រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតស្បែកជ្រូក មួយកន្លែងនៅមាត់ប្រឡាយ បឹងសាឡាង ក្នុងក្រុមទី១៥ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង និងរាលដាលទៅលំនៅឋាន នៅជាប់នោះអស់ចំនួន៣ល្វែងទៀត ។

ហេតុការណ៍អគ្គិភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ នៅក្នុងហេតុការណ៍នេះ ដែរបណ្តាលអោយមន្ត្រីពន្លត់អគ្គិភ័យចំនួន៣នាក់ (របួសស្រាល០២នាក់ និងរបួសធ្ងន់ម្នាក់) ម្នាក់ថប់ដង្ហើមដួលសន្ល.ប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ។

តាមព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃចូលឆ្នាំ ថ្ងៃទី២នេះ គេឃើញភ្លើងបានឆាប់ឆេះចេញពីឃ្លាំងសិប្បកម្មផលិតស្បែកជ្រូក ដែលស្ថិតនៅស្របមាត់ប្រឡាយបឹងសាឡាងខាងលិច យ៉ាងសន្ធោសន្ធៅ ហើយផ្សែងមួលខ្មាញ់ទៅលើឱកាស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយនាំគ្នាជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ក្នុងនោះរថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២៦ឡាន ស្មើរនឹង៥០៦ម៉ែត្រគូប ,រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង៣៦ម្រ៉ែតគូប ,រថយន្តអគ្គិភ័យOCICចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង១២ម្រ៉ែតគូប ,រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង២០ម៉ែត្រគូប ,រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន០២ឡាន ស្មើនឹង១២ម៉ែត្រគូប ,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់អស់ចំនួន០២ឡាន ស្មើនឹង១២ម៉ែត្រគូប ហើយភ្លើងបានរលត់នៅម៉ោង២រសៀល នាថ្ងៃខែ ឆ្នាំដដែល។

តាមនគរបាលបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នេះ បណ្ដាឲ្យឃ្លាំងសិប្បកម្មផលិតស្បែកជ្រូកធ្វើពីដែកប្រក់ស័ង្កសីទំហំ ៣៤ម៉ែត្រគុណ ២០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះយីវ លី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ: ម្ចាស់អាជីវកម្ម រួមទាំងសម្ភារៈបានរងការខូចខាតទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះល្វែង៣ល្វែងទៀតនៅជាប់នោះ ។
ក្នុងនោះ ផ្ទះល្វែង៤ជាន់ រងខូចខាតអស់៤០% ផ្ទះល្វែងជាន់ផ្ទាល់ដីស្តុកកង្ហារចំនួន០១ល្វែង រងការខូចខាតអស់៥០% និងឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន ០១លែ្វងរងខូចខាតអស់១០% ។

តាមរបាយការណ៍នគរបាលបានអោយដឹងទៀតថា អគ្គិភ័យនេះ មូលហេតុបណ្តាលមកឆ្លងចរន្តអគ្គិសនី ហើយបណ្តាលអោយមនុស្សរងរបួសចំនួន០៣នាក់ (របួសស្រាល ០២នាក់ និងរបួសធ្ងន់ ០១នាក់) ជាក្រុមជំនួយស្ម័គ្រចិត្ត ។ ក្នុងនោះម្នាក់ធ្ងន់ ដួលសន្ល.ប់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុះមៈ ។
គួរបញ្ជាក់ថា នៅក្នុងឪកាសបុណ្យចូលឆ្នាំនេះ នៅរាធានីភ្នំពេញមានអគ្គិភ័យកើតឡើង២ថ្ងៃជាប់ដែលកាលពីវេលារំលងអធ្រាត្រត្រូវថ្ងៃទី១៤ ខែមេសា ផ្ទះចំនួន១៦ខ្នង ត្រូវបានបំផ្លាញនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ៕







ចែករំលែកព័តមាននេះ