រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានទំនាស់ពាក្យសំដីរឿងឆាតហៅនារីម្នាក់ តែពេលនាងមកជួបមុខផ្ទាល់ បែរជានារីភេទទី៣ ក៏ធ្វើឱ្យបុរសជនជាតិចិននោះខឹងយ៉ាងខ្លាំង ក៏បានប្រើហិង្សាទះ និងវាយនារីជាភេទទី៣ច្រើនដៃ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍និងទូរស័ព្ទប្ដឹងសមត្ថកិច្ចចាប់បុរសជនជាតិចិននោះយកទៅប៉ុស្តិ៍ ហើយនារីភេទទី៣បានទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីបង្កហិង្សាមានចេតនា ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២៥នៅចំណុចមុខផ្សារចិន តាមផ្លូវ៧៨ ស្ថិតភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់បានឆាតហៅនារីម្នាក់តាមតេឡេក្រាម តែមិនដឹងហៅមករឿងអ្វីនោះទេ ។ ស្រាប់តែនារីដែលមកតាមឆាតមកឈប់មុខផ្សារចិន ក៏ឃើញជានារីភេទទី៣ទៅវិញ ទើបកើតជាទំនាស់រវាងនារីភេទទី៣ និងបុរសជនជាតិចិនវ័យប្រហែល៣០ឆ្នាំ ដោយបុរសរូបនោះបានប្រើហិង្សាទះនិងដេញវាយនារីភេទទី៣ មុខផ្សារចិនជាច្រើនដៃ ទើបប្រជាពលរដ្ឋជាអ្នករត់ម៉ូតូកង់បី និងអ្នកដំណើរផ្សេងទៀតនាំគ្នាស្រែកផ្អើលឆោឡោ និងខ្លះជួយតេទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយចុះមកជួយអន្តរាគមន៍ ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍យកភាគីសងខាងមកប៉ុស្តិ៍ ទាំងអ្នកបង្កហិង្សាជាបុរសជនជាតិចិន និងនារីភេទទី៣មកសាកសួរនាំ ដើម្បីសុំគោលការណ៍ថ្នាក់លើឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្ននារីភេទទី៣ បានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធប្រើអំពើហិង្សា បណ្ដាលឱ្យនាងពកក្បាល និងវិលមុខយ៉ាងខ្លាំងដោយសារជនបង្កប្រើកំលាំងដៃខ្លាំងវាយមកលើរូបនាង ៕






ចែករំលែកព័តមាននេះ