ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ ! ក្រុមហ៊ុនចិនបង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

12 ម៉ោង មុន

បរទេស ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង…

បរទេស ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង តុង​ចូ​វ (Wang Tongzhou) ប្រធាន​ក្រុមហ៊ុន​ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន China Communications Construction Company ហៅ​កាត់​ថា CCCC) នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​នោះ​លោក វ៉ាង តុង​ចូ​វ បាន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដោត​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​សាងសង់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធានា​នូវ​បរិយាកាស​វិនិយោគ​ល្អ ។

លោក វ៉ាង តុង​ចូ​វ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​មហា​បវរ​ធិ​បតី អំពី​ប្រតិបត្តិការ​អា​ជី​កម្ម​របស់​ក្រុមហ៊ុន CCCC ដែល​ជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​ឈានមុខ​គេ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ការ​ជីក​ស្តារ​ព្រែកជីក​ក៏​ដូច​ជា ប្រព័ន្ធ​ស្រោចស្រព​ធំ​ៗ​ជាដើម ។

បច្ចុប្បន្ន ក្រុមហ៊ុន មាន​ប្រតិបត្តិការ​អាជីវកម្ម នៅ​ក្នុង​១៥៨​ប្រទេស​ជុំវិញ​ពិភពលោក ។ លោក​បាន​បន្ត​ថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែល​ជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CCCC ជា​អ្នក​ទទួល​បន្ទុក​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។

លោក វ៉ាង តុង​ចូ​វ ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី អំពី​វឌ្ឍនភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់​ៗ​សម្រាប់​ការ​អនុវត្ត​គម្រោង​នេះ ស្រប​ពេល​នៃ​ដំណើរ​រ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នា​ពេល​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោក​ប្រធាន ក្រុម ហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា រដ្ឋាភិបាល​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញលេញ​លើ​គម្រោង​នេះ ។ លោក​ប្រធាន​ក៏​បាន​គូសបញ្ជាក់​ពី​សុទិដ្ឋិនិយម​នៃ​ការ​អនុវត្ត​គម្រោង និង​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​កំណត់​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ជា​គំរូ​មួយ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន និង​សម្ដែង​ការ​រីករាយ​ចំពោះ​ក្រុមហ៊ុន CRBC ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​នៅ​កម្ពុជា ជា​ពិសេស​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ ។

សម្ដេច​ក៏​បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​សារៈសំខាន់​នៃ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​នឹង​បើក​សក្ដានុពល​ក្នុង​កា​រត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ និង​ពង្រីក​សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ឡូ​ជី​ស្ទីក និង​អចលនទ្រព្យ ដែល​នឹង​ជំរុញ​សន្ទុះ​កំណើន​សេដ្ឋកិច្ចជាតិ​ថែម​ទៀត ។

មុន​បញ្ចប់ សម្ដេច​បវរ​ធិ​បតី បាន​អបអរសាទរ​ចំពោះ​ការ​ឯកភាព​លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់​ៗ សម្រាប់​ការ​អនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ និង​ជឿជាក់​ថា គម្រោង​នេះ​នឹង​បញ្ចប់​ការ​សាងសង់​ដោយ​ជោគជ័យ តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ឯ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឧបនាយករដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ដើម្បី​រៀបចំ​វាយតម្លៃ​របាយការណ៍​សិក្សា​សមិទ្ធិ​លទ្ធភាព និង​រៀបចំ​ចរចា​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៃ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​អញ្ជើញ​ជា​អធិបតី និង​ជា​ហត្ថលេខី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ចំនួន​៥ ពាក់ព័ន្ធ​នឹង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ រួម​ជាមួយ​លោក វ៉ាង តុង​ចូ​វ ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន (CCCC) ។

កិច្ចព្រមព្រៀង និង​កិច្ចសន្យា​ទាំង​៥​រួម​មាន ៖ ១) កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដែល​មាន ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ដោយ​ទទួល​បាន​សិទ្ធ​ប្រទាន​ធ្វើ​ជា​តំណាង​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា​ជាមួយ​ឯកឧត្តម អៀង ស៊ុន​លី តំណាង​ក្រុមហ៊ុន​ហ្វូ​ណ​ន​តេ​ជោ ខូ​ស​ថ​ល​-​អ៊ី​ន​ឡេ​ន វ័​រ​ធើ​វេ​យ ឯ​.​ក ២) កិច្ចព្រមព្រៀង​ម្ចាស់​ភាគហ៊ុន ៣) កិច្ចព្រមព្រៀង​វិនិយោគ ៤) កិច្ចសន្យា​វិស្វកម្ម លទ្ធកម្ម និង​សាងសង់ ៥) កិច្ចសន្យា​ប្រតិបត្តិការ និង​ការ​ថែទាំ គួរ​រម្លឹក​ដែរ​ថា «​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ហ្វូ​ណ​ន​តេ​ជោ​» បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ហើយ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​បាន​ស្ថាបនា​រួចរាល់​នៅ​អំឡុង​ឆ្នាំ​២០២៨​ខាង​មុខ ៕

កែសម្រួលដោយ