ខេត្តកណ្តាល ៖ នគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព ជិះម៉ូតូមកបន្លំខ្លួនជាអ្នកទិញ ខ្សែកខ្សែដៃផ្លាទីន រួចរត់ទ្បើងម៉ូតូ ចំថ្ងៃស៊យ ត្រូវស្ត្រីជាអ្នកលក់ ស្ទុះដេញតាមពីក្រោយ ក្របួចកជាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
នគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ.ស.ធ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរ (លក់ដូរគ្រឿងអលង្ការ មាស និងផ្លាទីន) ។ ចំណែកសង្ស័យមានឈ្មោះ ស៊ុន លីប៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប៉ី ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានមុខរបរ (មិនពិតប្រាកដ) ។
ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈ រួមមាន ៖ ខ្សែកផ្លាទីន ចំនួន០២ខ្សែ និង ខ្សែដៃ ចំនួន០១ខ្សែ រួមជាមួយម៉ូតូចំនួន០១គ្រឿង ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1BG-2013 ។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកហាងលក់ដូរគ្រឿងអលង្ការ មាស និង ផ្លាទីន ដូចសព្វថ្ងៃ ។ បន្ទាប់មកវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃដដែល ពេលជនរងគ្រោះកំពុងតែអង្គុយលក់ ភ្លាមនោះក៏បានឃើញជនសង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលើ មកឈប់នៅចំណុចខាងមុខហាង រួចក៏បានដើរចូលមកនិយាយថា «ខ្ញុំចង់ទិញខ្សែក» ហើយក៏ជនរងគ្រោះ បានយកខ្សែក ចំនួន០១ខ្សែ ដើម្បីឱ្យជនសង្ស័យមើល រួចមកជនសង្ស័យ និយាយថា មិនទាន់ពេញចិត្តទេ ក៏បានសុំជនរងគ្រោះមើលខ្សែកមួយខ្សែទៀត និងខ្សែដៃ ពេលនោះ ជនរងគ្រោះក៏បានយកមកឱ្យមើលទៀត ស្រាប់តែជនសង្ស័យ បានយកខ្សែក ចំនួន០២ខ្សែ រួមជាមួយខ្សែដៃផ្លាទីន ចំនួន០១ខ្សែ ដាក់ចូលក្នុងហោប៉ៅខោ រួចជិះម៉ូតូរត់គេចខ្លួនតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ ឃើញបែបនេះ ក៏បានស្ទុះចេញពីក្នុងតូបលក់គ្រឿងអលង្ការ រត់តាមពីក្រោយ រួចបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ ភ្លាមនោះ ជនសង្ស័យ បានព្យាយាមបើកម៉ូតូរត់ទៅមុខ តែជនរងគ្រោះស្ទុះឡើងម៉ូតូ ជិះជាមួយជនសង្ស័យ រួចក៏បានយកដៃកាច់បិទសោម៉ូតូជនសង្ស័យ ពេលនោះ ម៉ូតូរបស់ជនសង្ស័យបានរលត់ ក៏បណ្តាលឱ្យដួល បន្ទាប់មក ជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ ដើម្បីដណ្ដើមកូនសោរម៉ូតូវិញ ប៉ុន្តែស្របពេលដែលឃើញបែបនេះ ក៏បងប្អូនប្រជាពលរដ្ឋបាននាំគ្នាចេញមកជួយចាប់ជនសង្ស័យ និងស្វាគមន៍យ៉ាងចាស់ដៃ តែម្តង ទើបប្រញាប់ប្រញាល់រាយការណ៍ជូនកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋត្រពាំងវែង សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង ធ្វើការចាប់ឃាត់ខ្លួនបញ្ចូលមកធ្វើការសួរនាំ ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែក ខ្សែដៃ ពិតប្រាកដមែន ពីព្រោះខ្លួនជំពាក់លុយមិត្តភក្ដិខ្លួន ចំនួនមួយលានរៀល ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕










ចែករំលែកព័តមាននេះ