ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ នៅគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញចំនួន ២កន្លែងនៅក្នុងខេត្តសៀមរាប តាមរយៈកម្មវិធីវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី ។

គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅ ក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប(RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់ ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ នេះបើគិតចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៦ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាទរចំពោះការកើនឡើងនៃតួលេខអ្នកចុះឈ្មោះ និងនៅតែបន្តអំពាវនាវដល់យុវជន ប្រជាពលរដ្ឋ និងអតីតពលករដែលវិលត្រឡ់មកពីប្រទេសថៃ ដែលមិនទាន់មានជំនាញ សូមចុះឈ្មោះ ដើម្បីទទួលបានការបណ្ដុះបណ្ដាលជំនាញ ដោយឥតគិតថ្លៃ អាចបង្កើនចំណូល ដើម្បីចាកចេញពីភាពក្រីក្រ ។

គួរំលឹកថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធី TVET 1.5M ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ សរុប ១៦៤,៦៧៧នាក់។ ក្នុងនោះមានអ្នកមានបណ្ណសមធម៍ ៧០,៧៨០នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញនៅទូទាំងប្រទេសកម្ពុជា ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ