ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ខ្មែរ​ ៣​ថ្ងៃ​ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​កម្សាន្តទូ​ទាំង​ប្រទេស ជាង​២៣​លាន​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ​៖ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​កម្សាន្ត ទូ​ទាំង​ប្រទេស មាន​ចំនួន​ប្រមាណ ២៣.៩៧៧.៤៤១​នាក់ កើនឡើង ៩,៩% ធៀប​នឹង​ឆ្នាំ​២០២៤ ។

យោង​តាម​របាយការណ៍ របស់​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​១៧ មេ​សា​នេះ បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស មាន​ចំនួន​ប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀប​នឹង​ឆ្នាំ​២០២៤ (​ដែល​មាន​ចំនួន ២១.៨១៣.១៣៨ នាក់​) ក្នុង​នោះ ភ្ញៀវ​ជាតិ មាន​ចំនួន ២៣.៨៦២.៣៥១ នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១១៥.០៩០ នាក់ ។

បន្ថែម​លើ​នេះ ក្រសួងទេសចរណ៍ បាន​បង្ហាញ​របាយការណ៍ តួលេខ​ប្រចាំ​ថ្ងៃ សម្រាប់​ថ្ងៃ​ទី​១៤ មេ​សា ភ្ញៀវ​មាន​ចំនួន ៥.៦៨៥.២២៣ នាក់​, ថ្ងៃ​ទី​១៥​មេ​សា ភ្ញៀវ​មាន​ចំនួន ៨.៣៦៥.៧២៤ នាក់​និង​ថ្ងៃ​ទី​១៦ ខែមេសា ភ្ញៀវ​មាន​ចំនួន ៩.៩២៦.៤៩៤ នាក់ ។

ដោយឡែក​សម្រាប់​ក្នុង​រយៈពេល​៣​ថ្ងៃនេះ រាជធានី ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាងគេ​ទាំង​៥ រួម​មាន​៖
-​រា​ធានី​ភ្នំពេញ ២.៨៦៣.៩២២ នាក់
-​ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
-​ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
-​ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
-​ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់

ការ​បូក​សរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស រយៈពេល​៣​ថ្ងៃនេះ គឺ​ត្រូវ​បាន​គណនា​ដោយ រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស និង​ចំនួន​បងប្អូន​ប្រជាជន ដែល​បាន​ចូលរួម​លេង​កម្សាន្ត នៅ​តាម​ទីតាំង​សំខាន់​ៗ ដែល​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត និង​ព្រឹត្តិការណ៍​ទេសចរណ៍​កម្សាន្ត​ផ្សេង​ៗ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ក្រសួងទេសចរណ៍ ។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍ បាន​កត់សម្គាល់​ដែរ​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើត​ជា​ផលប្រយោជន៍​សេ​ដ្ច​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​តាម​មូលដ្ឋាន​។ បណ្តា​សណ្ឋាគារ និង​សេវា​ស្នាក់​នៅ​ទេសចរណ៍ ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ស្ទើរ​គ្រប់​ខេត្ត បាន​ទទួលភ្ញៀវ​ស្ទើរ​ពេញ​ស្ទើរ ១០០%​។ វិស័យ​ឯកជន​មាន​ក្តី​រីករាយ និង​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍន៍​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ នៃ​វិស័យ ទេសចរណ៍​កម្ពុជា​។

ជាមួយនឹង​សភាពការណ៍​សន្តិសុខ សណ្តា​ប់ធា្ន​ប់ សុវត្ថិភាព ការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ និង​ការ​គ្រប់គ្រង​គុណភាព និង​តម្លៃ​សេវា​ទេសចរណ៍​នានា​ជា​រួម ក្រសួងទេសចរណ៍ បាន​វាយតម្លៃ​ថា មាន​ភាពល្អ​ប្រសើរ ខណៈ​ដែល​កម្លាំង​មាន​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​អនុវត្ត​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

ក្រសួងទេសចរណ៍ បញ្ជាក់​ដែល​ថា ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន សិស្ស​-​និស្សិត និង​កម្មករ កម្ម​ការី មាន​សេចក្តី​រីករាយ និង​បាន​ថ្លែងអំណរគុណ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត ឱ្យ​មានការ​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ ដោយ​ឥត​គិតថ្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ ទៅ​មក​ស្រុក​កំណើត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ