ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ចាត់​ទុក​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​ណាស់​ សម្រាប់​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ​នៅ​កម្ពុជា ​ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​ណាស់ ជា​ពិសេស​នៅ​ពេល…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ​នៅ​កម្ពុជា ​ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​ណាស់ ជា​ពិសេស​នៅ​ពេល ​ដែល​ពិភពលោក​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ​ដែល​កំពុង​ឈាន​ទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​បណ្ដើរ​ៗ ។

ការ​លើក​ឡើង​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ខណៈ​ទទួល​ជួប​ពិភាក្សា​ការងារជាមួយ ​ឯកឧត្តម
ស៊ី ជី​ន​ពីង ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃ​ទី​១៧ ​មេ​សា នៅ​វិមាន​សន្តិភាព​ ក្នុង​ឱកាស​ឯកឧត្តម ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ រយៈពេល​២​ថ្ងៃ​ ។

យោង​តាម ​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ ក្នុង​នាម​សម្ដេច​ផ្ទាល់ និង​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ចំពោះ​ឯកឧត្តម ​ប្រធានាធិបតី​ចិន ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ លើក​ទី​២ ដែល​លើក​ទី​១ ​កាលពី​ឆ្នាំ​២០១៦​។ សម្ដេច​តេ​ជោ ​បាន​ចាត់​ទុក ​ឯកឧត្តម ស៊ី ជី​ន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផង​ដែរ ​។

សម្ដេច​តេ​ជោ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ទស្សនកិច្ច​របស់ ​ឯកឧត្តម ស៊ី ជី​ន​ពីង នៅ​ពេល​នេះ ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​ណាស់ ជា​ពិសេស​ នៅ​ពេល​ដែល​ពិភពលោក​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ​ដែល​កំពុង​ឈាន​ទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​បណ្ដើរ​ៗ ហើយ​សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធានាធិបតី​នា​ពេល​នេះ បាន​បង្ហាញ​ពី​ចំណងមិត្តភាព​ជា​ប្រពៃណី ដ៏​រឹង​មាំ ពង្រឹង​មិត្តភាព​ដែកថែប លើកកម្ពស់​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ និង​រដ្ឋ រវាង​បក្ស និង​បក្ស ឲ្យ​កាន់តែ​ជិតស្និទ្ធ​មួយ​កម្រិត​ថែម​ទៀត​។ ជាង​នេះ​ទៅ​ទៀត ​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០២៥នេះ ​គឺជា​ខួប​ទី​១៥​ឆ្នាំ នៃ​ការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ​។

សម្ដេច​បាន​ចាត់​ទុក​ឯកឧត្តម ស៊ី ជី​ន​ពីង ថា​ជា​មិត្ត​ចាស់ មិត្ត​ធំ​បំផុត ជាទី​ទុកចិត្ត​បំផុត​របស់​កម្ពុជា និង​ជា​អ្នកគាំទ្រ​ដ៏​រឹង​មាំ​របស់​កម្ពុជា និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​ ៤៦​ឆ្នាំ​ កន្លង​មកនេះ​ ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ី ជី​ន​ពីង បាន​បង្ហាញ ​នូវ​ក្តី​រីករាយ​នៅ​ពេល ​ដែល​ឯកឧត្តម​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា ​សារ​ជា​ថ្មី​ម្ដងទៀត ដែល​ជា​មិត្ត​ចាស់​របស់​ឯកឧត្តម ជា​ពិសេស​ឯកឧត្តម​ បាន​ចាត់​ទុក​សម្ដេច​តេ​ជោ​ ជា​មិត្ត​ចាស់ បន្ទាប់​ពី​ឯកឧត្តម​បាន​ជួប​សម្ដេច​តេ​ជោ ​កាលពី​៤​ខែ​មុន នៅ​ប្រទេស​ចិន តែ​ពេល​នេះ ឯកឧត្តម​ បាន​មក​ជួបសម្ដេច​តេ​ជោ​ ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម​ បាន​សម្ដែង​នៅ​ក្តី​រីករាយ ជា​ពិសេស​រំភើប​ចំពោះ​ការ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ចំពោះ​វត្តមាន​ឯកឧត្តម​ នៅ​កម្ពុជា​នៅ​ពេល​នេះ​។ ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល ​ដែល​ឯកឧត្តម​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​តាម​ផ្លូវ ​ឯកឧត្តម​បានឃើញ​នូវ​ការ​ស្វាគមន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ឯកឧត្តម ​បាន​សម្លឹង​ពី​រថយន្ត​របស់​ឯកឧត្តម មើលទៅ​លើ​ទឹកមុខ​របស់​ប្រជាជន​ដែល​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម ភាព​រីករាយ​ស្វាគមន៍​ឯកឧត្តម ដោយ​ចេញពី​បេះដូង ឯកឧត្តម​ពិតជា​រំភើប ហើយ​ការ​ស្វាគមន៍​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ បង្ហាញ​អំពី​មិត្តភាព​ដ៏​រឹង​មាំ មិត្តភាព​ដែកថែប រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ធ្វើ​ឱ្យ​មិត្តភាព​នេះ​កាន់តែ​រីក​ចម្រើន​ល្អ​ប្រសើរ​បន្ថែម​ទៀត ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​តួនាទី​របស់​ចិន ដែល​សម្ដេច​បាន​កោតសរសើរ​ចំពោះ​មុខ​ឯកឧត្តម​ប្រធានាធិបតី​ចិន ថា តួនាទី​របស់​ចិន គឺ​តួនាទី​ស្ថាបនា និង​សកម្ម ​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាស​កល ហើយ​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នានា​របស់​មិត្ត​ចិន ដូច​ជា​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​សកល គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​សាកល និង​គំនិត​ផ្ដួចផ្ដើម​អរិយធម៌​សាកល ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្ដួចផ្ដើម​ទាំងនេះ នឹង​រួមចំណែក​ក្នុង​ការ​ថែរក្សា​ផលប្រយោជន៍​សាកល អភិវឌ្ឍន៍​សកល និង​ពង្រឹង​គោលដៅ​ប្រកបដោយ​ចីរភាព ក្នុង​ឆ្នាំ​២០៣០ របស់​អង្គការ សហប្រជាជាតិ ដើម្បី​ថែរក្សា​សន្តិភាព សន្តិសុខ និង​ភាព​សុខដុម ​។

សម្ដេច​តេ​ជោ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់​គ្រប់​កម្រិត និង​គ្រប់​វិស័យ ដែល​បង្ហាញ​អំពី​សាមគ្គីភាព​ជា​ប្រពៃណី និង​បង្កើន​ការ​កសាង​ទំនុកចិត្ត នយោបាយ​កម្រិត​ខ្ពស់​បំផុត ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា គោរពផល​ប្រយោជន៍​​ស្នូល​ទៅ​វិញ​ទៅ​មក និង​ប្រឆាំង​រាល់​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំង​ពីរ ។

សម្ដេច​តេ​ជោ ​ក៏​បាន​រំលេចបន្ថែម ​ដោយ​លើក​ឡើង​ស្នើ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ​ នូវ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត​ដល់​កម្ពុជា ​ក្នុង​គោលដៅ​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស ដោយ​សម្ដេច​បាន​មាន​ប្រសាសន៍​លើក​ឡើង​ឱ្យ​ភាគី​ទាំង​ពីរ ​ធ្វើ​យ៉ាងណា​ពង្រឹង​នូវ​មិត្តភាព បន្ថែម​ទៀត ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​បក្ស និង​ក្រប​ខណ្ឌ​រដ្ឋាភិបាល និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​ផលប្រយោជន៍​ប្រទេស​ទាំង​សងខាង​ ។

សម្ដេច​តេ​ជោ​ ក៏​បាន​បន្ថែម​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ​រាល់​គំនិត​ផ្ដួចផ្ដើម​នានា ​ក្នុង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ជា​ការ​ឆ្លើយ​តប នឹង​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ឯកឧត្តម ស៊ី ជី​ន​ពីង បាន​មាន​ប្រសាសន៍​បន្ថែម​ថា ភាគី​ចិន​គឺ​គាំទ្រ ជា​ពិសេស​គាំទ្រ​ចំពោះ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​កម្ពុជា​កំពុង​តែ​ដំណើរការ​សាងសង់ ហើយ​ភាគី​ចិន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ​។ ឯកឧត្តម​ បន្ត​ទៀត​ថា ភាគី​ចិន និង​ភាគី​កម្ពុជា នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត ​ទាំង​ក្របខ័ណ្ឌ​គណបក្ស និង​ក្រប​ខណ្ឌ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ចិន នឹង​ជួយ​បណ្ដុះបណ្ដាល​នូវ​ធនធានមនុស្ស ទាំង​ធនធាន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ធនធាន​ក្នុង​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណា ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជា​ការ​ឆ្លើយ​តប ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង ចំពោះ​ការ​គាំទ្រ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដោយ​សម្តែង ​នូវ​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ហើយ​សម្ដេច​បាន​បញ្ជាក់​អំពី​សារៈសំខាន់ នៃ​ព្រែកជីក​នេះ ដែល​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា ហើយ​ជា​ផល​ចំណេញ​សម្រាប់​ប្រទេស​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ។

ជា​ចុង​ក្រោយ ភាគី​ទាំង​ពីរ​ បាន​សម្ដែង​នូវ​ការ​អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស ​សម្ដេច​តេ​ជោ ​ក៏​បាន​ជូនពរ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​ឯកឧត្តម ស៊ី ជី​ន​ពីង​ នៅ​កម្ពុជា ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ