដើម​មួយ​របស់​កម្ពុជា ។

លោក​បាន​បន្ត​ទៀត​ថា ក្រៅពី​នោះ​ថៃ​ក៏​ជា​វិនិយោគិន​បរទេស​មួយ​ដែល​កំពុង​តែ​មាន​ធុរកិច្ច​ច្រើន​នៅ​កម្ពុជា ដូច​ជា ធនាគារ សេវាកម្ម​បដិសណ្ឋារកិច្ច កសិកម្ម និង​សុខភាព ខណៈ​ដែល​ការ​ផ្លាស់​ប្តូរ​ទេសចរណ៍​ក៏​មាន​សក្តានុពល​ខ្លាំង​ដោយ​ថៃ​ជា​អ្នកទេសចរ​បរទេស​លំដាប់​ទី​១ របស់​កម្ពុជា ហើយ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន ក៏​បាន​ចេញ​ទៅ​ថៃ​ដើរ​លេង​កម្សាន្ត​ទៅ​ព្យាបាល​ជំងឺ និង​ទៅ​បម្រើ​ការងារ​នៅ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ