រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥ កើតមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ស្រាល ៦៦នាក់ បើធៀបទៅនឹងរយៈពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិចតូចបំផុត ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានគួសបញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ គឺដោយសារការបើកបរលឿន លើសល្បឿនកំណត់, បើកបរមិនប្រចាំស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់, មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់ ។
សូមជម្រាបឡើងវិញថា កាលពីឆ្នាំ២០២៤ បុណ្យចូលឆ្នាំខ្មែរ ក្នុងរយៈពេល៤ថ្ងៃ កើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន៥០លើក បណ្ដាលឲ្យមនុស្សស្លាប់៣៩ និងរបួសធ្ងន់ស្រាល៩៦នាក់ ៕




ចែករំលែកព័តមាននេះ