វាពិតជាពិបាកណាស់ សម្រាប់ប្រទេសតូចដូចជា កម្ពុជានៅពេលមានបញ្ហាជាមួយប្រទេសធំដូចជា អាមេរិក ។ ការប៉ុនប៉ងដាក់ពន្ធដល់៤៩ភាគរយពីភាគីអាមេរិក វា គឺជាការគំរាមកំហែងមួយដល់កម្ពុជា ដែលចាំបាច់ត្រូវតែរកគ្រប់មធ្យោបាយ ដើម្បីធានាកំណើនការនាំចេញរបស់ខ្លួន…
វាពិតជាពិបាកណាស់ សម្រាប់ប្រទេសតូចដូចជា កម្ពុជានៅពេលមានបញ្ហាជាមួយប្រទេសធំដូចជា អាមេរិក ។ ការប៉ុនប៉ងដាក់ពន្ធដល់៤៩ភាគរយពីភាគីអាមេរិក វា គឺជាការគំរាមកំហែងមួយដល់កម្ពុជា ដែលចាំបាច់ត្រូវតែរកគ្រប់មធ្យោបាយ ដើម្បីធានាកំណើនការនាំចេញរបស់ខ្លួន ។ ប៉ុន្តែទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានបង្ហាញថា បើសិនជាមានប្រទេសណាមួយអាមេរិកធ្វើបាប ចិននឹងហក់ចូលជួយ ។

ក្នុងសេចក្តីថ្លែងការណ៍រួមក្រោយបញ្ចប់ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជា បានបង្ហាញថា ចិននឹងជួយកម្ពុជាពេញទំហឹង ពិសេសការធ្វើពាណិជ្ជកម្ម និងវិនិយោគ ។
អ្វីដែលកម្ពុជា និងចិន បាននិយាយ និងឯកភាពគ្នានោះ គឺការពន្លឿនការកសាងសហគមន៍រួមកម្ពុជា-ចិន ដោយភាគីទាំងពីរសន្យាបន្ត និងជំរុញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាព៦ ពោល គឺ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាព និងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ និងពន្លឿនការកសាងនូវ«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង ច្រករបៀងមច្ឆា និងអង្ករ» សំដៅលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន និង ទេសចរណ៍ ។

នៅពេលចិនប្រើពាក្យ «គាំទ្រពេញទំហឹង» កម្ពុជាអាចធូរទ្រូង ក្រោមសម្ពាធពន្ធពីអាមេរិក ។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានោះ កម្ពុជាក៏ទំនងជាកំពុងគិតរកការគាំទ្រពីប្រទេសផ្សេងៗទៀតដូចជា ជប៉ុនជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ពាណិជ្ជកម្មណាមួយពីការដាក់ពន្ធខ្ពស់ដោយអាមេរិក ។ រដ្ឋាភិបាលកម្ពុជា នឹងមានសេណារីយ៉ូជាច្រើន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់លាក់ណាមួយដែលនឹងបណ្តាលមកពីការការសម្រេចពន្ធរបស់អាមេរិកនៅនាទីចុងក្រោយ ។ នយោបាយរបស់កម្ពុជានឹងមានភាពបត់បែនទៅតាមលទ្ធផលចុងក្រោយនៃការចរចាពន្ធរវាងកម្ពុជា និងអាមេរិក ។
ទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅកម្ពុជា វៀតណាម និងម៉ាឡេស៊ី ក៏កំពុងផ្តល់សារមួយដល់អាមេរិកថា ប្រទេសណាដែលអាមេរិកដាក់ការគាបសង្កត់ពន្ធកាន់តែខ្លាំង ចិននឹងកាន់តែហក់ខ្លួនចូលកាន់តែជ្រៅ នៅក្នុងការបង្កើតទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសនោះ ។ ដូច្នេះ អាមេរិកត្រូវតែថ្លឹងថ្លែងពីផលវិបាកនៃការដាក់ពន្ធរបស់ខ្លួនលើប្រទេសផ្សេងរួមទាំងកម្ពុជា វៀតណាម និងម៉ាឡេស៊ី ។

ក្រោយទស្សនៈកិច្ចផ្លូវការរបស់លោក ស៊ី ជីនពីង មេដឹកនាំចិននៅកម្ពុជា និងអាស៊ានពីរប្រទេសទៀត ក្រោមសំពាធពន្ធបដិការជាសកលរបស់សហរដ្ឋអាមេរិក វាពិតជាធ្វើឲ្យមជ្ឈដ្ឋាននយោបាយទាំងជាតិ តំបន់ និងអន្តរជាតិ តាមមើលកម្ពុជា និងប្រទេសទាំងពីរមិនដាក់ភ្នែកឡើយចាប់ពីពេលនេះតទៅ ។
នៅពេលដែលលោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនៈកិច្ចដ៏កម្រមកកាន់៣ប្រទេសនៅអាស៊ីអាគ្នេយ៍ មានអ្នកតាមដានសភាពការជាតិ និងអន្តរជាតិជាច្រើន បានបង្ហាញនូវការសន្និដ្ឋានខុសៗគ្នា ដោយនៅក្នុងនោះអ្នកវិភាគខ្លះបានលើកឡើងថា ប្រទេសទាំងបីដែលមានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ពិតជារសើបណាស់ នៅពេលដែលកំពុងតែត្រៀមខ្លួនចរចារជាមួយនឹងសហរដ្ឋអាមេរិកអំពីសម្ពាធពន្ធបដិការ ។
ពួកគេបានលើកឡើងថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងតាមសម្លឹងប្រទេសទាំង៣ មិនដាក់ភ្នែកឡើយចាប់ពីពេលនេះតទៅ ខណៈដែលប្រទេសទាំងបី គឺសុទ្ធតែស្ថិតនៅក្នុងចំណោមប្រទេសដែលមានគំនាបពន្ធខ្ពស់បំផុតដោយកម្ពុជា៤៩ភាគរយ វៀតណាម៤៦ភាគរយ ហើយម៉ាឡេស៊ី២៤ភាគរយ ស្របពេលដែលចិននៅពេលនេះបានរងគំនាបពន្ធដល់ទៅ២៤៥ភាគរយទៅហើយ ។
ពាក់ព័ន្ធនឹងដំណើររបស់លោក ស៊ី ជីនពីង កាលពីសប្តាហ៍មុននេះ សារព័ត៌មានកាណាដាមួយ ដែលមានឈ្មោះថា CBC បានរាយការណ៍ថា វាជាដំណើរដ៏វ័យឆ្លាតរបស់ចិន ។
លោក ជិល ឡាន (Gil Lan ) សាស្ត្រាចារ្យរងផ្នែកច្បាប់ និងធុរកិច្ចកាណាដាមួយបាននិយាយប្រាប់ប្រភពព័ត៌មាននេះថា វាជាសកម្មភាពការទូតដ៏ឆ្លាតវៃមួយរបស់ចិន ។ លោកបានបន្តថា ដំណើរទស្សនកិច្ចរយៈពេល៥ របស់លោក ស៊ី មកកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីពង្រឹងសម្ព័ន្ធមិត្ត និងការគាំទ្រក្នុងតំបន់ ហើយបង្ហាញថា ទីក្រុងប៉េកាំងជាដៃគូដែលមានស្ថិរភាព និងគួរឱ្យទុកចិត្ត បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសកំណត់ពន្ធបដិការកាល ពីដើមខែនេះលើប្រទេសនានាជុំវិញពិភពលោក ។ លោក សាស្ត្រាចារ្យ បាននិយាយថា វាជាឱកាសដ៏ល្អសម្រាប់ប្រទេសចិនក្នុងការដាក់ខ្លួនជាអ្នកដឹកនាំនៃសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក ៕
ចែករំលែកព័តមាននេះ