ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​ស្ថានភាព​ពិភពលោក នៅ​តែ​អ​ស្ថេ​រ​ភាព​នោះ​តម្លៃ​មាស​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​ឡើង​បន្ថែម​ទៀត ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ត្រូវ​គេ​ព្យាករណ៍​ថា នឹង​កាន់តែ​ធ្លាក់​ថ្លៃ ព្រោះ​តម្រូវការ​ប្រើប្រាស់​ខ្សោយ ។ អ្នកវិភាគ​បាន​អះអាង​ថា នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃ​មាស គឺជា​ឧបករណ៍​នៃ​ការ​ជួញដូរ​ដែល​មាន​ទំនុកចិត្ត​បំផុត…

ប្រសិនបើ​ស្ថានភាព​ពិភពលោក នៅ​តែ​អ​ស្ថេ​រ​ភាព​នោះ​តម្លៃ​មាស​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​ឡើង​បន្ថែម​ទៀត ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ត្រូវ​គេ​ព្យាករណ៍​ថា នឹង​កាន់តែ​ធ្លាក់​ថ្លៃ ព្រោះ​តម្រូវការ​ប្រើប្រាស់​ខ្សោយ ។

អ្នកវិភាគ​បាន​អះអាង​ថា នៅ​ក្នុង​ស្ថានភាព​ដែល​ពិភពលោក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃ​មាស គឺជា​ឧបករណ៍​នៃ​ការ​ជួញដូរ​ដែល​មាន​ទំនុកចិត្ត​បំផុត ។ ដូច្នេះ​តម្លៃ​របស់​វា​នឹង​បន្ត​កញ្ជ្រោល​ឡើង​ពីព្រោះ​ឧបករណ៍​នៃ​ការ​ជួញដូរ​នានា ជា​ពិសេស គឺ​រូបិយប័ណ្ណ​របស់​ប្រទេស​នានា​នា​ប្រែប្រួល​តាម​ទំនោរ​នៃ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ប្រទេស ។

ពួក​គេ​បាន​បន្ត​ទៀត​ថា ស្រប​ពេល​ដែល​មាស​មាន​តម្លៃ​កើនឡើង ផ្ទុយ​ទៅ​វិញ​តម្លៃ​ប្រេង​នឹង​អាច​ធ្លាក់​ចុះ ពីព្រោះ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ថមថយ ដែល​ជា​បច្ច័យ​រឹតតែ​រុញច្រាន​ពិភពលោក​ឲ្យ​ធ្លាក់​នៅ​ក្នុង​ស្ថានភាព​ដែល​ពិបាក ។

តម្លៃ​មាស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ មួយ​តម្លឹង​លក់​ចេញ​មាន​តម្លៃ​៤​ពាន់​ដុល្លារ សម្រាប់​មាសគីឡូ និង​៣​ពាន់​ដុល្លារ​សម្រាប់​ប្លា​ទី​ន​ទឹក​៧៥ នៅ​ក្នុង​មួយ​តម្លឹង ខណៈ​ដែល​តម្លៃ​ប្រេងឥន្ធនៈ​វិញ ប្រេងម៉ាស៊ូត​មាន​តម្លៃ​៣.៥៥០​រៀល ប្រេងសាំង​ធម្មតា​៣.៧៥០​រៀល និង​សាំង​ស៊ុប​ពែរ​វិញ មាន​តម្លៃ​៤.៤០០ រៀល​នៅ​ក្នុង​មួយ​លី​ត្រ ។

តម្លៃ​នេះ​នឹង​បន្ត​ប្រែប្រួល​នៅ​ពេល​ខាង​មុខ ទៅ​តាម​ស្ថានភាព​នៃ​ការ​វិវត្តន៍​ទៅ​មុន​នៃ​តម្លៃនៅលើទីផ្សារ អន្តរជាតិ ផ្អែក​តាម​ស្ថានភាព​និង​ស្ថានការណ៍​ពិភពលោក ។

សារព័ត៌មាន Economic Times បាន​រាយការណ៍​ថា ក្រុមហ៊ុន Goldman Sachs ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ព្រមាន​ថា ប្រសិនបើ​បើ​ស្ថានភាព​ពិភពលោក​នៅ​តែ​មន្ទិល​ដូច​សព្វថ្ងៃ​មិនយូរ​ទេ តម្លៃ​មាស​នឹង​ឡើង​ដល់ ៤.៤០០ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ហើយ​អាច​នឹង​ឡើង​រហូត​ដល់​ទៅ​៥.៤០០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង​នៅ​ក្នុង​រយៈពេល​មធ្យម ។
លោក អា​នូ ហ្គូ​ប​តា (Anuj Gupta) ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន HDFC Securities បាន​អះអាង​ថា តម្លៃ​មាស​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ពឹងផ្អែក​ខ្លាំង​នៅ​លើស​ស្ថានភាព​នៃ​ការ​ភ័យ​ខ្លាច​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​វិបត្តិ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក ។

តាម​សារព័ត៌មាន VN Express វិញ​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​តម្លៃ​មាស​ធ្លាក់​ចុះ​៤,២​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​តម្លៃ​នៃ​លោហៈ​ដ៏​មាន​តម្លៃ​នៅ​ប្រទេស​សង្គមនិយម​មួយ​នេះ​នៅ​តែ​មាន​តម្លៃ​រហូត​ដល់​ទៅ​៤.៤៤៥ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ។ នេះ គឺជា​ស្ថានភាព​នៃ​តម្លៃ​មាស ដោយឡែក​សម្រាប់​តម្លៃ​ប្រេងឥន្ធនៈ​វិញ​មានការ​ព្យាករណ៍​ថា អាច​នឹង​ធ្លាក់​ចុះ ជា​ពិសេស គឺ​នៅ​អាស៊ី ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ខណៈ​ដែល​តម្រូវការ​ប្រេង មាន​និន្នាការ​ធ្លាក់​ចុះ ហើយ​ក្រុម​ប្រទេស​ផលិត​ប្រេង​បែ​ជា​មាន​ផែនការ​ជំរុញ​ផលិតកម្ម​ប្រេង​សម្រាប់​ផ្គត់ផ្គង់​មក​អាស៊ី​ជាមួយនឹង​ការ​បញ្ចុះ​ថ្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​មួយ​បារ៉ែល រហូត​ដល់​ទៅ​២,៣០​ដុល្លារ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​បញ្ចុះតម្លៃ​នេះ និង​ការ​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​រហូត​ដល់​ទៅ​៤១១.០០០​បារ៉ែល នៅ​ក្នុង​មួយ​ថ្ងៃ នៅ​ខែឧសភា​ខាង​មុខ​នោះ​តម្លៃ​ប្រេង​នៅ​អាស៊ី​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ