ខេត្តកំពង់ស្ពឺ ៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករដែលគិតសម្រាប់ថ្ងៃទី១ នៃសង្ក្រាន្តមានភ្ញៀវសរុបប្រមាណជា៣៥ម៉ឺននាក់ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បាននិយាយឱ្យដឹងថា នៅថ្ងៃទី១ នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្រាន្ត បានប្រមាណ៣៥០.០០០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ១.០០០នាក់ផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានលើកឡើងថា ក្រោមការរៀបចំយ៉ាងសម្បូរបែបនូវទស្សនីយភាពប្លែកៗរបស់ខេត្តកំពង់ស្ពឺ បានទាក់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើនលើសលប់ខុសពីបណ្តាឆ្នាំកន្លងទៅ ។
ទន្ទឹមការរៀបចំខាងលើនេះដែរ នៅតាមបណ្តារមណីយដ្ឋាននានា សន្ទុះភ្ញៀវក៏មានកើនឡើងយ៉ាងច្រើន ពិសេសរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ ។

ជាមួយនឹងកំណើនភ្ញៀវទេសចរ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ មន្ទីរជំនាញក៏បានធ្វើការណែនាំទៅប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ទាំងអស់ឱ្យបង្កើនគុណភាពម្ហូបអាហារ អនាម័យ សេវាបម្រើ និងមិនឱ្យមានការឡើងថ្លៃនោះទេ ពិសេស គឺផ្ទះសំណាក់ និងសណ្ឋាគារតែម្តង ៕






ចែករំលែកព័តមាននេះ